ប្រធានាធិបតីស.រ.អា. Donald Trump បានគាំទ្រគំនិតបំពាក់អាវុធឱ្យពួកគ្រូបង្រៀននៅក្នុងថ្នាក់រៀននៅក្នុងជំនួបមួយមានការជជែកគ្នាប្រកបដោយការរំភើបចិត្តជាមួយសិស្សរងគ្រោះនិងឪពុកម្តាយសិស្សនៃសាលារៀនពីការបាញ់កាំភ្លើងក្នុងនោះ។
លោក Trump បាននិយាយនៅក្នុងបន្ទប់អាហារនៃសេតវិមានថាការដាក់ពង្រាយអតីតទាហាននៅទូទាំងសាលារៀន «អាចដោះស្រាយបញ្ហាលោកអ្នកបានល្អណាស់ដែរ។ យើងនឹងពិនិត្យមើលការណ៍នេះដោយដិតដល់»។
ប្រធានាធិបតី Trump ក៏បានសួរដែរថា «តើអ្នកទាំងអស់គ្នាចូលចិត្តគំនិតនេះឬទេ»?
មនុស្សពីរបីនាក់បានលើកដៃថាចូលចិត្តគំនិតនេះ។ បន្ទាប់មក Trump បានសួរនរណាខ្លះជំទាស់នឹងគំនិតនេះហើយក៏មានមនុស្សច្រើនជាងមុនលើកដៃក្នុងចំណោមមនុស្សជិត៤០នាក់ដែលឋិតនៅក្នុងបន្ទប់នោះដែលភាគច្រើនជាសិស្ស សមាជិកគ្រួសារនិងគ្រូបង្រៀនដែលមានផលប៉ះពាល់ដោយផ្ទាល់ដោយសារការបាញ់ប្រហារក្នុងសាលារៀន។
បន្ទាប់មកនៅក្នុងការប្រជុំសាធារណៈមួយចាត់ចែងដោយបណ្តាញទូរទស្សន៍អាមេរិកាំង CNN នៅក្នុងរដ្ឋ Florida ដែលមានការចូលរួមពីសំណាក់ពួកអ្នកនៅរស់ពីការបាញ់កាំភ្លើងកាលពីសប្តាហ៍មុននៅក្នុងវិទ្យាល័យ Marjory Stoneman Douglas ក្នុងក្រុង Parkland ដែលនៅទីនោះអតីតសិស្សម្នាក់អាយុ១៩ឆ្នាំបានត្រូវចោទប្រកាន់ពីបទសម្លាប់មនុស្ស១៧នាក់។ លោក Marco Rubio សមាជិកព្រឹទ្ធសភាស.រ.អា.បានមានប្រសាសន៍ប្រាប់ការប្រជុំនេះថាលោកមិនគាំទ្រដល់ការបំពាក់អាវុធឱ្យពួកគ្រូបង្រៀនទេ៕