ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រែប្រួលអាកាសធាតុ

រូបឯកសារ៖ កសិករដកសន្ទូង ក្នុងរដូវធ្វើកសិកម្ម នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០។
រូបឯកសារ៖ កសិករដកសន្ទូង ក្នុងរដូវធ្វើកសិកម្ម នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០។

ខណៈ​ជាប្រទេស​មួយ​ក្នុង​តំបន់​ដែល​ងាយ​នឹង​រងគ្រោះ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ កម្ពុជា​ កាលពី​ថ្ងៃពុធ ទទួល​បាន​ការ​បណ្តាក់​ទុន​ជា​ទឹកប្រាក់​ចំនួន ៤៣ លាន​ដុល្លារ ពី​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​នៃ​អង្គការ​សហប្រជាតិ (FAO) និងមូលនិធិ​អាកាសធាតុ​បៃតង (Green Climate Fund) ​ដើម្បី​ពង្រឹង​ភាព​ធន់​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដល់​កសិករ​។

គម្រោង «ភាព​ជា​ដៃ​គូ​សាធារណៈសង្គមឯកជនសម្រាប់​កសិកម្ម​បែប​អេកូឡូស៊ីនិងភាព​ធន់​ទៅ​នឹង​ជីវភាព​រស់​នៅតាម​តំបន់​ភាគ​ខាង​ជើង​បឹង​ទន្លេ​សាប» ហៅកាត់ថា (PEARL) ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ការដឹកនាំ​របស់​ក្រសួង​បរិស្ថាន​កម្ពុជា និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ​ស្បៀង​អាហារនិង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ (FAO) ដើម្បី​បង្កើន​សមត្ថភាព របស់​កសិករខ្នាត​តូច​នៃ​សហគមន៍មូលដ្ឋានប្រមាណ ៤សែន ៥ម៉ឺន​នាក់ នៅ​តំបន់​អាង​ទន្លេ​សាប​ខាង​ជើង ដែល​រង​គ្រោះពី​ការគំរាមកំហែង​នៃ​ការប្រែប្រួល​អាកាសធាតុ។

អាង​ទន្លេ​សាប​ខាង​ជើង ជា​តំបន់​កសិកម្ម​ដ៏​សំខាន់​មួយរបស់​ប្រទេស​កម្ពុជាដែលផ្តល់​ធនធាន​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ជាង ៣ លាន​នាក់។ ក៏​ប៉ុន្តែ​តំបន់​នេះ ​ងាយ​រង​គ្រោះ​បំផុត ដោយ​សារ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត ដែល​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ទទួល​រង​ការប្រែប្រួល​អាកាសធាតុ​ខ្លាំង។ នេះ​បើ​យោង​តាម​អង្គការ​ FAO។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានលើក​ឡើង​ថា ការអនុម័ត​គម្រោង PEARL នេះ ជា​ជំហាន​ដ៏​សំខាន់​មួយដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមនានារបស់​កសិករ​ខ្នាត​តូច​នៅ​ក្នុង​តំបន់។

លោក​ត្រូវបានដក​ស្រង់សម្តី​ក្នុង​ន័យ​ដើម​ថា៖ «គម្រោង​នេះ​ដើរ​ស្រប​តាម​គោលការណ៍​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារប្រជាពលរដ្ឋ​ភាគច្រើន​ដេល​ងាយ​រង​គ្រោះពី​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ធានា​បាន​នូវ​ភាព​ធន់​នឹង​អាកាសធាតុ និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៃ​វិស័យ​កសិកម្ម»។

ទន្ទឹម​នឹង​នេះ​ដែរ លោក​ ខៀវ បូរិន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថ្លែងថា គម្រោង PEARL នេះ​ នឹង​ជួយ​លើក​កម្ពស់​ប្រភព​ចំណូល ការអភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ បរិស្ថាន និង​ជីវៈ​ចម្រុះ​នៅ​កម្ពុជានៅ​តាម​សហគមន៍​មូលដ្ឋាន។

ដោយ​ឡែក​ អ្នកស្រី Rebekah Bell តំណាងអង្គការ​ FAO ប្រចាំនៅកម្ពុជា បាន​សង្កត់​ធ្ងន់អំពី​សារៈសំខាន់​នៃ​គម្រោង​ ដែល​ផ្តោត​ចម្បង​លើ​កសិករ​ខ្នាត​តូច​ ដែល​ភាគច្រើន​ជា​ស្ត្រី។

