រហូតមកដល់ពេលនេះ មានរយៈពេលមួយឆ្នាំហើយដែលមន្រ្តីការពារសិទ្ធិមនុស្សអាដហុកចំនួន៤រូប និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មួយរូប ត្រូវបានតុលាការឃុំខ្លួនពីបទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី។ កាលពីថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពួកគេបន្ត៦ខែទៀត ដើម្បីស៊ើបអង្កេត ខណៈដែលអ្នកឃ្លាំមើលសិទ្ធិមនុស្សរិះគន់ថា ការសម្រេចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ។
អ្នកការពារសិទ្ធិមនុស្សទាំង៥រូប ដែលកំពុងជាប់ឃុំ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី នៃសមាគមអាដហុក និងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាអតីតបុគ្គលិកនៃសមាគមអាដហុក។ អ្នកទាំង៥នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងស្នេហាលួចលាក់របស់លោក កឹម សុខា ដែលបច្ចុប្បន្នក្លាយជាប្រធានគណបក្សសង្គ្រោះជាតិ។
ការសម្រេចបន្តឃុំ៦ខែទៀតនេះបណ្តាលឲ្យរងការរិះគន់ពីអ្នកឃ្លាំមើលសិទ្ធិមនុស្ស ស្របពេលដែលអ្នកទាំង៥ ត្រូវបានជ្រើសរើសជាបេក្ខជនផ្ដាច់ព្រ័ត្រសម្រាប់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស Martin Ennals Award ប្រចាំឆ្នាំ២០១៧។
លោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ VOA ថា តុលាការសម្រេចបន្តឃុំខ្លួនមន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប ទាំង៥រូបដើម្បីបន្តនីតិវិធី។ ទោះជាយ៉ាងណាលោកមិនបានប្រាប់ពីមូលហេតុលម្អិតនៃការសម្រេចរបស់តុលាការនោះទេ។
រហូតមកដល់ពេលនេះ អ្នកទាំង៥ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារអស់រយៈពេល១ឆ្នាំគត់ គឺចាប់តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំមុន។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ការឃុំខ្លួនបណ្តោះអាសន្នក្នុងបទល្មើសឧក្រិដ្ឋ អាចមានត្រឹមរយៈពេល១៨ខែប៉ុណ្ណោះ។ នោះមានន័យថា នេះជាការសម្រេចឃុំខ្លួនបន្តលើកចុងក្រោយ បន្ទាប់ពីអ្នកទាំង៥ត្រូវបានឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល១ឆ្នាំរួចមកហើយ។
ខណៈត្រូវបានសមត្ថកិច្ចបណ្តើរចូលក្នុងឡានទ្រុងដើម្បីបញ្ជូនទៅពន្ធនាគារវិញ ក្រុមមន្រ្តីអាដហុកទាំងនោះនិយាយថា ការបន្តឃុំខ្លួនពួកគេដោយគ្មានការស៊ើបអង្កេត គឺជារឿងអយុត្តិធម៌។
ក្រុមមេធាវីការពារមន្រ្តីទាំង៥រូបលើកឡើងថា ចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានសម្រេចបន្តនីតិវិធីឃុំខ្លួនកូនក្តីរបស់ពួកគេរយៈពេល៦ខែទៀត ដោយលើកមូលហេតុថា ការស៊ើបសួរកំពុងបន្ត សាក្សីមួយចំនួនមិនទាន់បានចូលបំភ្លឺ និងមូលហេតុគ្រោងកោះហៅសាក្សីផ្សេងទៀតមកបំភ្លឺ។ ទោះជាយ៉ាងណា មេធាវីទាំងនោះលើកឡើងថា ពួកគេមិនបានឃើញឈ្មោះរបស់សាក្សីដែលតុលាការគ្រោងនឹងកោះហៅនោះទេ។
លោក ឡោ ជុនធី មេធាវីមួយរូបដែលការពារក្តីឲ្យមន្រ្តីអាដហុកទាំងនោះ ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីសាលសវនាការថា ការបន្តនីតិវិធីឃុំខ្លួនកូនក្តីរបស់លោក គឺជាការសម្រេចដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់កូនក្តីលោកធ្ងន់ធ្ងរ។
