ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ស្នើ​ឲ្យ​ផ្តល់​អាវុធ​ដល់​គ្រូ​បង្រៀន​បន្ទាប់​ពី​ហេតុការណ៍​បាញ់ប្រហារ​នៅ​សាលារៀន​ក្នុង​រដ្ឋ Florida


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​សមាជិក​នៃ​សមាគម​អភិបាល​ជាតិ​ នៅ​ក្នុង​បន្ទប់ State Dining Room នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​សមាជិក​នៃ​សមាគម​អភិបាល​ជាតិ​ នៅ​ក្នុង​បន្ទប់ State Dining Room នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោកដូណាល់ ត្រាំ បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​ផ្តល់​អាវុធ​ដល់​គ្រូបង្រៀន​បន្ទាប់​ពី​ហេតុការណ៍​បាញ់​សម្លាប់​នៅក្នុង​វិទ្យាល័យ​ក្នុង​រដ្ឋ Florida។ លោក ត្រាំ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៅ​កាន់​ពួក​អភិរក្ស​និយម​នៅ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីតោន។ លោក​គឺ​ជា​ប្រធានាធិបតី​ចុង​ក្រោយ​គេ​បង្អស់នៃ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែលបាន​ត្រូវជំរុញ​ឲ្យ​ដោះ​ស្រាយ​លើ​ផល​ប៉ះពាល់​នៃ​ការ​បាញ់​សម្លាប់​នៅក្នុង​សាលារៀន​ និង​បាន​ប្រឈម​នឹង​សំណួរ​ថា​តើ​អាច​ធ្វើអ្វី​បាន​ដើម្បី​ទប់ស្កាត់​ហេតុការណ៍​ទាំង​នេះ។ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មុនៗ​បាន​ខកខាន​ធ្វើ​មិន​បាន​សម្រេច​ក្នុង​ការ​សម្របសម្រួល​គំនិត​ខុសគ្នា​អំពី​សិទ្ធិ​កាន់កាប់​កាំភ្លើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​សុក្រ​បាន​ទទួល​ការ​ស្វាគមន៍​ដ៏​កក់ក្តៅ​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ពួក​អ្នកអភិរក្ស​និយម​នៅ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីតោន​ និង​បាន​ស្វែង​រក​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​ចម្រូងចម្រាស​មួយ​ ដែល​ឲ្យ​ផ្តល់​អាវុធ​ដល់​គ្រូបង្រៀន​ដើម្បី​ការពារ​ហេតុការណ៍​បាញ់​ប្រហារ​នៅ​តាម​សាលារៀន​នៅ​ពេល​អានាគត។ លោក ដូណាល់ ត្រាំ ​បាន​ថ្លែង​ថា៖ «ខ្ញុំ​ចង់​បញ្ឈប់វា ហើយ​ខ្ញុំ​ដឹង​ថា​វា​ហាក់​ដូច​ជា​មាន​ភាព​ចម្រូងចម្រាស​បន្តិច​នៅ​ពេល​លើក​ឡើង​ពី​គំនិត​នេះ​ ប៉ុន្តែ​ចាប់​តាំង​ពី​ខ្ញុំ​ចាប់ផ្តើម​លើក​ឡើង​ពី​គំនិត​នេះ​២ថ្ងៃ​កន្លង​ទៅ​នេះ​មនុស្ស​ជាច្រើន​ដែល​បាន​ជំទាស់​នឹង​គំនិត​នេះ​ ឥឡូវ​នេះ​ចាប់ផ្តើម​យល់ស្រប​វិញ​ហើយ។ ពួកគេ​ស្រឡាញ់​សិស្ស​របស់​គេ​ និង​មិន​ចង់​ឲ្យ​សិស្ស​របស់​ពួកគេ​ត្រូវ​គេ​សម្លាប់​និង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​នោះ​ទេ»។