អ្នក​ស្រីត្រូវបាន​ដកស្រង់​សម្តីក្នុង​ន័យដើម​ថា៖ «គម្រោង​នេះ​ជួយ​កសិករ​ខ្នាត​តូច និង​ភាគី​វាយ​តម្លៃ​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​ ​ឱ្យ​ទទួល​បានឱកាស​ពង្រីក​ទីផ្សារ និង​ឧបករណ៍​ផ្សេង​ៗទៀត ដែល​នឹង​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​ពួកគេ ពីផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ស្រប​ពេល​ដែល​គម្រោង​នេះ​នឹង​កែលម្អ​ផលិតកម្ម​កសិកម្ម និង​ជីវភាព​រស់នៅ»។

គម្រោង PEARL ដែល​ជា​គម្រោង​ទី​ ២ ​ដែល​គាំទ្រ​ដោយមូលនិធិអាកាសធាតុ​បៃតង (GCF) ដល់​ប្រទេស​កម្ពុជា រួម​មាន​ជំនួយ​ឥត​សំណង​ជាទឹកប្រាក់​ចំនួន ៣៦,២ លាន​ដុល្លារ​ពី GCF និងជា​ទឹកប្រាក់ ៦,៦ លាន​ដុល្លារ ដែល​ជា​សហហិរញ្ញប្បទាន​ពីក្រសួង​បរិស្ថាន​និង​ក្រសួង​កសិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ FAO។ គម្រោង​ PEARL នៅ​កម្ពុជា​នេះ នឹង​ដំណើរការ​ទៅ​ក្នុង​រយៈពេល ៦ ឆ្នាំ៕

រូបឯកសារ៖ ផ្សែង​និង​ចំហាយ​ចេញ​ពី​រោងចក្រ​កែច្នៃ​ធ្យូងថ្ម​នៅ​ក្រុង Hejin ក្នុង​ខេត្ត Shanxi ភាគ​កណ្តាល​ប្រទេស​ចិន កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩។
រូបឯកសារ៖ ផ្សែង​និង​ចំហាយ​ចេញ​ពី​រោងចក្រ​កែច្នៃ​ធ្យូងថ្ម​នៅ​ក្រុង Hejin ក្នុង​ខេត្ត Shanxi ភាគ​កណ្តាល​ប្រទេស​ចិន កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ជា​លើកទី​មួយ​ហើយ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​នានា បាន​ស្នើ​ឱ្យ​ប្រទេស​ចិន​សង​ការខាតបង់​និង​ខូចខាត​ផ្នែក​អាកាសធាតុ។ ប៉ុន្តែ​ប្រទេស​ចិន​បាន​បដិសេធ។

នៅ​ក្នុង​សន្និសីទ​ស្តីអំពី​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិ COP27 ក្នុង​ប្រទេស​អេហ្ស៊ីប បណ្តា​ប្រទេស​ជា​ដែន​កោះ​តូចៗ​និយាយ​ថា ប្រទេស​ចិន​និង​ឥណ្ឌា​ជា​ប្រទេស​ដែល​បញ្ចេញ​ផ្សែង​ពុល​ច្រើន ហើយ​ពួកគេ​គួរ​តែ​ប៉ះប៉ូវ​សង​ការខាតបង់​និង​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​ដល់​ប្រទេស​ក្រីក្រ​នានា។ ជាច្រើន​ឆ្នាំ​មក​ហើយ ប្រទេស​កំពុង​អភិវឌ្ឍ​នានា​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ប្រសើរ​ជាង ធ្វើ​តាម​ការ​សន្យាដើម្បី​ប៉ះប៉ូវ​សង​ដល់​ប្រទេស​ក្រីក្រ​នូវ​ការ​ខូចខាត​ដែល​បង្ក​ដោយ​ការប្រែប្រួល​អាកាសធាតុ​ដោយសារ​មនុស្ស។

ការសន្យា​នោះ​គឺ​ត្រូវ​ផ្តល់​ថវិកា​ចំនួន​១០០​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទៅ​ឱ្យ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍនានា​ដែល​បាន​សម្រប​ខ្លួន​និង​កាត់បន្ថយ​សកម្មភាព​នានា​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អាកាសធាតុ។ បច្ចុប្បន្ន​នេះ របាយការណ៍​របស់​អង្គការ​សហប្រជា​ជាតិ​បាន​ឱ្យ​ដឹង​ថា ចំនួន​នោះ​គួរ​តែ​ឡើងដល់​២ក្បៀស​៤លាន​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ដោយ​ដក​ប្រទេស​ចិន​ចេញ។

