ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​គាំពារ​សិទ្ធិ៖ ​ទណ្ឌកម្ម​ ការ​ហាមឃាត់​ការ​នាំ​ចូល​អាវុធ និង​ការ​កាត់​ក្តី​គឺ​ត្រូវ​ការ​សម្រាប់​ស៊ូដង់ខាងត្បូង​


មនុស្សម្នា​ឈរ​តម្រង់​ជួរ​ដើម្បី​ទទួលអាហារចែកចាយ​នៅ​ Unity State ប្រទេស​ស៊ូដង់​ខាងត្បូង។
មនុស្សម្នា​ឈរ​តម្រង់​ជួរ​ដើម្បី​ទទួលអាហារចែកចាយ​នៅ​ Unity State ប្រទេស​ស៊ូដង់​ខាងត្បូង។

ឧក្រិដ្ឋកម្ម​សង្រ្គាម​ រួម​មាន​ការ​សម្លាប់​ ការ​រំលោភ​ជា​ប្រព័ន្ធ​ និង​ការ​​បាត់​ខ្លួន​ដោយ​បង្ខំ​ នៅ​តែ​ជា​បញ្ហា​ដែល​កើត​ឡើងរៀង​​រាល់​ថ្ងៃ​ នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ ដូច​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​​​ខែ​នេះ​ពី​អង្គការ​សហ​ប្រជាជាតិ​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស។​ អង្គការ​គាំពារ​សិទ្ធិ​​មួយ​ចំនួន​ និយាយ​ថា​ ការ​ដាក់​ទណ្ឌកម្ម​ និង​ការ​ចាត់វិធានការ​ផ្សេងៗ​ អាច​មាន​ឥទ្ធិពល​វិជ្ជមាន​នៅ​កន្លែង​ដែល​កិច្ច​ព្រម​ព្រៀង​សន្តិភាព​បាន​បរាជ័យ។

ស្ថានការណ៍​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​កាន់​តែ​ចុះ​ដុនដាប​យ៉ាង​ឆាប់រហ័ស បន្ទាប់​ពី​កើត​មាន​ការ​ប្រយុទ្ធគ្នាកាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ដែល​យោង​តាម​អង្គការ​សហ​ប្រជាជាតិ​ ឲ្យ​ដឹង​ថា​ការ​ប្រយុទ្ធ​នោះ​បណ្តាល​ឲ្យ​កើត​ «អំពើ​ហិង្សា​ជា​ប្រព័ន្ធ​ និង​ធ្ងន់​ធ្ងរ​ប្រឆាំង​នឹង​ជន​ស៊ីវិល»។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ បាន​រក​ឃើញ​ថា ​កងកម្លាំង​រដ្ឋាភិបាល​បាន​សម្លាប់​បុរស​និង​ក្មេង​ប្រុស​៦០​នាក់​ដោយ​ធ្វើ​ឲ្យ​ថប់​ដង្ហើម​ស្លាប់​ នៅ​ក្នុង​រដ្ឋ​ Unity State កាល​ពី​ខែ​តុលា​ ឆ្នាំ​មុន ហើយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ភស្តុតាង​ពី​ «ការរំលោភ​បំពាន​ធ្ងន់​ធ្ងរ»​ នៅ​ក្នុង​តំបន់​ Equatoria ​ខាង​លិច។

លោក Ian Schwab គឺជា​នាយក​ផ្នែក​គាំពារ​សិទ្ធិ ​និង​យុទ្ធសាស្រ្ត​មាន​ឥទ្ធិពល​នៃ​អង្គការ​ Enough Project ដែល​ជា​អង្គការ​គាំពារ​សិទ្ធិ​សម្រាប់​ទ្វីបអាហ្វ្រិក​ មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន​។

«អ្វី​ដែល​យើង​មើល​ឃើញ​នោះ​ គឺ​ស្ថានភាព​មួយ​ដែល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​លួច​ប្លន់​ថវិការដ្ឋ​ និង​ធនធាន​ធម្មជាតិ​ ស្រប​ពេល​ជាមួយ​គ្នា​នឹង​ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ទាំង​នេះ​ គឺ​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​រន្ធត់​ទាំង​នេះ​ ដែលត្រូវ​បាន​រាយការណ៍»។

ហត្ថាលេខី​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅ​ខែ​សីហា​ ឆ្នាំ​២០១៥​ មិន​ទាន់​បាន​បង្កើត​រដ្ឋាភិបាល​រួបរួម​អន្តរកាលជាតិមួយ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ខែ​វិច្ឆិកា​ នៅ​ឡើយ​ទេ។​ លោក​ប្រធាធិបតី​ SalvaKiir និង​មេដឹកនាំ​ក្រុម​ប្រឆាំង​លោក ​Riek Machar នៅ​តែ​មិន​យល់​ស្រប​ក្នុងការ​ដក​ទ័ព​ចេញ​ពី​រដ្ឋធានី​Juba ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត។

អំពើ​ហិង្សា​នៅ​តែ​បន្ត​កើត​ឡើង​ ហើយ​ប្រទេស​ជាតិ​នេះ​ស្ថិត​នៅ​ក្នុង​វិបត្តិ​មនុស្ស​ធម៌​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​មាន​មនុស្ស​ជាង​ពីរ​លាន​នាក់​ត្រូវ​ផ្លាស់​ទីកន្លែង​ ហើយ​អង្គការ​សហ​ប្រជាជាតិ​ប្រកាស​អំពី​គ្រោះ​ទុរភិក្ស។

អង្គការ​ Enough Project កំពុង​ណែនាំ​ឲ្យ​ធ្វើ​ការកំណត់​ដាក់​ទណ្ឌកម្ម​។​

«យើង​គិត​ថា ​កន្លែង​ដ៏​ប្រសើរ​បំផុត​ដើម្បី​ចាប់​ផ្តើម​ គឺ​ត្រូវ​ជ្រើស​រើស​មន្រ្តី​កម្រិត​ខ្ពស់ៗ​ ដែល​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ​ និង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ដាក់​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​កំណត់ទាំង​នោះ​ ត្រូវ​បាន​ពង្រឹង​។​ យើង​មិន​និយាយ​អំពី​ការ​ដាក់​ទណ្ឌកម្ម​គ្រប់​វិស័យ​ដែល​ប៉ះ​ពាល់​ដល់​ប្រទេស​នោះ​ទេ។​ យើង​សំដៅ​លើ​រូប​បុគ្គល​ផ្ទាល់​ដែល​ចូល​រួម​ផ្សំ​គំនិត​ និង​ដឹកនាំ​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ​ ហើយ​ដែល​កំពុងតែ​លួច​ធនធាន​របស់​រដ្ឋ»។

អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​អាហ្រ្វិក​ នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លោក Jehanne Henry បាន​ណែនាំ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ដាក់​ចេញ​នូវ​ការ​ហាម​ឃាត់​ការ​នាំ​អាវុធ​ចេញ​ចូល​ប្រទេស​ស៊ូដង់​ខាង​ត្បូង។

«យើង​គិត​ថា​ការ​ ហាម​ឃាត់​មិន​ឲ្យ​នាំ​អាវុធ​ចេញ​ចូល​ គួរតែ​អនុវត្ត​ជា​យូរ​ហើយ។​ ជម្លោះ​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ហើយការ​ប្រយុទ្ធ​បាន​កើត​ឡើង​ធ្ងន់​ធ្ងរបំផុតនៅ​ក្នុង​សប្តាហ៍​ និង​ខែ​បន្ត​បន្ទាប់​មក​ទៀត។​ យើង​គិត​ ថា​ដីកា​ហាម​នាំ​អាវុធ​ចេញ​ចូល​ សក្តិសម​នៅ​ពេល​នោះ ដំបូង​ឡើយ​នៅ​ពេល​វា​ជា​ការ​ច្បាស់លាស់​មួយ​ថា នោះគឺ​ សង្រ្គាម​មួយ​ដែល​មិន​មែន​បង្ក​ឡើង​ដោយ​ក្នុង​ចំណោម​ពួក​ទាហាន​នោះ​ទេ​ ប៉ុន្តែ​ រវាង​ទាហាន​ប្រឆាំង​នឹង​ប្រជាជន​ស៊ីវិល»។

ប្រទេស​ស៊ូដង​ខាង​ត្បូង​ មាន​សេរីភាព​ក្នុង​ការ​បើក​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អាវុធ​រវាង​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ ដោយ​គ្មាន​ការ​ដាក់​កំហិត​ពី​អ្នក​លក់។​ ឧទាហរណ៍​ ដូចជា​ប្រទេស​អ៊ុយក្រែន​ បាន​លក់​កាំភ្លើង​យន្ត​ធុនស្រាល​និង​ធុន​ធ្ងន់​របស់​រដ្ឋាភិបាល​ ព្រម​ទាំងឧទ្ធម្ភាគចក្រ​វាយ​ប្រហារ។

បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា ​ប្រទេស​អង់គ្លេស​ និង​បារាំង​ គាំទ្រ​នូវ​ទស្សនៈ​នៃ​ការ​ហាម​ឃាត់​នេះ។​ សហ​រដ្ឋ​អាមេរិក​បាន​ជំទាស់ថា ​ការហាម​នាំ​អារុធ​ចេញ​ចូល​ នឹង​ធ្វើឲ្យ​កង​កម្លាំង​ឧទ្ទាម ទទួល​គុណ​ប្រយោជន៍​ ដោយប្រទេស​រុស្ស៊ី​ ចិន​ និង​អង់ហ្គោឡា​ក៏​បាន​ធ្វើការ​ជំទាស់ដួចគ្នា​នេះ​ដែរ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ក៏​បាន​អំពាវនាវ​ឲ្យ​សហភាព​អាហ្រ្វិកពន្លឿន​ផែនការ​តាមដាន ដើម្បី​បង្កើត​តុលាការ​កូន​កាត់​មួយ​សម្រាប់​ប្រទេស​ស៊ូដង់​ខាងត្បូង។​

«វា​ជា​ សារ​ប្រាប់​ថា​នឹង​អ្នក​នឹង​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​បណ្តាល​ឲ្យ​មាន ឬ​ការប្រព្រឹត្ត​ការ​រំលោភបំពាន​ទាំង​នេះ»។​

កិច្ច​ព្រម​ព្រៀង​សន្តិភាព​បាន​ផ្តល់​សេចក្តី​សង្ឃឹមក្នុង​រយៈពេល​ខ្លី​មួយ​ថា​ ការ​ប្រយុទ្ធ​និងការបំពាន​សិទ្ធិនឹង​ត្រូវ​បញ្ចប់។​ ប៉ុន្តែ​ ប្រាំពីរ​ខែ​ក្រោយ​មក​ ក្រុម​អ្នក​សង្កេត​ការណ៍​ជា​ច្រើន​ កំពុង​ចោទ​សួរ​អំពី​គុណ​តម្លៃ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។

ពួកគេ​និយាយ​ថា នេះ​ជាពេល​វេលា​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ចាត់​វិធានាការថ្មី​ដើម្បី​បញ្ចប់​ការ​ឈឺចាប់​វេទនា​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង៕

ប្រែសម្រួល​ដោយ៖​ សើ​ សាយ្យាណា

XS
SM
MD
LG