លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន នៅថ្ងៃពុធនេះបានអះអាងថាប្រសិនបើមានការប្រហារជីវិតសកម្មជនបក្សប្រឆាំងនៅមីយ៉ាន់ម៉ាបន្តទៀត នោះនឹងមានការគិតឡើងវិញអំពីចំណុចឯកភាពទាំង៥ ដែលមេដឹកនាំអាស៊ានបានសម្រេចកាលពីឆ្នាំមុន។
ការលើកឡើងនេះធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ។
នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលអវត្តមានរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក ហ៊ុន សែន បានថ្លែងថាការប្រហារជីវិតសកម្មជន៤រូបកាលពីកន្លងទៅធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។
លោកថ្លែងថា៖ «ក្នុងករណីមានអ្នកទោសដទៃទៀតដែលនឹងត្រូវកាត់ទោសប្រហារជីវិត យើងនឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទីរបស់យើងចំពោះការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន»។
លោក ហ៊ុន សែន បន្តថាកម្ពុជាដែលមានប្រេសិតលើបញ្ហាមីយ៉ាន់ម៉ា ជារដ្ឋមន្រ្តីការបរទេសកម្ពុជា បានខិតខំប្រឹងប្រែង ដើម្បីជួយប្រជាជន និងប្រទេសមីយ៉ាន់ម៉ា បើទោះជាមានការរិះគន់ក៏ដោយ។ លោកបន្ថែមថាកិច្ចប្រឹងប្រែងកន្លងមក មានការវិវឌ្ឍខ្លះដែរ ជាពិសេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌។
លោក ហ៊ុន សែន បន្ថែមថា៖ «នាពេលនេះដែរ ខ្ញុំសូមអនុញ្ញាតបន្ថែមថាទោះបីជាការអនុវត្តកុងសង់ស៊ីស៥ចំណុច ពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បាន ប៉ុន្តែការខិតខំរបស់យើងកន្លងមក បានសម្រេចភាពជឿនលឿនខ្លះដែរ ជាពិសេសលើការងារផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការបំផុត។ ប៉ុន្តែសភាពការណ៍នៅពេលនេះប្រែប្រួលខ្លាំង ដែលអាចនិយាយបានថាកាន់តែអាក្រក់ជាងមុនមានការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារជីវិតទៅលើសកម្មជនបក្សប្រឆាំង៤រូប»។
បើតាមលោក ហ៊ុន សែន អាស៊ាននឹងបន្តការងារជួយមីយ៉ាន់ម៉ាទៀត ដោយមិនឲ្យប៉ះពាល់ដល់ឯកភាពអាស៊ាន តាមរូបភាពណាមួយឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅទីក្រុងភ្នំពេញ តាមសារអ៊ីមែល បាននៅឡើយទេ។
កាលពីកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឱ្យពិចារណាឡើងវិញ ចំពោះការសម្រេចកាត់ទោសប្រហារជីវិតក្រុមប្រឆាំង ដែលលោកថាវានឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាលពេញសហគមន៍អន្តរជាតិ និងប៉ះពាល់ចំណុចឯកភាពទាំង៥ កាលពីកន្លងទៅ។
ដោយសារមិនមានការវិវឌ្ឍនៃចំណុចឯកច្ឆន្ទទាំង៥ ទៅលើបញ្ហាមីយ៉ាន់ម៉ា មេដឹកនាំអាស៊ានទាំង៩ទៀត មិនអាចអញ្ជើញរដ្ឋមន្រ្តីការបរទេសរបស់របបសឹកមីយ៉ាន់ម៉ា ចូលរួមប្រជុំដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះបានទេ។ អាស៊ានអនុញ្ញាតឲ្យតែមន្រ្តីមិនមែននយោបាយចូលរួមតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា មីយ៉ាន់ម៉ាក៏សម្រេចមិនបញ្ជូនមន្រ្តីមិនមែននយោបាយមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៥នេះទេដែរ។
លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយក្នុងប្រទេសកម្ពុជា ប្រាប់វីអូអេនៅថ្ងៃពុធនេះថាដោយសារមិនមានការវិវិឌ្ឍនៃចំណុចឯកភាពទាំង៥ ដូច្នេះអាស៊ានអាចចាត់វិធានការបន្តទៀតទៅលើការព្យួរមិនឲ្យមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំទាំងអស់ដែលធ្វើឡើងក្នុងក្របខណ្ឌអាស៊ាន។
លោកថ្លែងថា៖ «អ៊ីចឹងបើសិនជាអត់ទេ ក្របខណ្ឌអាស៊ានអាចsuspend ឬក៏ព្យួរនូវក្របខណ្ឌការចូលរួមប្រជុំរបស់ភូមាទាំងអស់បាន។ អាហ្នឹងអាស៊ានអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ ទី១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី២ធ្វើ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