ប្រទេស​ចិន​ត្រូវបាន​ចាត់​ថ្នាក់​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ ទោះ​បីជា​ប្រទេស​នេះ ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទីពីរ​ក្នុង​ពិភពលោក​ក៏ដោយ។

ជំហរ​របស់​ទីក្រុង​ប៉េកាំង​លើ​ជំនួយ​ថវិកា​ផ្នែក​អាកាសធាតុ​មិន​ផ្លាស់ប្តូរ​ទេ។ ប្រតិភូ​ចិន​នៅ​តែ​ប្តេជ្ញា​ថា នឹង​សាមគ្គី​ជាមួយ​នឹង​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​ដើម្បី​ឱ្យ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ប្រសើរៗ​ធ្វើ​តាម​ការ​សន្យា​របស់​ពួកគេ។

បើ​និយាយ​ពី​ការទទួល​ខុស​ត្រូវ​ផ្នែក​អាកាសធាតុ ​សហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​បញ្ចូលគ្នា បាន​បញ្ចេញ​ឧស្ម័ន​ជិត​ពាក់​កណ្តាល​នៃ​ការ​បញ្ចេញកាបូន​ចាប់តាំងពី​ការចាប់ផ្តើម​បដិវត្តន៍​ឧស្សាហកម្ម។ ប៉ុន្តែ​ឥឡូវ​នេះ​ប្រទេស​ចិនត្រូវ​បានគេ​ឱ្យ​ទទួល​ខុសត្រូវ​ដែរ។

លោកScott Moore ដែល​ជា​នាយក​កម្មវិធី​ចិន​និង​គំនិត​ផ្តួចផ្តើម​យុទ្ធសាស្រ្ត​នៅ​សាកល​វិទ្យាល័យ Pennsylvania ដែល​លោក​មាន​ជំនាញ​ផ្នែក​និរន្តភាព​បរិស្ថាន​និង​ទំនាក់ទំនង​អន្តរជាតិ បាន​ពិភាក្សា​អំពី​ការផ្លាស់ប្តូរ​នៃ​ការយល់​ឃើញ​លើ​ប្រទេស​ចិន​នៅក្នុង​អំឡុង​ពេល​សន្និសីទ COP 27។ លោក Moore បាន​និយាយ​ថា៖

«ការ​បញ្ចេញ​ឧស្ម័ន​របស់​ចិន​ដែល​បាន​កើនឡើង​ក្នុង​រយៈពេល​តែ​២០​ទៅ​២៥​ឆ្នាំ​ប៉ុណ្ណោះ មាន​ភាព​ធំធេង​ខ្លាំង​ដែល​សឹង​តែ​អាច​និយាយ​បាន​ថា​ប្រទេស​ចិន​ពិត​ជា​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ចំណែក​ដ៏​ច្រើន​នៃ​ការបញ្ចេញ​ឧស្ម័ន»។

ដើម្បី​ឆ្លើយ​តប​នឹង​ការ​ស្នើ​របស់​បណ្តា​ប្រទេស​ជា​កោះ​នានា ប្រទេស​ចិន​បាន​និយាយ​ថា ខ្លួន​គាំទ្រ​យន្តការ​សង​ការខាតបង់​និង​ការខូច​ខាត ប៉ុន្តែ​ខ្លួន​នឹង​មិន​ចូល​រួម​ចំណែក​សង​ទេ។

លោកMoore​ បាន​និយាយ​ថា បើ​សិន​ប្រទេស​ចិន​ប្តេជ្ញា​ក្នុង​ការ​ប៉ះប៉ូវ​ការ​ខូច​ខាត​នោះ ប្រទេសចិន​នឹង​ប្រឈម​នឹង​ការ​ដាក់​សម្ពាធ​ឱ្យ​ធ្វើ​សកម្មភាព។ លោក Moore បាន​និយាយ​ទៀត​ថា៖