បន្ទាប់​ពី​ហេតុការណ៍​បាញ់​សម្លាប់​នៅ​វិទ្យាល័យ​ក្នុង​រដ្ឋ Florida មក​លោក ត្រាំ ប្រឈម​នឹង​សម្ពាធ​ជាច្រើន​ឲ្យ​ចាត់​វិធានការណ៍​ដោះស្រាយ​ ដូច​ទៅ​នឹង​អតីត​ប្រធានាធិបតី​មុនៗ​ដែល​ធ្លាប់​ប្រឈម​នឹង​សោកនាដកម្ម​កើតឡើង​ស្រដៀងគ្នា​នេះ​ ដែល​មាន​ដូចជា​លោក​អតីត​ប្រធានាធិបតី Bill Clinton៖ «នៅ​យប់​នេះ​ខ្ញុំ​គ្រាន់​តែ​អាច​ប្រកាស​ថា​ ការ​បួងសួង​របស់​ពលរដ្ឋ​អាមេរិក​ទៅ​ដល់​ជន​ងគ្រោះ​ទាំង​អស់»។

លោក​អតីត​ប្រធានាធិបតី Bill Clinton បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​បន្ទាប់​ពី​ហេតុការណ៍​បាញ់​ប្រហារ​កាល​ពី​ឆ្នាំ១៩៩៩ នៅ​ក្នុង​វិទ្យាល័យ Columbine ក្នុង​រដ្ឋ Colorado។​

លោក​អតីត​ប្រធានាធិបតី George W. Bush បាន​ថ្លែង​ចូលរួម​រំលែក​ទុក្ខ​ និង​បួងសួង​ដល់​ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​បាញ់​សម្លាប់​រង្គាល​នៅក្នុង​សកលវិទ្យាល័យ Virginia Tech កាល​ពី​ឆ្នាំ២០០៧។ លោក​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន ថ្លែង​យ៉ាង​ក្រៀមក្រំ​ទៅ​កាន់​ប្រជាពលរដ្ឋ​បន្ទាប់​ពី​ហេតុការណ៍​បាញ់​សម្លាប់​សិស្ស​សាលា​ជាច្រើន​នៅក្នុង​សាលា​បឋមសិក្សា​ក្នុង​ទីក្រុង Newtown រដ្ឋ Connecticut កាលពី​ឆ្នាំ​២០១២។ លោក​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​បាន ថ្លែង​ថា៖ «យើង​បាន​រងគ្រោះ​ដោយ​សារ​សោកនាដកម្ម​ជាច្រើន​ក្នុងរ​យៈពេល​ពីរបី​ឆ្នាំ​មក​នេះ។ អ្នក​ដែល​បាន​ស្លាប់​នៅ​ថ្ងៃ​នេះ​ភាគច្រើន​គឺ​ជា​កុមារ​ គឺ​ជា​កុមារ​តូចៗ​គួរ​ឲ្យ​ស្រឡាញ់​អាយុ​ពី៥ឆ្នាំ​ទៅ​១០ឆ្នាំ»។

កាល​ពី​សប្តាហ៍​មុន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំបាន​ស្តាប់​ពី​អារម្មណ៍​តក់ស្លុត ​របស់​សិស្ស​សាលា​និង​ឳពុកម្តាយ​របស់​សិស្ស ​រួម​ទាំង​សិស្ស​ឈ្មោះ Samuel Zeif ជា​អ្នក​ដែល​បាន​រួច​ផុត​ពី​ការស្លាប់​នៅក្នុង​ហេតុការណ៍​បាញ់​សម្លាប់​នៅ​ចំថ្ងៃទិវា​នៃ​ក្តី​ស្រឡាញ់​ ក្នុង​វិទ្យាល័យ​ក្នុង​ទីក្រុង Parkland រដ្ឋ Florida។ សិស្ស​ឈ្មោះ Samuel Zeif​ បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា៖ «ខ្ញុំ​បាន​បាត់បង់​មិត្តភក្តិ​ជិតស្និទ​របស់​ខ្ញុំ ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​ដូចជា​បង​ប្អូនប្រុស​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មក​ទីនេះ​ដើម្បី​បញ្ចេញ​សារ​របស់​ខ្ញុំ​ ពីព្រោះ​ខ្ញុំ​ដឹង​ថា​គាត់​មិន​អាច​ធ្វើ​បាន​ទេ»។

លោក Tim Malloy ដែល​ជា​អ្នកវិភាគ​ទៅ​លើ​ការ​ស្ទង់មតិ​នៅ​ឯសកល​វិទ្យាល័យ​ Quinnipiac បាន​និយាយ​ថា​ការ​ស្ទង់មតិ​ថ្មីៗ​នេះ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រឹតបន្តឹង​ការ​ប្រើប្រាស់​កាំភ្លើង។ លោក Malloy បាន​ថ្លែង​តាម​ប្រព័ន្ធ​ Skype ថា៖ «អ្នក​ដឹង​ទេ​ថា​ ប្រសិន​បើ​អ្នក​គិត​ថា​ពលរដ្ឋ​អាមេរិកាំង​មិន​ចាប់អារម្មណ៍​ ឬ​ក៍​មិន​រំជួល​ចិត្ត​លើ​ការ​បាញ់​សម្លាប់​ដូច​នេះ​នោះ​ អ្នក​គិត​នេះ​ខុស​ហើយ។ កាល​ពី​២ឆ្នាំ​មុន យើង​បាន​ឃើញ​មាន​កំណើន​២០ភាគរយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រឹតបន្តឹង​ការត្រួត​ពិនិត្យ​ការ​ប្រើប្រាស់​កាំភ្លើង»។

អ្នក​វិភាគ​នៅ​ឯសកលវិទ្យាល័យ​អាមេរិកាំង​លោកស្រី Capri Cafaro បាន​ថ្លែង​ថា​អ្នក​ដែល​គាំទ្រ​នៅក្នុង​ការ​ស្ទង់មតិ​ មិន​តែងតែ​ទៅ​បោះឆ្នោត​នោះ​ទេ។ លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «សមាជិក​សមាគមន៍​កាំភ្លើង​ជាតិ​ NRA​ គឺ​ជា​អ្នក​ដែល​ទៅ​បោះឆ្នោត​យ៉ាង​ប្រាកដ​ ដូច្នេះ​បើ​គ្រាន់​តែការ​ស្ទង់មតិ​សាធារណៈ​បង្ហាញ​ថា​ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ពិនិត្យ​ប្រវត្តិរូប​នោះ មិន​មែន​មាន​ន័យ​ថា​មនុស្ស​ទាំងនោះ​ទៅ​បោះឆ្នោត​នោះ​ទេ»។

លោក Malloy បាន​និយាយ​ថា​ សិស្ស​សាលា​បាន​ដើរ​ស្រែក​តវ៉ា​តាម​ផ្លូវ​ទាមទារ​ឲ្យ​មាន​ចំណាត់​ការ​បន្ទាប់​ពី​សោកនាដកម្ម​បាញ់​សម្លាប់​នៅក្នុង​រដ្ឋFlorida ហើយ​បញ្ហា​នេះ​នឹង​មាន​ផល​ប៉ះពាល់​នយោបាយ​យូរ​អង្វែង​មួយ។ លោក Malloy បាន​ថ្លែង​ថា៖ «ការ​ទាមទារ​របស់​ពួក​យុវវ័យ​ទាំងនេះ​បាន​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​នៅក្នុង​រយៈពេល៤​៥ថ្ងៃ​មក​នេះ​ និង​បាន​ក្លាយ​ជា​ចលនា​មួយ​ដ៏​ស្រួចស្រាល។

ដូច្នេះ​តាម​រយៈ​ស្ថានការណ៍​នេះ​ចលនា​ដែល​បាន​ចាប់ផ្តើម​មក​ ហើយ​ឥឡូវ​នេះ​បាន​កើន​ចំណាប់​អារម្មណ៍​ និង​កំពុង​មាន​សន្ទុះ​កើនឡើង​ ហើយ​យើង​នឹង​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​ដោយ​សារ​ចលនា​នេះ»។

ឱកាស​ទីមួយ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​គឺ​នៅ​ពេល​បោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG