ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​នឹង​មិន​បាន​ចូលរួម​ប្រជុំ​​អាស៊ាន ព្រោះមិន​​បញ្ឈប់​ហិង្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​


រូប​ឯកសារ៖ កៅអី​មីយ៉ាន់ម៉ា​ត្រូវ​បាន​ទុកឱ្យ​នៅ​ទំនេរ​ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​​លើក​ទី​៥៥ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។
រូប​ឯកសារ៖ កៅអី​មីយ៉ាន់ម៉ា​ត្រូវ​បាន​ទុកឱ្យ​នៅ​ទំនេរ​ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​​លើក​ទី​៥៥ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។

កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ានប្តូរវេន​ឆ្នាំ​ ២០២២​នេះ សម្រេច​មិន​អញ្ជើញ​ប្រទេស​មីយ៉ាន់​ម៉ា ឬ​ភូមា​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​គ្រោង​ធ្វើ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ក្រោម​ហេតុ​ផលថា ​ប្រទេស​ដែល​ដឹក​នាំ​ដោយ​ពួក​យោធា​នេះ នៅ​តែ​មិន​ធ្វើ​ឱ្យ​មាន​ភាព​ចម្រើន​ទៅ​មុខ​នៃ​ការអនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ចំណុច។

ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅកាត់​ថា​ (អាស៊ាន)​ ចំនួន​១០ បាន​យល់​ព្រម​គ្នា​លើ​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ចំណុច កាល​ពី​ខែ​មេសា ឆ្នាំ​២០២១ ដើម្បី​ស្វែង​រក​សន្តិភាព​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ​មាន​សញ្ញា​តិចតួច​ដែល​របប​ដឹក​នាំ​ដោយ​យោធា​អនុវត្ត​តាម​កិច្ច​ព្រៀង​ជា​ឯកច្ឆន្ទ ​៥​ចំណុច ដែល​ក្នុង​នោះ​ រួម​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​ និង​ការ​ធ្វើ​ឲ្យ​មាន​កិច្ច​សន្ទនា​រវាង​យោធា និង​ចលនា​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ។ នេះ​ជា​កិច្ចខិតខំ​ស្វែង​រក​ដំណោះ​ស្រាយ​របស់​អាស៊ាននៅ​ក្នុង​វិបត្តិ​មីយ៉ាន់ម៉ា ដែល​មេដឹកនាំ​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល​ស៊ីវិល ចាប់​តាំង​ពីខែ​កុម្ភៈ ឆ្នាំ​២០២១។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិកា​រអន្តរជាតិ​កម្ពុជា​លោក ជុំ សុន្ទរី ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ចូលរួម​របស់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​របស់​អាស៊ាន​មាន​ទំនាក់​ទំនង​នឹង​ភាព​ប្រសើរ​ឡើងនៅ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ចំណុច។

លោក​បន្ថែម​ថា៖​ «ហេតុ​ដូច្នេះ​ កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​បាន​ផ្ញើ​សំណើ​មួយ​ជូន​ទៅ​ក្រុមប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា ដើម្បី​ចាត់​តំណាង​មិនមែន​ជា​អ្នក​នយោ​បាយដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេងទៀតដែល​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់។ ហើយ​ជាថ្មី​ម្តង​ទៀត​ ក្រុម​ប្រឹក្សា​រដ្ឋ​[មីយ៉ាន់ម៉ា] មិន​ព្រម​បញ្ជូន​នរណា​ម្នាក់​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នេះ​ទេ​»។

បើតាម​លោក​ ជុំ​ សុន្ទរី​ កម្ពុជាបាន​ផ្ញើលិខិត​អញ្ជើញ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​លើកលែង​តែ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​កម្ពុជា​សុំ​ឱ្យ​បញ្ជូន​តំណាង​មិនមែន​អ្នកនយោបាយ​ ហើយក៏បាន​អញ្ជើញ​ដៃគូសន្ទនាទាំង​១០​របស់​អាស៊ាន​ ក៏ដូច​ជា​អង្គការ​អន្តរជាតិ​ និង​ក្នុង​តំបន់។ នៅ​ពេល​នេះ​ កម្ពុជា​កំពុង​រង់​ចាំការ​ឆ្លើយតប​បញ្ជាក់​ពី​ការ​ចូលរួម​ជំនួប​កំពូល​នៅ​ខែ​វិច្ឆិកា។

យ៉ាងណាក៏ដោយ​ ទាក់​ទិនបញ្ហា​ប្រទេស​មីយ៉ាន់ម៉ា​ អ្នកតាម​ដាន​នយោបាយកម្ពុជា មើល​ឃើញ​ហេតុ​ផល​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ ដែល​នាំ​ឱ្យ​កម្ពុជា​មិន​អាច​អញ្ជើញ​មីយ៉ាន់​ម៉ា​បាន​នោះ​ គឺ​សម្ពាធ​ផ្ទៃក្នុង​របស់​អាស៊ាន​ខ្លួនឯង​ បន្ទាប់​ពី​គំនិត​ផ្តួចផ្តើម​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​នេះ​ទទួល​បាន​ការ​រិះ​គន់​ពីប្រទេស​ជា​សមាជិក​អាស៊ាន​ដូចគ្នា។