លោក ឡោ ជុនធី បញ្ជាក់ថា៖
«យើងអត់ចង់ឲ្យមានការពន្យារតទៅទៀត យើងបានស្នើសុំហើយ។ ហើយអ្វីដែលពន្យារតទៅទៀត គឺប៉ះពាល់ទៅដល់សិទ្ធិគាត់ធ្ងន់ធ្ងរ ទាំងការអ្វីដែលគាត់ឃុំខ្លួននៅទីនោះ មានការលំបាក គាត់ចាស់ៗហើយ»។
ថ្មីៗនេះ អ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ដែលកំពុងជាប់ឃុំ ត្រូវបានជ្រើសរើសជាបេក្ខជនផ្ដាច់ព្រ័ត្រសម្រាប់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស Martin Ennals Award ប្រចាំឆ្នាំ២០១៧។ ការផ្ដល់ពានរង្វាន់នេះ ត្រូវបានជ្រើសរើសដោយសហគមន៍សិទ្ធិមនុស្សអន្តរជាតិ និងផ្ដល់ជូនចំពោះអ្នកការពារសិទ្ធិមនុស្សដែលបានបង្ហាញការប្ដេជ្ញាចិត្តជ្រាលជ្រៅ និងមានភាពក្លាហាន ខណៈប្រឈមហានិភ័យផ្ទាល់ខ្លួន។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូប្រាប់ VOA ថា ការឃុំខ្លួនអ្នកទាំង៥អស់រយៈពេល១ឆ្នាំ និងសម្រេចបន្តឃុំខ្លួនបន្ថែមរយៈពេល៦ខែទៀតគឺជា ការរំលោភសិទ្ធិរបស់អ្នកទាំង៥ និងធ្វើឲ្យខាតបង់ថវិការបស់រដ្ឋាភិបាល។ លោកបន្ថែមថា តុលាការគួរពន្លឿននីតិវិធីជម្រះ ឬឲ្យពួកគេនៅក្រៅឃុំ ដើម្បីឲ្យពួកគេមានឱកាសបន្តការងារបម្រើដល់សង្គម។
លោកមានប្រសាសន៍ថា៖
«បើសិនជាគាត់នៅក្រៅឃុំបណ្តោះអាសន្នបាន គាត់នឹងអាចបំពេញការងារក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស គឺអាចជួយផ្នែកអភិវឌ្ឍន៍សិទ្ធិមនុស្សមួយផ្នែក សម្រាប់ជាដៃគូរបស់រដ្ឋាភិបាលផងដែរ។ ប៉ុន្តែយើងសោកស្តាយ ការឃុំខ្លួនបន្តរបស់ពួកគាត់នេះ វាធ្វើឲ្យខាតបង់ច្រើន ហើយនឹងមានការរិះគន់បន្តទៀតពីសហគមន៍ជាតិ និងសហគមន៍អន្តរជាតិ»។
កាលពីដើមខែមីនានេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៧៨ បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយសម្ដែងការមិនពេញចិត្តចំពោះការបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស និងបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការយាយីតាមផ្លូវតុលាការ និងការប្រើប្រាស់អំពើហិង្សានានាមកលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍នោះក៏បានលើកឡើងផងដែរថា ការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្សកម្ពុជា នាពេលចុងក្រោយនេះគឺហាក់ដូចជាយុទ្ធសាស្ត្ររបស់អាជ្ញាធរកម្ពុជាដែលបានគិតទុកយ៉ាងច្បាស់លាស់ក្នុងការដាក់ទណ្ឌកម្ម និងរារាំងការបញ្ចេញសំឡេងជំទាស់នានា ខណៈការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតជាតិដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខ។
តំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក៏ធ្លាប់បានហៅការចាប់ខ្លួន និងឃុំខ្លួនអ្នកទាំង៥នាក់ ថាធ្វើឡើង«តាមអំពើចិត្ត»ផងដែរ។
ចំណែក សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ធ្លាប់បានអំពាវនាវឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សទាំងអស់នោះផងដែរ។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការចោទប្រកាន់លើអ្នកទាំង៥ គឺត្រូវបានធ្វើឡើងស្របតាមច្បាប់កម្ពុជា ហើយថាចំណាត់ការរបស់តុលាការ គឺ «មិនមែនជាការកាត់សេចក្ដីតាមអំពើចិត្តនោះឡើយ»៕