«រួម​ជាមួយ​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន​ដើម្បី​បង្ហាញ​ថា​ខ្លួន​ជា​មេដឹកនាំ​សកល​មួយ​លើ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ វា​នឹង​ពិបាក​ខ្លាំង​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ត្រឡប់​ទៅ​ការប្តេជ្ញា​នោះ​ដោយ​មិន​ប៉ះពាល់​ដល់​រូបភាព​ដែល​ខ្លួន​ព្យាយាម​បណ្តុះ​យ៉ាង​ខ្លាំង»។

ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេស​ម្ចាស់​ជំនួយ​មួយ។ ក្នុង​ឆ្នាំ​២០១៥ ចិន​បាន​បង្កើត​មូល​និធិ​អាកាសធាតុ​កិច្ច​សហប្រតិបត្តិការ​រវាង​ខាងត្បូង​និង​ខាងត្បូង ដែលបាន​ផ្តល់​ថវិកា​ច្រើនជាង​៣ពាន់លាន​ដុល្លារ​ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ឱ្យ​សម្រប​ខ្លួន​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បន្ថែម​១ពាន់លាន​ដុល្លារ​ទៀត​កាលពី​ដើមឆ្នាំ​នេះ។

អ្នក​ស្រី Gørild Merethe Heggelund សាស្ត្រាចារ្យ​ស្រាវជ្រាវ​នៃ​វិទ្យាស្ថានFridtjof Nansen ក្នុង​ទីក្រុង Oslo ដែល​ផ្តោត​លើ​គោលនយោបាយ​ការ​ប្រែប្រួល​អាកាស​ធាតុ​នៃ​ប្រទេស​ចិន​បាន​និយាយ​ក្នុង​កិច្ច​សម្ភាស​មួយ​ថា ប្រទេស​ចិន​បាន​ដឹង​អំពី​ការទទួល​ខុសត្រូវ​របស់​ខ្លួន។ អ្នក​ស្រី​និយាយ​ថា៖

«ចិន​ចង់​ធ្វើ​ជា​ប្រទេស​ដែល​មាន​ការទទួលខុស​ត្រូវ​មួយ ហើយ​ឃើញ​ថា ខ្លួន​មាន​ការទទួលខុស​ត្រូវ​ខ្លះៗ​ដើម្បី​ជួយ​ប្រទេស​ក្រី​ក្រ​ដ៏​ទៃ​ទៀត។ ប្រទេស​ចិន​កំពុង​អភិវឌ្ឍ​តួនាទី​ខ្លួន​ទៅ​កាន់គោល​ដៅ​បែប​នោះ»។

ទោះ​យ៉ាង​ណា​អ្នកស្រី​ព្រមាន​ថា​ នៅពេល​ដែល​ចិនកំពុង​ប្រឈម​នឹង​រលក​កម្តៅ​ធ្ងន់ធ្ងរ​មួយ​និង​គ្រោះ​រាំង​ស្ងួត​នា​រដូវ​ក្តៅ​ក្នុង​ឆ្នាំ​នេះ ប្រទេស​ចិន​នឹង​ផ្តោត​លើ​ការ​សម្របខ្លួន​និង​ការ​បន្ធូរ​បន្ថយ​ក្នុង​ស្រុក​ច្រើន​ជាង។ អ្នកស្រី​បន្តថា៖

«ឆ្នាំ​នេះ​យើង​មាន​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ដែល​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច​យ៉ាង​ខ្លាំង។ ឧទាហរណ៍​ក្នុង​ប្រទេស​ចិន​ ការ​ស្រក​ចុះ​ជា​ប្រវត្តិសាស្ត្រ​មួយ​នូវ​កម្រិត​ទឹក​ទន្លេ Yangtze ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កម្រិត​ទឹក​ក្នុង​ខេត្ត Sichuan ដែល​បាន​ប៉ះពាល់​ខ្លាំង​លើ​ផលិតផល​វារីអគ្គិសនី​ដែល​ជា​លទ្ធផល​ត្រូវ​បាន​កាត់បន្ថយ​៥០%»។

អ្នក​ជំនាញ​និយាយ​ថា ប្រទេស​ចិន​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ប្រឈមនឹង​សម្ពាធ​បន្ថែម​ទៀត​ទាំង​ពី​ប្រទេស​អភិវឌ្ឍ​និង​កំពុង​អភិវឌ្ឍ​ក្នុង​ការចរចា​អំពី​បញ្ហា​អាកាសធាតុ​នា​ពេល​អនាគត៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG