មេដឹកនាំឧទ្ទាមប្រទេសស៊ូដង់ខាងត្បូង រីក ម៉ាកា (Riek Machar) បានបំពេញ ទស្សនកិច្ចក្នុងប្រទេសអេហ្ស៊ីបនៅថ្ងៃពុធនេះដោយបានជំរុញដល់មេដឹកនាំ អេហ្ស៊ីប អាប៊េល ហ្វាតា អេល ស៊ីសស៊ី (Abel Fattah El Sissi) ឲ្យគាំទ្រការ អនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីខែសីហាឆ្នាំទៅ ដើម្បីបញ្ចប់ជម្លោះស៊ូដង់ខាងត្បូង។
កាលពីសប្តាហ៍មុន ក្រុមមេដឹកនាំនានាដែលជួបប្រជុំក្នុងកិច្ចប្រជុំកំពូលអំពី សហភាពអាហ្វ្រិក នៅក្នុងរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី បានបង្ហាញ ពីការខកចិត្តចំពោះក្រុមឧទ្ទាមនិងរដ្ឋាភិបាលស៊ូដង់ខាងត្បូងដែលពុំបានធ្វើឲ្យ មានការរីកចម្រើនចំពោះកិច្ចព្រមព្រៀងនោះ ជាពិសេសការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិមួយ។
កិច្ចព្រមព្រៀងសន្តិភាពត្រូវជាប់គាំងដោយសារការច្រានចោលរបស់ក្រុមប្រឆាំង ចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតី Salva Kiir ដើម្បីបង្កើតរដ្ឋចំនួន ២៨។ លោកប្រធានាធិបតីថ្លែងថា គោលបំណងមួយនៃការបង្កើតរដ្ឋថ្មី គឺជាការបែងចែកអំណាចដល់មូលដ្ឋាន ដោយដាក់ឲ្យធនធានទាំងឡាយទៅកាន់តែ ជិតដល់ពលរដ្ឋនៅតាមជនបទ ខណៈដែលត្រូវកាត់បន្ថយទំហំរដ្ឋាភិបាលថ្នាក់ជាតិ។
តែក្រុមមេដឹកនាំឧទ្ទាមបាននិយាយថា ការបែងចែកប្រទេសស៊ូដង់ ដល់ទៅចំនួន២៨រដ្ឋនោះ នឹងនាំឲ្យមានការរំជើបរំជួលក្នុងសហគមន៍កាន់តែខ្លាំងដោយសាររដ្ឋនឹងយកដីពីក្រុមជនជាតិដើមភាគតិចហើយផ្តល់ដល់អ្នកដទៃវិញ៕