ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅពេល​វិបត្តិ​បោះឆ្នោត​នៅ​ជាប់គាំង​ គណបក្ស​ប្រឆាំង​ចង់​ប្រមូល​ផ្តុំ​គ្នា


លោក​សម​ រង្ស៊ី​ មេដឹកនាំ​គណបក្ស​​សង្គ្រោះជាតិ​​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ។​​​
លោក​សម​ រង្ស៊ី​ មេដឹកនាំ​គណបក្ស​​សង្គ្រោះជាតិ​​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ។​​​
ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​នៅ​ជាប់​ក្នុង​ស្ថាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ​ ដោយ​គណ​បក្ស​កាន់អំណាច​ និង​គណបក្ស​ប្រឆាំង​ប្រកាស​រឿងៗ​ខ្លួន​ថា ​ខ្លួន​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨​ខែ​កក្កដា។ ​

លោក​សម​ រង្ស៊ី​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោតគឺ​ជា​ដំណោះស្រាយ​តែមួយ​គត់​ដែល​អាច​ទទួល​យក​បាន​សម្រាប់​ដំណើរ​ជាប់គាំង​នយោបាយ​ដែល​កំពុង​កើត​មាន​នេះ។

លោក​សម រង្ស៊ី​បាន​ប្រាប់​វីអូអេ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ ក្រុម​ការងារ​ដែល​បង្កើត​ឡើង​ដោយ​សមាជិក​សភា​មកពី​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ដែល​ពិភាក្សា​គ្នា​ដើម្បី​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​នោះ​ ទំនង​ជា​មិនមាន​ការ​ព្រមព្រៀង​គ្នា​ទេ។​ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​ដំណើរការ​ចរចា​នោះ​បង្ហាញ​ថា​ មាន​ប្រយោជន៍។​

លោក​សម រង្ស៊ី​និយាយថា៖​ «នេះ​ជា​ផ្នែក​មួយ​នៃ​ពិធីសារ។​ វា​ពិត​ជា​បង្ហាញ​ថា ​យើង​បាន​ព្យាយាម ​ជា​បន្ត​បន្ទាប់​នៅ​តាមកម្រិត​ផ្សេងៗ​គ្នា។​ នៅ​ទីបញ្ចប់​ មេដឹក​នាំ​កំពូល​ត្រូវតែ​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់។​ វាជា​ដំណើរការ​មាន​ប្រយោជន៍​ក្នុង​ការ​រៀបចំ​សម្រាប់​ធ្វើ​កិច្ច​ចរចា​ថ្នាក់​កំពូល»។​

ទាំង​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​អះអាង​ថា ​ខ្លួន​បាន​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត។​ គណបក្ស​ប្រឆាំង​និយាយ​ថា ​ការ​លួច​បន្លំ​ក្នុង​ការ​បោះឆ្នោត​ទូទាំង​ប្រទេស​នាំ​ឲ្យ​ប្រែក្រឡះ​លទ្ធផល​នៃ​ការ​បោះឆ្នោត។​

លោក​សម​ រង្ស៊ី​បាន​សង្កត់ធ្ងន់​ថា ​គណបក្ស​ប្រឆាំង​នឹង​មិន​សម្រប​សម្រួល​ការ​ទាមទារ​របស់​ខ្លួន​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​មាន​តម្លាភាព​នោះ​ទេ ​ហើយ​លោក​បន្តថា​ ការណ៍​ពិត​ទាំងស្រុងត្រូវតែ​លាត​ត្រដាង។ ​បើការ​លាត​ត្រដាង​នេះ​បង្ហាញ​ថា ​គណបក្ស​កាន់​អំណាច​ជា​អ្នក​ឈ្នះ​មែន​ នោះ​លោក​សន្យា​ថា ​គណបក្ស​ប្រឆាំង​នឹង​ទទួល​ស្គាល់​លទ្ធផល​នេះ។

លោក​និយាយ​ថា៖​ «យើង​សន្យា​ជាមុន។​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ គណបក្ស​ប្រជាជន​កម្ពុជា​ក៏ត្រូវតែ​ធ្វើការ​តាំង​ចិត្តដូច​គ្នា​ដែរ។​ បើ​ក្រោយ​ពី​ពិនិត្យ​ជាមួយ​នឹង​សាក្ស៊ី ​ក្រោយពី​ពិនិត្យ​តួលេខ​ឃើញ​ថា​ ខុស ហើយ​បង្ហាញ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ​គេ​ត្រូវតែ​ទទួល​ស្គាល់​លទ្ធផល​នេះ​ ទុក​ជា​លទ្ធផល​ពិត​ប្រាកដ ​និង​ជា​លទ្ធផល​ចុង​ក្រោយ»។​

កាលពីសប្តាហ៍​មុន​គ.ជ.ប. ​ដែល​ជា​អង្គការ​រៀបចំ​ការ​បោះឆ្នោត​ បាន​និយាយ​ថា​ លទ្ធផល​បឋម​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ ទទួល​បាន​អាសនៈ​ភាគច្រើន​នៃ​សភា​ជាតិ​ដែល​មាន​១២៣​អាសនៈ។​

ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ គ.ជ.ប.​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ពាក្យ​បណ្តឹង​ហើយ​ ហើយ​បាន​បដិសេធ​បណ្តឹង​របស់​គណបក្ស​ប្រឆាំង។​ គណបក្ស​ប្រឆាំង​និយាយ​ថា ​ការ​បដិសេធ​នេះ​មិនមែន​ជា​រឿង​គួរឲ្យ​ភ្ញាក់​ផ្អើល​ទេ​ ព្រោះ​ថា ​គ.ជ.ប.​មាន​ចំណង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​កាន់​អំណាច។​

