ភ្នំពេញ —
មេដឹកនាំគណបក្សប្រឆាំងនៃកម្ពុជាបានត្រឡប់ទៅមាតុប្រទេសវិញនៅពេលដែលគណបក្សរបស់លោកប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតកាលពីខែមុន។
លោកសម រង្ស៊ីបានទៅដល់រាជធានីភ្នំពេញកាលពីថ្ងៃសុក្រក្រោយពីបានធ្វើទស្សនកិច្ចរយៈពេលខ្លីនៅសហរដ្ឋអាមេរិក។ លោកមានប្រសាសន៍ថា បាតុកម្មតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតគឺជាជម្រើសចុងក្រោយ។
មនុស្សរាប់រយនាក់បានចេញមកកាលពីថ្ងៃសុក្រដើម្បីស្វាគមន៍លោកសម រង្ស៊ីខណៈដែលលោកបានត្រឡប់ទៅមាតុប្រទេសវិញនិងខណៈដែលប្រជាពលរដ្ឋនៃប្រទេសនេះកំពុងមានការភ័យខ្លាចថា ភាពតានតឹងក្រោយការបោះឆ្នោតអាចនឹងនាំឲ្យមានអំពើហិង្សា។
ទាំងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាទទូចថា ខ្លួនជាអ្នកឈ្នះឆ្នោតដោយទទួលបានអាសនៈភាគច្រើនក្នុងការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្តកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះ ដែលមានសរុប១២៣កៅអី។
ប៉ុន្មានថ្ងៃថ្មីៗនេះ គណបក្សកាន់អំណាចបានពង្រាយកងទ័ព និងរថពាសដែកនៅរាជធានី ហាក់ដូចជាដើម្បីរក្សាសណ្ដាប់ធ្នាប់ពេលគណបក្សប្រឆាំងធ្វើបាតុកម្មតវ៉ា។
ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលមានការមិនចុះសម្រុងគ្នាក្នុងការចរចារវាងភាគីទាំងពីរលើសមាសភាពនៃគណៈកម្មការស៊ើបអង្កេតឯករាជ្យដើម្បីត្រួតពិនិត្យលើការចោទប្រកាន់ភាពមិនប្រក្រតីនៃការបោះឆ្នោតដែលមានច្រើនសន្ធឹកសន្ធាប់។
នៅខាងក្រៅចំណតយន្តហោះ នៅក្នុងចំណោមហ្វូងអ្នកយកព័ត៌មាន និងអ្នកគាំទ្រគណបក្សប្រឆាំង លោកសម រង្ស៊ី ដែលជាមេដឹកនាំគណបក្សសង្គ្រោះជាតិឬCNRP បានទទូចថា ត្រូវតែមានការស៊ើបអង្កេតឥតលម្អៀងមួយ។
លោកសមរង្ស៊ីនិយាយថា៖ «ពិភពលោកទាំងមូលដឹងថា គណបក្ស CNRP ឈ្នះឆ្នោត ហើយពិភពលោកទាំងមូលនឹងជួយ CNRP លាតត្រដាងការណ៍ពិត។ គឺការណ៍ពិតដែលCNRP ឈ្នះឆ្នោត»។
លទ្ធផលបឋមពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនឹងទទួលបាន៦៨អាសនៈ ខណៈដែលគណបក្សរបស់លោកសម រង្ស៊ីទទួលបាន៥៥អាសនៈនៃសភាដែលមាន១២៣អាសនៈ។
គណបក្សប្រឆាំងបដិសេធតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយប្រកាសថា ខ្លួនឈ្នះឆ្នោតដោយទទួលបាន៦៣អាសនៈ។ គណបក្សនេះមិនបានផ្តល់ភស្តុតាងដែលថា ខ្លួនបានឈ្នះចំនួន៦៣អាសនៈនៅឡើយ។
ទោះបីជាដំបូងឡើយ គណបក្សកាន់អំណាចប្រកាសថា ខ្លួនគាំទ្រការស៊ើបអង្កេតឯករាជ្យចំពោះភាពមិនប្រក្រតីក្នុងបោះឆ្នោតនេះក្តី គណបក្សនេះ ចាប់តាំងពីពេលនោះមក បានធ្វើព្រងើយកន្តើយនឹងគំនិតនោះ ដែលនាំឲ្យមានការសង្ស័យ។
ក៏ប៉ុន្តែលោកសម រង្ស៊ីមានប្រសាសន៍ថា លោកមានជំនឿថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែននឹងយល់ព្រម។
