សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក នី ចរិយា ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាអតីត មន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទិ្ធមនុស្ស អាដហុក ដែលត្រូវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។
តាមដីការបស់ចៅក្រមស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៧នេះ ឲ្យដឹងថា បទចោទប្រកាន់ប្រឆាំងលោក នី ចរិយា គឺជា បទឧក្រិដ្ឋដែលអាចប្រឈមនឹង ដាក់ពន្ធនាគារលើសពីមួយឆ្នាំ ដែលមិនអនុញ្ញាតឱ្យមានការដោះលែងនៅក្រៅឃុំ។
ដីកាសម្រេចដដែលនោះបានសរសេរក្នុងន័យដើមថា៖
«យល់ឃើញថា ការស្នើសុំឲ្យនៅក្រៅឃុំបណ្តោះអាសន្ន របស់លោក សំ សុខគង់ ជាមេធាវីការពារសិទ្ធិឲ្យឈ្មោះ នី ចរិយា បានសុំឲ្យដោះលែងកូនក្តីនៅក្រៅឃុំបណ្តោះអាសន្នជាលើកទី៤ ក្នុងខណៈពេលដែលដំណើរការ នៃការស៊ើបសួរពុំទាន់ចប់សព្វគ្រប់នៅឡើយ ដើម្បីជាមធ្យោបាយ រារាំង កុំឲ្យមានការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងការគាបសង្កត់ទៅលើសាក្សី និងដើម្បីធានារក្សាទុកជនត្រូវចោទជូនតុលាការចាត់ការតាមនីតិវិធី ក្នុងការបំពេញកិច្ចរបស់ចៅក្រមស៊ើបសួរ គប្បីរក្សាការសម្រេចតាមដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន»។
លោកសំ សុគង់ មេធាវីការពារក្តីលោក នី ចរិយាបានច្រានចោលដីកាសម្រេចមិនព្រមដោះលែងនេះ។ លោកថ្លែងប្រាប់ VOA យ៉ាងដូច្នេះ៖
«មេធាវីការពារហ្នឹង មិនអាចទទួលយកបានទេ ដោយសារមកដល់ពេលបច្ចុប្បន្ននេះ គឺយើងឃើញថា ជនសង្ស័យ ឬក៏ជនត្រូវចោទហ្នឹង គឺត្រូវបានគេចាប់ ហើយឃុំខ្លួននៅក្នុងពន្ធនាគារ ផ្សេងៗគ្នាហើយទីមួយ។ ហើយទីពីរ យើងឃើញនីតិវិធី របស់តុលាការហ្នឹងគឺ នៅពេលដែលធ្វើការស៊ើបអង្កេតហ្នឹងក៏មិនមានការចោទប្រកាន់ ទៅលើជនសង្ស័យ ឬជនជាប់ចោទណាផ្សេងទៀតដែរ»។
លោក សំ សុគង់ បានឲ្យដឹងបន្ថែមថា លោកបានដាក់ពាក្យបណ្តឹងសារទុក្ខ ទៅសាលាឧទ្ធរណ៍នារសៀលថ្ងៃព្រហស្បតិ៍នេះ ប្រឆាំងដីកាសម្រេចមិនព្រមដោះលែងកូនក្តីឲ្យក្រៅឃុំ និងបន្តជំរុញឲ្យតុលាការបញ្ចប់ការស៊ើបសួរឲ្យបានឆាប់ ហើយបញ្ជូនសំណុំរឿងទៅជំនុំជម្រះ។ លោកពន្យល់ថាការ បន្តឃុំខ្លួនមន្ត្រីអាដហុកទាំងបួន និងលោក នី ចរិយា ក្នុងថេរវេលាមួយយូរនោះ នឹងប៉ះពាល់សិទ្ធិធ្ងន់ធ្ងរក្នុងការទទូលបានការជំនុំជម្រះឆាប់រហ័ស។
