ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទាត់ចោល​បណ្តឹង​ពីរទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ


ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​នៃ​ប្រទេស​កម្ពុជា​​ក្នុងវិមាន​​រដ្ឋចម្ការ​មន។
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​នៃ​ប្រទេស​កម្ពុជា​​ក្នុងវិមាន​​រដ្ឋចម្ការ​មន។
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ នៅ​ថ្ងៃ​ពុធនេះ​ បាន​ទាត់​ចោល​ពាក្យ​បណ្តឹង​ពីរ​បន្ថែម​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​ប្តឹងអំពីភាព​មិន​ប្រក្រតី​ក្នុងការ​បោះឆ្នោត។ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ពាក្យ​បណ្តឹង​ចំនួន​ជាង​៣០​បណ្តឹង​ជូនក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បន្ទាប់​ពី​ការ​បរាជ័យ​ក្នុង​ការ​ទាមទារ​រក​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។​
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ទទួល​ពាក្យ​បណ្តឹង​សរុប​ទាំង​អស់​ចំនួន​៤១​បណ្តឹង​មក​ពី​គណបក្ស​ប្រឆាំង ​និង​គណបក្ស​ផ្សេងៗ​ទៀត។​

បណ្តឹង​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ទទួល​គឺ​ចែក​ចេញ​ជា​បួន​ប្រភេទ។​ប្រភេទ​ទី​មួយ ​នៅ​ពេល​ចុះឈ្មោះ​បោះឆ្នោត​មាន​ពីរ​បណ្តឹង​ ប្រភេទ​ទីពីរ​នៅ​ពេល​ឃោសនា​បោះឆ្នោត​មាន​ចំនួន១២​បណ្តឹង​ ប្រភេទ​ទី​បី​ នៅ​ពេល​បោះ​ឆ្នោត​មាន​១២​បណ្តឹង​ និង​ប្រភេទ​ទី​បួន​ នៅ​ពេល​ប្រកាស​លទ្ធផលបោះ​ឆ្នោត​មាន​១៥​បណ្តឹង។

លោក​ អ៊ុត ឈន​ អ្នកនាំ​ពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​ពាក្យ​បណ្តឹង​ទាំង​បួន​ប្រភេទ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ដោះ​ស្រាយ​ជិត​រួច​រាល់​ហើយ។​នៅ​សល់​តែ​បណ្តឹងមួយ​នៅ​ថ្ងៃបោះ​ឆ្នោតនិង​បណ្តឹង​ចំនួន​១៥​ទៀត​ដែល​បាន​ប្តឹង​នៅ​ពេល​ប្រកាស​លទ្ធផលបោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ។​

លោក​បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​បណ្តឹង​ទាំង​១២​ដែល​បាន​ប្តឹង​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ដោះ​ស្រាយ​ចំនួន​១១​ហើយ​នៅ​សល់​តែមួយ​បណ្តឹង​តែ​ប៉ុណ្ណោះ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍។​លោក​បាន​អះអាង​ថា​ ក្នុង​ចំណោម​បណ្តឹង​ទាំង​នោះ​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញមិន​អាច​ទទួល​យក​មក​ពិនិត្យ​ដោះស្រាយ​ទេ​ ដោយ​សារ​តែ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់។

លោក​អ៊ុត ​ឈន​បាន​លើក​យក​បណ្តឹង​មួយ​នៅ​ក្នុង​ខេត្ត​តាកែវ​ ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​។ លោក​លើក​ឡើងថា​ ​មាន​បុគ្គល​ម្នាក់​ដែល​អះអាង​ថា ​ប្រធាន​ការិយាល័យ​បាន​បោះឆ្នោត​ជំនួស ​តែ​នៅ​ពេល​សួរ​ដេញ​ដោល​ក្នុង​សវនាការ​ ជន​នោះបាន​ឆ្លើយ​ថា ខ្លួន​បាន​បោះឆ្នោត​ដោយ​ខ្លួនឯង​ រួច​ហើយ​គ្មាន​អ្នកណា​បោះ​ជំនួស​ឡើយ។

ការ​សម្រេចរបស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បង្ក​ឲ្យ​មាន​ការ​រិះ​គន់​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​ និង​អ្នក​អង្កេត​ការណ៍​ និងអ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោតដែល​ថា​ មាន​ភាព​លម្អៀង​ និង​មិន​ឯករាជ្យ។​

លោក​គួយ​ ប៊ុនរឿន​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​បោះ​ឆ្នោត​ បាន​បញ្ជាក់​ថា ​ការ​បំពេញ​សមត្ថ​កិច្ចស៊ើប​អង្កេត​ ស្រាវ​ជ្រាវ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​មាន​លក្ខណៈឯក​រាជ្យ​ទេ​ ដោយ​សារ​ខ្វះ​មនុស្ស ​ក៏ដូច​ជា​ពេល​វេលា​ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ។

លោក​បាន​និយាយ​ថា៖​ «ហាក់​បី​ដូច​ជា​ខ្វះ​សុឆន្ទៈក្នុង​ការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ ហាក់​បី​ដូច​ជា​ការ​ដោះ​ស្រាយ​ការ​បោះ​ឆ្នោត​កន្លងៗ​មក​ហ្នឹង ​វា​នៅ​តែ​រក្សា​ដដែល​អញ្ចឹង។ ​ឲ្យ​តែ​គ.ជ.ប.​បាន​សម្រេចរបៀប​ម៉េច​គឺ​សេច​ក្តី​សម្រេចនៅ​ចុង​ក្រោយ​នៃ​តុលាការ​បោះ​ឆ្នោត​ហ្នឹង​គឺ​នៅ​តែ​រក្សា​ដដែល ​ដូច​អ្វី​ដែល​NEC​បាន​សម្រេចដែរ»។​

កញ្ញា​គង់ រ៉ាវីន​ អ្នក​សម្រប​សម្រួលអង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ Comfrel​ បាន​បញ្ជាក់​ថា ​សវនាការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​បើក​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចូល​ស្តាប់​ការ​ពិភាក្សា​ដេញ​ដោល​ទេ​គឺ​បាន​ធ្វើ​ឡើង​ក្នុង​លក្ខណៈបិទ​ទ្វារ។​
កញ្ញា​បាន​ចោទ​ប្រកាន់​ថា ​ការ​បើក​សវនាការ​បែប​នេះ​វា​អាច​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។​

កញ្ញា​និយាយ​ថា៖​«បោះឆ្នោត​ឆ្នាំនេះ​ឃើញ​ថា​ ទាំង​គ.ជ.ប.​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អត់​បាន​បើក​ឲ្យ​សារ​ធារណ​ជន​ចូល​មើល​ទេ។​ ជា​ពិសេស​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដូច​ជា​អង្គការ​សង្កេត​ការណ៍ការ​បោះ​ឆ្នោត​ អត់​អាច​ចូល​មើល​ទាក់​ទង​នឹង​ការ​បើក​សវនាការ​របស់​គាត់​ទេ។​ អញ្ចឹង​ខាង​យើង​គិត​ថា​ដូច​ជា​អត់​មាន​តម្លាភាព​អ្វី​ក្នុង​ការ​កាត់​ក្តី​ហ្នឹង​ទេ»។​

កញ្ញា​បាន​បញ្ជាក់​ទៀត​ថា ​ដើម្បី​ឲ្យ​បាត់​នូវ​មន្ទិល​សង្ស័យ ​គួរ​តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ធ្វើ​សវនាការ​នេះ​ជា​សារធារណៈ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG