ចលនាជាតិមួយបានលេចឡើង ក្រោយមានការបាញ់ប្រហារនៅក្នុងវិទ្យាល័យមួយក្នុងទីក្រុង Parkland រដ្ឋ Florida កាលពីខែកុម្ភៈ ដែលមនុស្ស១៧នាក់ត្រូវបានអតីតសិស្សម្នាក់បាញ់សម្លាប់ដោយប្រើប្រាស់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ AR-15។
សម្រាប់គម្រប់ខួប១ខែនៃព្រឹត្តិការណ៍នេះ សិស្សានុសិស្ស គ្រូបង្រៀននិងអ្នកដទៃទៀតមកពីទូទាំងប្រទេសនឹងចូលរួមក្នុងការធ្វើបាតុកម្មដោយដើរចេញពីថ្នាក់រៀន១៧នាទី ដើម្បីគោរពវិញ្ញាណខ័ន្ធជនរងគ្រោះនិងទាញចំណាប់អារម្មណ៍ពីបញ្ហាអំពើហិង្សាដោយកាំភ្លើងនៅក្នុងសាលារៀន។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អភិបាលក្រុងញូវយ៉កលោក Bill de Blasio បានជួបជាមួយនឹងសិស្សានុសិស្សដើម្បីពិភាក្សាពីប្រធានបទនោះ។
ពួកគេមួយចំនួនបានសង្កត់បញ្ជាក់ថា សកម្មជនសិស្សគឺជាវិធីមួយដើម្បីនាំយកនូវសំឡេងថ្មីៗ ដែលពួកគេថាមិនស្ថិតការគ្រប់គ្រងរបស់សមាគមកាំភ្លើងជាតិ។
យុវតី Arielle Geismar សិស្សវិទ្យាល័យ ញូវយ៉កបានថ្លែងថា៖
«អ្នកដឹងទេ នៅពេលដែលខ្ញុំបើកទូរទស្សន៍ហើយខ្ញុំឃើញការបាញ់សម្លាប់យ៉ាងរង្គាលដែលខ្ញុំដឹងថា វាអាចទប់ស្កាត់បាននោះ ខ្ញុំមានអារម្មណ៍ថា វាគឺជាការងាររបស់ខ្ញុំ ក្នុងនាមជាបុគ្គលម្នាក់ដែលអាចធ្វើសកម្មភាពអ្វីមួយនិងកាន់តួនាទីជាអ្នកដឹកនាំមួយរូប»។
ចំណែកអ្នកដទៃទៀតក៏បានបង្ហាញសញ្ញានៃការគាំទ្ររបស់ពួកគេដែរ ទៅលើសិទ្ធិកាន់កាំភ្លើងនិងវិសោធនកម្មលើកទី២ ដែលផ្តល់សិទ្ធិឲ្យកាន់កាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក។
យុវជន Daniel Flores សិស្សវិទ្យាល័យញូវយ៉កម្នាក់ផងដែរបានថ្លែងថា៖
«អ្នកមិនអាចដឹងថាខ្មាន់កាំភ្លើងនឹងមករកអ្នកនៅពេលណានោះទេ។ ហើយនៅពេលដែលខ្មាន់កាំភ្លើងនោះមក យើងត្រូវមាននរណាម្នាក់ត្រៀមលក្ខណៈឲ្យបានរួចរាល់ ដូចជាមន្ត្រីការពារសុវត្ថិភាពនៅសាលាដែលមានអាវុធ ហើយត្រៀមខ្លួនរួចរាល់ដើម្បីការពារសុវត្ថិភាព។ ប្រហែលជាគាត់អាចកម្ចាត់ឬប្រហែលជាថែមទាំងអាចសម្លាប់ខ្មាន់កាំភ្លើងដើម្បីការពារសុវត្ថិភាពដល់សិស្សដទៃទៀត»។
ក្បួនដង្ហែមួយនៅក្នុងរដ្ឋធានីវាស៊ីនតោនគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ហើយការធ្វើបាតុកម្មដោយដើរចេញពីថ្នាក់រៀនគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ដែលជាថ្ងៃគម្រប់ខួបនៃការបាញ់ប្រហារឆ្នាំ១៩៩៩ នៅក្នុងទីក្រុង Columbine រដ្ឋColorado។
សង្កាត់សាលារៀនមួយចំនួនបានប្រកាសថា ពួកគេនឹងមិនទទួលស្គាល់ការធ្វើបាតុកម្មដោយដើរចេញពីថ្នាក់រៀននោះទេ ហើយនឹងដាក់វិន័យអ្នកដែលចូលរួមទាំងនោះ។ អ្នកដទៃទៀតបានផ្តល់ការគាំទ្ររបស់ពួកគេ។ មហាវិទ្យាល័យមួយចំនួនបានធានាជាថ្មីម្តងទៀតថា ការចូលរួមធ្វើបាតុកម្មនោះនឹងមិនប៉ះពាល់ដល់ការដាក់ពាក្យចូលរៀនក្នុងមហាវិទ្យាល័យពួកគេនោះទេ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា