គិតត្រឹមថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ វាមានរយៈពេលជិត១ឆ្នាំមកហើយដែលមន្ត្រីការពារសិទ្ធិមនុស្ស៤រូបនៃសមាគមអាដហុក និងអគ្គលេខាធិការរងម្នាក់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ពីបទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី។
មន្ត្រីទាំង៥រូប រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោកស្រី លឹម មុនី ជាមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក និងលោក នី ចរិយា អគ្គលេខាធិការរងនៃគ.ជ.ប) ។ អ្នកទាំង៥ ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់ និងសមគំនិត សូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង ជាមួយនារីកាត់សក់វ័យក្មេងម្នាក់ដែលត្រូវបានគេស្គាល់ថា ឈ្មោះនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
រហូតមកដល់ពេលនេះ គ្មានតម្រុយណាមួយបានបង្ហាញថា អ្នកទាំង៥នឹងត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពនៅពេលណានោះទេ។
ក្រុមគ្រួសាររបស់អ្នកទាំង៥ដែលធ្លាប់តែជួបជុំគ្នាធ្វើដំណើរកម្សាន្ត និងទៅវត្តក្នុងរៀងរាល់ពិធីបុណ្យចូលឆ្នាំកន្លងទៅ នៅពេលនេះបានបង្ហាញពីភាពក្រៀមក្រំ ដោយសារតែឪពុកម្តាយ និងស្វាមីកំពុងជាប់ឃុំក្នុងពន្ធនាគារ។
ពួកគេលើកឡើងថា ការបន្តឃុំខ្លួនមន្ត្រីទាំង៥រូបដើម្បីស៊ើបអង្កេតអស់រយៈពេលជិត១ឆ្នាំនេះ គឺជារឿងអយុត្តិធម៌ និងជាការដាក់ទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ និងក្រុមគ្រួសារ។
អ្នកស្រី ភាវ ម៉ី ភរិយារបស់លោក ណៃ វ៉ង់ដា រៀបរាប់ប្រាប់ VOA ថា កាលពីពេលចូលឆ្នាំកន្លងទៅក្រុមគ្រួសារអ្នកស្រីបានជួបជុំគ្នាធ្វើដំណើរកម្សាន្តតាមទីរមណីយដ្ឋាន និងវត្តអារាមផ្សេងៗ ប៉ុន្តែសម្រាប់ឆ្នាំនេះអ្នកស្រី និងកូន បែរជាត្រូវទៅសួរសុខទុក្ខស្វាមីនៅពន្ធនាគារព្រៃសទៅវិញ។
អ្នកស្រីលើកឡើងថា៖ «ឆ្នាំនេះគ្មានបានទៅណាទេ។ នៅមើលកូនមើលអី។ ហើយត្រូវទៅពន្ធនាគារទៀត ព្រោះពន្ធនាគារឆ្នាំនេះគេអត់បិទ គេអនុញ្ញាតឲ្យយើងចូល។ ដូច្នេះហើយគាត់សំណូមពរឲ្យខ្ញុំទៅ គាត់ចង់ជួបកូននៅក្នុងព្រៃសហ្នឹង យើងចាំត្រៀមខ្លួនតែទៅក្នុងព្រៃសហ្នឹង»។
អ្នកស្រីបន្ថែមថា អ្នកស្រីចង់ឲ្យតុលាការដោះលែងស្វាមីអ្នកស្រីឲ្យនៅក្រៅឃុំ ដើម្បីឲ្យក្រុមគ្រួសាររបស់អ្នកស្រីបានជួបជុំគ្នាដូចមុន។
អ្នកស្រីបញ្ជាក់ថា៖ «និយាយទៅជារឿងអយុត្តិធម៌ណាស់សម្រាប់ពួកគាត់។ វាអត់មានអីត្រូវជាប់គុករហូតដល់មួយឆ្នាំ។ មិនដឹងថាមានទោសអីពួកគាត់ហ្នឹង។ រហូតដល់ខ្ញុំជាប្រពន្ធរាល់ថ្ងៃហ្នឹងមិនដឹងថាគាត់មានទោសអីផង។ បើសិនជាគាត់មានទោសអី កាត់តាមហ្នឹងទៅ។ អានេះមិនព្រមកាត់ហើយយកគ្នាទៅឃុំចោលឡើងចង់មួយឆ្នាំហើយ»។
ចំណែកភរិយារបស់លោក នី ចរិយា ដែលកំពុងចិញ្ចឹមកូនប្រុសស្រី៣នាក់ក្នុងបន្ទុក គឺអ្នកស្រី យ៉ែម ចន្ថា ប្រាប់ថា ក្នុងពិធីចូលឆ្នាំថ្មីដែលធ្លាប់តែអ៊ូអរក្នុងគ្រួសារ ប្រែជាស្ងប់ស្ងាត់ដោយសារស្វាមីត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ។
អ្នកស្រីបន្តថា ក្ដីរំពឹងដែលនឹងត្រូវធ្វើដំណើរកម្សាន្តជុំគ្រួសារត្រូវបានបាត់បង់ ហើយជំនួសមកវិញនូវការនាំកូនទៅសួរសុខទុក្ខស្វាមីនៅឯពន្ធនាគារដើម្បីរំសាយភាពនឹករលឹក។
អ្នកស្រីរៀបរាប់ថា៖ «បុណ្យអីក៏បងទៅទីហ្នឹងដែរ។ មានតែមួយទិសដៅហ្នឹងតាំងពីគាត់ជាប់ទីហ្នឹងមក។ ចង់បុណ្យភ្ជុំក៏បងទៅគាត់ បុណ្យវិសាខបូជា មាឃបូជា ចូលឆ្នាំខ្មែរ ចូលឆ្នាំចិន បុណ្យអុំទូកអី ក៏បងទៅតែហ្នឹង។ បើមិនទៅមើលគាត់ គាត់ចេញមកមើលយើងយ៉ាងម៉េចបាន? អាណិតគាត់។ គាត់នៅក្នុងហ្នឹង។ ហើយចូលឆ្នាំគេបានដើរលេងសប្បាយ គេស្លៀកពាក់ស្អាតបាត គាត់មានមួយកំផ្លេហ្នឹង ហើយជាប់នៅក្នុងទ្រុងហ្នឹង»។
ក្រុមគ្រួសាររបស់អ្នកទាំង៥ បានដើរដាក់ញត្តិស្វែងរកអន្តរាគមន៍ពីស្ថាប័ននីតិប្រតិបត្តិ និងព្រះមហាក្សត្រស្នើសុំឲ្យជំរុញតុលាការពន្លឿននីតិវិធីសវនាការលើអ្នកទាំង៥ឲ្យឆាប់ចប់។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានការឆ្លើយតបណាមួយពីស្ថាប័នទាំងនោះនៅឡើយ។
រហូតមកដល់ពេលនេះ សំណុំរឿងរបស់អ្នកទាំង៥រូបមិនទាន់ត្រូវបានតុលាការលើកយកមកជំនុំជម្រះនៅឡើយ។ ទោះជាយ៉ាងណា ពួកគេបានស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នជាបន្តបន្ទាប់ ប៉ុន្តែបណ្ដឹងសុំនៅក្រៅឃុំទាំងនោះ ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ច្រានចោល។
កាលពីដើមខែមីនានេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៧៨ បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយសម្ដែងការមិនពេញចិត្តចំពោះការបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស និងបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការយាយីតាមផ្លូវតុលាការ និងការប្រើប្រាស់អំពើហិង្សានានាមកលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍នោះក៏បានលើកឡើងផងដែរថា ការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្សកម្ពុជា នាពេលចុងក្រោយនេះគឺហាក់ដូចជាយុទ្ធសាស្ត្ររបស់អាជ្ញាធរកម្ពុជាដែលបានគិតទុកយ៉ាងច្បាស់លាស់ក្នុងការដាក់ទណ្ឌកម្ម និងរារាំងការបញ្ចេញសំឡេងជំទាស់នានា ខណៈការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតជាតិដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខ។
តំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក៏ធ្លាប់បានហៅការចាប់ខ្លួននិងឃុំខ្លួនអ្នកទាំង៥នាក់ ថាធ្វើឡើង«តាមអំពើចិត្ត»ផងដែរ។
ចំណែក សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ធ្លាប់បានអំពាវនាវឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សទាំងអស់នោះផងដែរ។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការចោទប្រកាន់លើអ្នកទាំង៥ គឺត្រូវបានធ្វើឡើងស្របតាមច្បាប់កម្ពុជា ហើយថាចំណាត់ការរបស់តុលាការ គឺ «មិនមែនជាការកាត់សេចក្ដីតាមអំពើចិត្តនោះឡើយ»៕