ប៉ូលិសនៅតំបន់ភាគខាងត្បូងរដ្ឋ Florida បាននិយាយថា ការបាញ់ប្រហារទ្រង់ទ្រាយធំកាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋ Florida គឺកើតឡើងនៅពេលដែលអតីតសិស្សម្នាក់បានបាញ់ប្រហារនៅខាងក្រៅវិទ្យាល័យមួយកន្លែង ហើយបន្ទាប់មកបានបន្តបាញ់ប្រហារនៅខាងក្នុងអាគារវិទ្យាល័យនេះ មុនពេលបន្លំខ្លួនជាមួយនឹងក្រុមសិស្សដែលរត់ចេញពីវិទ្យាល័យនេះ។
អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហាររូបនោះថាមានឈ្មោះ Nikolas Cruz។ គិតមកទល់នឹងយប់ថ្ងៃពុធម្សិលមិញនេះ អាជ្ញាធរបាននិយាយថា អ្នកបាញ់ប្រហាររូបនោះបានសម្លាប់មនុស្សយ៉ាងតិច ១៧ នាក់ និងធ្វើឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស។
អាជ្ញាធរមូលដ្ឋានគ្រោងនឹងផ្ដល់នូវព័ត៌មានទាន់ហេតុការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះអំពីការបាញ់ប្រហារទៅលើវិទ្យាល័យ Marjory Stoneman Douglas នៅក្នុងទីក្រុង Parkland ស្រុក Broward នេះ ដែលស្ថិតនៅចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រភាគខាងជើងទីក្រុង Miami។
អ្នកបាញ់ប្រហាររូបនេះត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន។
ប៉ូលិសស្រុក Broward រដ្ឋ Forida លោក Scott Israel បានប្រាប់អ្នកសារព័ត៌មាននានាថា អ្នកបាញ់ប្រហារបានប្រើកាំភ្លើងវែង AR-15 ដើម្បីធ្វើការបាញ់ប្រហារនេះ។
អ្នកស៊ើបអង្កេតបានមើលទៅលើសកម្មភាពតាមអ៊ីនធឺណិតរបស់អ្នកបាញ់ប្រហាររូបនេះ ដែលក្នុងនោះមានទាំងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ លោក Scott Israel បានបញ្ជាក់កាលពីយប់ថ្ងៃពុធម្សិលមិញថា លទ្ធផលនៃការស៊ើបអង្កេតនេះមានលក្ខណៈគួរឲ្យព្រួយបារម្ភ ប៉ុន្តែលោកមិនបានផ្ដល់នូវព័ត៌មានលំអិតនោះទេ៕