អ្នកវិភាគ​នយោបាយ​លោក​ សេង សារី ថ្លែង​ថា​ កម្ពុជា​បាន​ផ្តួចផ្តើម​គំនិត​ថ្មី​មួយ​ចំនួន​ដែរ ដើម្បី​សាកល្បង​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ភូមា​ ដោយ​ប្រធាន​អាស៊ាន​ប្តូរ​វេន គឺ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទៅ​ប្រទេស​ភូមា កាល​ពី​ដើម​ខែ​មករា។ ប៉ុន្តែ​លោក​ថា​ដំណើរ​ទស្សន​កិច្ច​របស់​លោក ហ៊ុន សែន កាល​នោះ រង​ការ​រិះ​គន់​ខ្លាំង ជា​ពិសេស​ពី​បណ្តា​សមាជិក​អាស៊ាន​ ពី​អ្នក​កាទូត​អាស៊ាន និង​បណ្តា​អង្គ​ការ​អន្តរ​ជាតិ​ផ្សេង​ៗ។

លោក​បន្ត​ថា៖ «​ដូច​ខ្ញុំ​បាន​លើក​កន្លង​មក​ដែរ​ថា​ កម្ពុជា​មិន​ផ្តួច​ផ្តើម​នូវ​គំនិត​ថ្មី​ណា​មួយ​ទៀត​ទេ​ គឺ​កម្ពុជា​បណ្តោយ​ទៅ​តាម​អ្វីដែល​អាស៊ាន​ចង់​បាន​ សមាគម​អាស៊ាន​ចង់​បាន។ ហើយ​ប្រាកដ​ណាស់​ថា​បើ​សិន​ជា​គ្មាន​សំឡេង​ភូមា​ទេ អាស៊ាន​ដំណើរ​ការ​ទៅយឺត​ ហើយ​និង​មិន​អាច​ធ្វើ​អី​បាន លើស​ពី​ហ្នឹង​ទេ។ អ៊ីចឹង​ ហើយ​អ្វីដែល​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​កំណត់​ថាអាស៊ាន​ជា​ខ្លា​ក្រដាស​ហ្នឹង​ គឺ​មិន​ខុស​ទេ»។

លោក​បន្ថែម​ថា៖ «ប្រទេស​សមាជិក​ហ្នឹង​ នៅ​តែ​ជា​ប្រទេស​ដែល​គិត​គូពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ គិត​គូ​អំពី​ផល​ប្រយោជន៍​ជាតិ​ខ្លួនឯង​ហ្នឹង​ច្រើន​ជាង​ប្រយោជន៍​តំបន់​។ អញ្ចឹង​ រឿង​ផល​ប្រយោជន៍​ខ្លួន​ហ្នឹង​គឺ​ជា​កត្តា​អាទិភាព​របស់​ប្រទេស​នីមួយៗ​ ហើយ​ វប្បធម៌​មិន​សូវ​ជា​ចេះ​ជួយ​គ្នា​ទៅវិញ​ទៅមក​ហ្នឹង​ក៏​បន្ត​អីចឹង​ បន្តទៅទៀត​ទៅ»។

ស្ថានទូត​មីយ៉ាន់​ម៉ា​នៅកម្ពុជា​មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ដែលបាន​ផ្ញើ​តាម​សារ​អ៊ីមែល​គិតត្រឹម​រសៀល​ថ្ងៃ​សុក្រ​នេះ។

នៅ​ក្នុង​ដំណើរ​ទៅ​ជួបមេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់​ម៉ា​ លោក​ Min​ Aung Hlaing កាល​ពី​ដើមខែ​មករា​ ឆ្នាំ​២០២២​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ទទួល​រង​ការ​រិះគន់​ថា​លោក​ព្យាយាម​ធ្វើ​ឱ្យ​មីយ៉ាន់​ម៉ា​មាន​សិទ្ធិ​ស្រប​ច្បាប់បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​ការណ៍នេះ​នឹង​ធ្វើ​ឱ្យ​សុខមាលភាព​ប្រជាជន​ភូមា​និង​ស្ថិរភាព​ក្នុង​តំបន់​រង​ការ​គំរាមកំហែង។ នេះ​បើ​តាម​សារ​ព័ត៌មាន​អនឡាញ​ Myanmar Now។

ដោយ​ឡែក​ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២២​នេះ​ កម្ពុជា​បាន​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ហើយ​ក្រោយ​ការ​ប្រជុំ​នោះ​ ក្រុម​រដ្ឋមន្ត្រី​ក្នុង​ប្លុក​អាស៊ាន​បាន​ធ្វើ​ការ​ថ្កោល​ទោស​ដ៏កម្រ​ចំពោះ​សកម្ម​ភាព​របស់​ពួក​យោធា​មីយ៉ាន់​ម៉ា ដែល​ក្នុង​នោះ​មាន​ការ​ប្រហារ​ជីវិត​សកម្មជន​មួយ​ចំនួន​ផង​ដែរ។

ក្រុម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា៖​ «ពួក​គេ​ខក​ចិត្ត​យ៉ាង​ខ្លាំង​នឹង​ការ​វិវឌ្ឍន​ទៅ​មុខ​ដ៏មាន​កម្រិត​ និង​កង្វះ​ឆន្ទៈ​ របស់​អាជ្ញាធរ​រដ្ឋធានី Naypyidaw​ ដើម្បី​បំពេញ​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង ជា​ឯកច្ឆន្ទ​៥​ចំណុច​ទាន់​ពេល​វេលា»៕

XS
SM
MD
LG