លោក នី ចរិយា ជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទបួននាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុរឿងសូកប៉ាន់សាក្សី។ ពួកគេទាំងបួនអ្នកនោះ គឺជាមន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក។ រឿងក្តីក្តាំរបស់ពួកគេ ផ្តើមចេញពីទំនាក់ទំនងស្នេហាលួចលាក់ដែលគេនៅសង្ស័យថា ជារបស់លោក កឹម សុខា ដែលពេលនេះជាមេបក្សប្រឆាំង និងនារីកាត់សក់ម្នាក់ឈ្មោះ នាង ខុម ចាន់តារាទី ហៅស្រីមុំ។
VOA មិនទាន់សុំសេចក្តីអធិប្បាយពីចៅក្រមស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ នៃសាលាដំបូងរាជធានីភ្នំពេញបានទេនាថ្ងៃព្រហស្បតិ៍នេះ។
មេធាវីសំ សុគង់ ក៏បានបញ្ជាក់ប្រាប់ VOA ថា មេធាវីមិនអាចទទួលយកបានការសំអាងហេតុរបស់តុលាការ នៅត្រង់ថាតាមនីតិវិធីនៃការស៊ើបសួរ គឺចៅក្រម ហើយនឹងសមត្ថកិច្ចបានធ្វើការសាកសួរ ជនដែលត្រូវចោទទាំងប្រាំនាក់រួចហើយ។ ហើយសាក្សីជាច្រើនក៏បានកោះហៅមកសួរអស់ដែរ ដូច្នេះពុំមានការបារម្ភដែលថា លោក នី ចរិយា ត្រូវរ៉ូវគ្នាជាមួយជនសង្ស័យផ្សេងៗទៀតនោះឡើយ។
យ៉ាងណាក្តី ដោយហេតុ រឿងក្តីលោក នី ចរិយា ជារឿងមានការពាក់ព័ន្ធនឹងនយោបាយ លោក សំ សុគង់ ក៏រំពឹងលើស្ថានភាពនយោបាយដែលលោកជឿថា អាចនាំដល់ការទទួលបានសេរីភាពសម្រាប់កូនក្តីលោក។
លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា៖
«ខ្ញុំសង្ឃឹមទាំងពីរ ទីមួយដោយសាររឿងនេះ វាចូលលក្ខណៈជារឿងនយោបាយ ហើយខ្ញុំសង្ឃឹមទាំងផ្លូវច្បាប់ ហើយនិងសង្ឃឹមទាំងផ្លូវនយោបាយ ហើយនៅក្នុងរឿងនេះ បើមិនមានពីរហ្នឹងដើរទន្ទឹមគ្នា គឺខ្ញុំគិតថា មិនអាចទៅរួចទេ គឺសង្ឃឹមលើនយោបាយផងដែរ»។
ការចាប់ឃុំខ្លួន លោក នី ចរិយា និងមន្ត្រីការពារសិទ្ធិមនុស្សបួននាក់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានស្ថិតក្នុងការស្រាវជ្រាវរបស់អង្គការលើកលែងទោសអន្តរជាតិ ដែលបានចេញផ្សាយរបាយការណ៍មួយមានចំណងជើងថា៖ «តុលាការអយុត្តិធម៌ ការបង្ក្រាបភាពសកម្មនិយមតាមរយៈប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា»។
ក្នុងសេចក្តីពណ៌នាអំពីការចាប់ឃុំអ្នកទាំងប្រាំនាក់នេះ របាយការណ៍ចាត់ទុកទាំងប្រាំថា បានក្លាយជាជនរងគ្រោះនៃការរំលោភបំពានលើវិសាលភាពធំធេងនៃសិទិ្ធទទួលបានការកាត់ទោសត្រឹមត្រូវ ក្នុងនោះមានសិទ្ធិសន្មត់ជាមុនពីដំណើរគ្មានទោសពៃរ៍ ភាពស្មើគ្នាចំពោះមុខតុលាការ និងការប្រឹក្សាខាងច្បាប់។
ការឃុំខ្លួនអ្នកទំាងប្រាំនេះ បានបង្កក្តីបារម្ភដល់សហគមន៍អន្តរជាតិនានា ដូចជាសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សជាដើម៕