លោកសម រង្ស៊ីបន្តថា៖ «ពិតណាស់ គាត់នឹងយល់ព្រម ពីព្រោះគ្មានអ្នកណាទទួលស្គាល់រដ្ឋាភិបាលណាដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយនោះទេ»។
សហរដ្ឋអាមេរិកបានអំពាវនាវឲ្យគណបក្សនយោបាយទាំងឡាយចរចាចំណុចខុសគ្នាដោយសន្តិវិធីជាជាងជ្រើសរើសយកការគម្រាមកំហែងឬការបះបោរស៊ីវិល។ កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថក្រោះនិងរថពាសដែករាប់សឹបត្រូវបានដឹកពីអឺរ៉ុបខាងកើតមកដល់រាជធានីភ្នំពេញ។
រដ្ឋមន្រ្តីការពារជាតិទៀ បាញ់បានប្រាប់កាសែតកាំបូឌាដេលីថា សាព្វាវុធទាំងនេះមិនមែនសម្រាប់ភ្ជូរស្រែទេ តែសម្រាប់ការពារប្រទេសពីអ្នកដែលព្យាយាមបំផ្លាញវា។
អ្នករិះគន់នាយករដ្ឋមន្ត្រីហ៊ុន សែននិយាយថា ការដំឡើងសាច់ដុំយោធានៅតាមផ្លូវគឺដើម្បីព្យាយាមទប់ស្កាត់មិនឲ្យប្រជាពលចូលរួមធ្វើបាតុកម្មតវ៉ា។
ការដំឡើងសាច់ដុំនេះហាក់ដូចជាមានប្រសិទ្ធិភាព។ ជនកម្ពុជាជាច្រើនមានការបារម្ភអំពីលទ្ធភាពនៃការកើតមានអំពើហិង្សានៅប៉ុន្មានថ្ងៃ ប៉ុន្មានសប្តាហ៍ខាងមុខ ហើយកម្មកររោងចក្រកាត់ដេររាប់ពាន់នាក់បានធ្វើដំណើរត្រឡប់ទៅភូមិរបស់គេវិញដើម្បីជៀសវាងបញ្ហា។ ការវិលត្រឡប់របស់កម្មករទៅស្រុកវិញនេះធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មនាំចេញធំជាងគេនៃប្រទេសនេះ។
លោកឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា ការពង្រាយទ័ពគឺជាសារសម្រាប់គណបក្សប្រឆាំង។ ហើយទោះបីជាមានការសង្ស័យបន្តិចបន្តួចក្តី វាក៏ហាក់ដូចជាសារសម្រាប់អ្នករិះគន់លោកនាយយករដ្ឋមន្រ្តីនៅក្នុងគណបក្សរបស់លោកផ្ទាល់ដែរ។
លោកឡៅ ម៉ុងហៃនិយាយថា៖ «វាយតម្លៃតាមរយៈសេចក្តីថ្លែងការណ៍មួយចំនួនរបស់អ្នកដឹកនាំផ្សេងៗនៃគណបក្សកាន់អំណាច បង្ហាញឲ្យឃើញថា សេចក្តីថ្លែងការណ៍របស់អ្នកទាំងនេះមិនស៊ីសង្វាក់គ្នាទេ។ ដូច្នេះវាច្បាស់ណាស់ថា នេះបញ្ជាក់អំពីការខ្វះភាពស៊ីសង្វាក់ក្នុងការដឹកនាំនៃគណបក្សនេះ»។
ពេលនេះ លោកសម រង្ស៊ីទទូចថា គណបក្សសង្គ្រោះជាតិមិនអាចត្រូវគេបំភិតបំភ័យបានទេ ហើយគណបក្សនេះរៀបចំខ្លួនជាស្រេចដើម្បីធ្វើបាតុកម្មអហិង្សាប្រសិនបើគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោតមិនត្រូវបានបង្កើតទេនោះ។
លោកសម រង្ស៊ីនិយាយថា៖ «យើងត្រូវតែរៀបចំខ្លួនរួចជាស្រេច»។
Carmichael អ្នកយកព័ត៌មានវីអូអេសួរថា៖ «ដូច្នេះសន្លឹកបៀរបាតុកម្មនៅតែលេង? [លោកនៅតែប្រើជម្រើសធ្វើបាតុកម្ម?]»
លោកសម រង្ស៊ីឆ្លើយថា៖«ជាជម្រើសចុងក្រោយ»។
លោកសម រង្ស៊ីមានប្រសាន៍ថា ប៉ុន្មានថ្ងៃខាងមុខនេះ លោកនឹងធ្វើដំណើរពាសពេញប្រទេសកម្ពុជាដើម្បីជួបអ្នកគាំទ្រគណបក្សរបស់លោក៕ ប្រែសម្រួលដោយលោកអ៊ឹម សុធារិទ្ធ