ឥឡូវ​នេះ​ ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រឆាំង​បាន​ទៅ​ដល់​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​ហើយ ​ដែល​ជា​អង្គការ​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា។​ ភាគ​ច្រើន​នៃ​សមាជិក​ក្រុម​ប្រឹក្សា​នេះ​មកពី​គណបក្ស​កាន់​អំណាច។​

លោក​សម រង្ស៊ី​មាន​សង្ឃឹមតិ​ចតួច​ប៉ុណ្ណោះ​ថា ​ក្រុមប្រឹក្សា​នេះ​នឹង​អាច​ដោះស្រាយ​ពាក្យ​បណ្តឹង​ដូច​ដែល​គណបក្ស​ប្រឆាំង​ចង់​បាន​នោះ។​

គណបក្ស​ប្រឆាំង​បាន​កៀប​សង្កត់ឲ្យ​បង្កើត​ក្រុម​ឯករាជ្យ​ដើម្បី​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត។ ​

លោក​សម រង្ស៊ី​ក៏បាន​លើក​ឡើង​ដែរ​ថា ​ការ​ប្រមូល​ផ្តុំ​គ្នា​ដ៏ធំ​ ដោយ​សន្តិវិធី​ ដែលគ្រោង​ធ្វើនៅ​ថ្ងៃ​ច័ន្ទ​នេះ​ មិនមែន​ដើម្បី​តវ៉ា​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ​ ប៉ុន្តែ​ធ្វើ​ឡើង​ដើម្បី ពន្យល់​អ្នក​គាំទ្រ​អំពី​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ ​ហើយ​ដើម្បី​ស្តាប់​មតិ​អ្នក​គាំទ្រថា​ តើ​គេចង់​ឲ្យ​គណបក្ស​ចាត់​វិធាន​ការ​យ៉ាងណា។​

​លោក​សម រង្ស៊ី​និយាយថា ​ មុន​ការ​ប្រមូល​ផ្តុំគ្នា​នោះ​លោក​នឹង​លោក​កឹម ​សុខា ​អនុប្រធាន​របស់​លោក​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

លោក​និយាយថា៖​ «គោល​បំណង​របស់​យើង​គឺ​រក្សា​ទំនាក់​ទំនង​ជាមួយ​អ្នក​បោះឆ្នោត​ ព្រោះ​ថា ​យើង​ទទួល​ខុស​ត្រូវ​ចំពោះ​ម្ចាស់ឆ្នោត។​ ម្ចាស់​ឆ្នោត​បាន​បោះឆ្នោត​ចំនួន​ច្រើន​ឲ្យ​យើង​ ​គឺ​ច្រើន​មិន​ធ្លាប់​មាន​ទេ​សម្រាប់​យើង។ គេ​ចង់​ដឹង​ថា ​តើ​សន្លឹក​ឆ្នោត​របស់​យើង​ លោក​គិត​យ៉ាង​ម៉េច?​ តើ​លោក​នឹង​លក់​សន្លឹក​ឆ្នោត​របស់យើង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឬ?​ ឬ​ថា ​តើលោក​នឹង​ការពារ​គំនិត​របស់​ម្ចាស់​ឆ្នោត​ឬ​ទេ?»​

ក្នុងពេល​ជាមួយ​គ្នានេះ​ដែរ ​អ្នក​នៅ​ភ្នំពេញ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា​ អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​ពួក​គេ​ចុះ​ហត្ថលេខា​ក្នុង​លិខិត​ដែល​និយាយ​ថា ​ខ្លួន​ទទួល​ស្គាល់​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​ ហើយ​សន្យា​ថា ​ខ្លួន​នឹង​មិន​ចូល​រួម​ក្នុង​ការ​តវ៉ាទេ។​

មន្ត្រី​រដ្ឋាភិបាល​បាន​ប្រាប់​សារ​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ថា​ មនុស្ស​ច្រើន​ពាន់​នាក់​បាន​ចុះ​ហត្ថ​លេខា​លើ​ញត្តិនេះ ​ហើយ​បាន​អះអាង​ថា​ ពួក​គេ​ចុះ​ហត្ថលេខា​ដោយ​ស្ម័គ្រចិត្ត។​

ក្រុម​សិទ្ធិ​មនុស្សនិង​ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​បាន​ថ្កោល​ទោស​ថា ​សកម្ម​ភាព​របស់​អាជ្ញាធរ​នេះ​គឺ​ជា​ការ​បំភិត​បំភ័យ​ ហើយ​ថា​ ការ​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ចុះ​ហត្ថលេខា​នេះ​មិន​មែនជាការ​បោះឆ្នោត​សេរី​ និង​យុត្តិធម៌ទេ។​

ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​រដ្ឋាភិបាល​បាន​បញ្ជូន​កម្លាំង​ទាហាន​ និង​រថពាស​ដែក​មក​កាន់​រាជ​ធានី​ភ្នំពេញ​ដោយ​អះអាង​ថា​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ក្នុង​ករណី​មាន​អំពើហិង្សា​ក្រោយ​ការ​បោះឆ្នោត៕​ ប្រែ​សម្រួល​ដោយ​លោក​ពិន ស៊ីសុវណ្ណ​

អត្ថបទ​ទាក់ទង

XS
SM
MD
LG