ខណៈជាប្រទេសមួយក្នុងតំបន់ដែលងាយនឹងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ កម្ពុជា កាលពីថ្ងៃពុធ ទទួលបានការបណ្តាក់ទុនជាទឹកប្រាក់ចំនួន ៤៣ លានដុល្លារ ពីអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាតិ (FAO) និងមូលនិធិអាកាសធាតុបៃតង (Green Climate Fund) ដើម្បីពង្រឹងភាពធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដល់កសិករ។
គម្រោង «ភាពជាដៃគូសាធារណៈសង្គមឯកជនសម្រាប់កសិកម្មបែបអេកូឡូស៊ីនិងភាពធន់ទៅនឹងជីវភាពរស់នៅតាមតំបន់ភាគខាងជើងបឹងទន្លេសាប» ហៅកាត់ថា (PEARL) ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងបរិស្ថានកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ដើម្បីបង្កើនសមត្ថភាព របស់កសិករខ្នាតតូចនៃសហគមន៍មូលដ្ឋានប្រមាណ ៤សែន ៥ម៉ឺននាក់ នៅតំបន់អាងទន្លេសាបខាងជើង ដែលរងគ្រោះពីការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ។
អាងទន្លេសាបខាងជើង ជាតំបន់កសិកម្មដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាដែលផ្តល់ធនធានផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាជនជាង ៣ លាននាក់។ ក៏ប៉ុន្តែតំបន់នេះ ងាយរងគ្រោះបំផុត ដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលត្រូវបានព្យាករណ៍ថា នឹងទទួលរងការប្រែប្រួលអាកាសធាតុខ្លាំង។ នេះបើយោងតាមអង្គការ FAO។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការអនុម័តគម្រោង PEARL នេះ ជាជំហានដ៏សំខាន់មួយដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់កសិករខ្នាតតូចនៅក្នុងតំបន់។
លោកត្រូវបានដកស្រង់សម្តីក្នុងន័យដើមថា៖ «គម្រោងនេះដើរស្របតាមគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារប្រជាពលរដ្ឋភាគច្រើនដេលងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងធានាបាននូវភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យកសិកម្ម»។
ទន្ទឹមនឹងនេះដែរ លោក ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា គម្រោង PEARL នេះ នឹងជួយលើកកម្ពស់ប្រភពចំណូល ការអភិរក្ស និងការពារធនធានធម្មជាតិ បរិស្ថាន និងជីវៈចម្រុះនៅកម្ពុជានៅតាមសហគមន៍មូលដ្ឋាន។
ដោយឡែក អ្នកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃគម្រោង ដែលផ្តោតចម្បងលើកសិករខ្នាតតូច ដែលភាគច្រើនជាស្ត្រី។
អ្នកស្រីត្រូវបានដកស្រង់សម្តីក្នុងន័យដើមថា៖ «គម្រោងនេះជួយកសិករខ្នាតតូច និងភាគីវាយតម្លៃផលិតផលកសិកម្មក្នុងស្រុក ឱ្យទទួលបានឱកាសពង្រីកទីផ្សារ និងឧបករណ៍ផ្សេងៗទៀត ដែលនឹងកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគេ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ស្របពេលដែលគម្រោងនេះនឹងកែលម្អផលិតកម្មកសិកម្ម និងជីវភាពរស់នៅ»។
គម្រោង PEARL ដែលជាគម្រោងទី ២ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង (GCF) ដល់ប្រទេសកម្ពុជា រួមមានជំនួយឥតសំណងជាទឹកប្រាក់ចំនួន ៣៦,២ លានដុល្លារពី GCF និងជាទឹកប្រាក់ ៦,៦ លានដុល្លារ ដែលជាសហហិរញ្ញប្បទានពីក្រសួងបរិស្ថាននិងក្រសួងកសិកម្មរបស់រដ្ឋាភិបាលកម្ពុជា និងអង្គការ FAO។ គម្រោង PEARL នៅកម្ពុជានេះ នឹងដំណើរការទៅក្នុងរយៈពេល ៦ ឆ្នាំ៕