លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានឈាងចូលទៅកាន់ប្រទេសស៊ូដង់ខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញរដ្ឋាភិបាល និងក្រុមឧទ្ទាមឲ្យអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពដែលបានឯកភាពគ្នាកាលពីឆ្នាំមុន។
ដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានី Juba បានធ្វើឡើងបន្ទាប់ពីភាគីទាំង២បានត្រៀមខ្លួនក្នុងការបង្រួបបង្រួមរដ្ឋាភិបាល ដែលក្នុងនោះលោកប្រធានាធិបតី Salva Kiir នឹងនៅតែកាន់តំណែងដដែល ហើយប្រធានក្រុមឧទ្ទាមគឺលោក Riek Machar នឹងធ្វើជាអនុប្រធានាធិបតីទី១។
ប្រធានអង្គការសហប្រជាជាតិរូបនេះបានជួបជាមួយនឹងលោក Kiir នៅឯវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានី Juba ហើយបន្ទាប់មកពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Machar ដែលមានគម្រោងនឹងវិលត្រឡប់ទៅកាន់រដ្ឋធានីវិញ បន្ទាប់ពីកងយោធាជំនួយរបស់លោកត្រូវបានដាក់ពង្រាយនៅទីនោះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយពីកិច្ចប្រជុំនោះបានបញ្ចប់ លោក បាន គីមូន បានមានប្រសាសន៍ថា លោកបានប្រាប់ដល់ក្រុមមេដឹកនាំឲ្យយករឿងសន្តិភាពសំខាន់ជាងរឿងនយោបាយ ហើយត្រូវបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយជាបន្ទាន់ដោយមិនត្រូវពន្យារពេលតទៅទៀតនោះទេ។
កាលពីមុន លោក Barnaba Marial Benjamin រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ស៊ូដង់ខាងត្បូងបានថ្លែងថា លោក Kiir បានធានាដល់លោក បាន គីមូន អំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាព ដែលមានគោលបំណងបញ្ចប់សង្រ្គាមស៊ីវិលដែលមានរយៈពេល២៦ខែ និងបានសម្លាប់មនុស្សអស់រាប់ម៉ឺននាក់នេះ៕