ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រែប្រួលអាកាសធាតុ

ថ្ងៃច័ន្ទ ២៥ វិច្ឆិកា ២០២៤

រូបឯកសារ៖ ស្ត្រីជាម្តាយ​ជួយ​កូនស្រីឱ្យដកដង្ហើមដោយប្រើម៉ាស៊ីនជំនួយនៅឯមន្ទីរសង្គ្រោះបន្ទាន់នៅពេទ្យកុមារ Chacha Nehru Bal Chikitsalaya នៅក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (AFP)
រូបឯកសារ៖ ស្ត្រីជាម្តាយ​ជួយ​កូនស្រីឱ្យដកដង្ហើមដោយប្រើម៉ាស៊ីនជំនួយនៅឯមន្ទីរសង្គ្រោះបន្ទាន់នៅពេទ្យកុមារ Chacha Nehru Bal Chikitsalaya នៅក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (AFP)

របាយការណ៍មួយកាល​ពីថ្ងៃពុធទី​១៩ ខែមិថុនាបាន​បង្ហាញថា កុមារ​ជិត២ពាន់នាក់ស្លាប់​រាល់ថ្ងៃដោយសារបញ្ហា​សុខភាព​ទាក់ទិន​នឹង​ការបំពុលខ្យល់ ដែល​នៅ​ពេលនេះ​ជា​កត្តា​គ្រោះថ្នាក់ធំបំផុតនាំ​ឱ្យមាន​ការស្លាប់នៅវ័យ​ក្មេងនៅទូទាំងពិភពលោក។​

បើតាម​របាយការណ៍នៃវិទ្យាស្ថានផលប៉ះពាល់​សុខភាព Health Effects Institute មានមូលដ្ឋាននៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញថា ​បញ្ហានៃ​ការបំពុល​ខ្យល់​បណ្តាល​ឱ្យ​មនុស្ស​៨លាន១សែននាក់​ស្លាប់នៅ​ឆ្នាំ២០២១--គឺ​ប្រមាណ​១២ភាគរយនៃចំនួន​មនុស្ស​ស្លាប់ទាំងអស់។

របាយការណ៍​នេះ​បង្ហាញថា នេះ​ន័យ​ថា​បញ្ហា​បំពុលខ្យល់​បាន​សម្លាប់​មនុស្ស​ច្រើន​ជាងការ​ប្រើ​ថ្នាំជក់​និងបញ្ហា​អាហារូបត្ថម្ភ​មិនគ្រប់គ្រាន់ ដែល​នាំ​ឱ្យ​បញ្ហា​នៃ​ការបំពុល​ខ្យល់​នេះ​ជា​កត្តា​ហានិភ័យ​នាំមុខ​ទីពីរ​ដែល​ធ្វើឱ្យមនុស្ស​ស្លាប់​នៅ​វ័យក្មេង ដោយនៅតិចជាង​តែ​ជំងឺ​សម្ពាធឈាម​ខ្ពស់​តែមួយ​មុខ​ប៉ុណ្ណោះ។

ក្មេងតូចៗ​រងគ្រោះដោយងាយ​ដោយសារបញ្ហា​បំពុលខ្យល់ ហើយវិទ្យាស្ថាន​នេះបាន​សហការជាដៃគូជាមួយ​មូលនិធិ​កុមារ​អ.ស.ប.UNICEF ក្នុងការសរសេរ​របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន​ស្តីពីស្ថានភាពខ្យល់​សាកល។

របាយការណ៍​នេះរក​ឃើញ​ថា​បញ្ហា​នៃ​ការបំពុលខ្យល់​រួម​ចំណែកដល់ការស្លាប់​របស់កុមារ​ជាង៧សែននាក់ក្រោម​អាយុ៥ឆ្នាំ។

ចំនួន​ជាង៥សែននៃការស្លាប់ទាំង​នេះ​បណ្តាល​មកពីការធ្វើ​ម្ហូបក្នុង​ផ្ទះ​ដោយ​ប្រើឥន្ធនៈកខ្វក់ដូចជាធ្យូង អុស​ឬ​អាចម៍សត្វ ភាគច្រើន​នៅ​អាហ្វ្រិកនិង​អាស៊ី។

របាយការណ៍​នេះ​រក​ឃើញ​ថា សឹងតែ​មនុស្ស​រាល់​គ្នា​នៅ​ក្នុងពិភពលោកនេះដក​ដង្ហើម​ចូលខ្យល់បំពុល​ក្នុងកម្រិត​មួយដែល​ធ្វើ​ឱ្យ​ខូចសុខភាព​ជារៀងរាល់ថ្ងៃ។​

របាយការណ៍​នេះ​បង្ហាញ​ថា ​ជាង​៩០ភាគរយ​នៃ​ការស្លាប់ទាំងនេះទាក់ទិននឹង​ភាគល្អិតកខ្វក់​ក្នុង​ខ្យល់ហៅ PM2.5 មានទំហំ២,៥មីក្រូម៉ែត្រ​ឬ​តូច​ជាងនេះ។​

គេ​រក​ឃើញថាការ​ដកដង្ហើម​ចូលភាគល្អិត PM2.5 ក្នុង​សួតបង្កើន​គ្រោះថ្នាក់​ជំងឺ​មហារីក​សួត​ ជំងឺ​បេះដូងនិងបញ្ហា​សុខភាព​ឯទៀតៗ។​

របាយការណ៍នេះក៏​បាន​រកឃើញ​ដែរ​ថា ការបំពុល​ប្រព័ន្ធ​អូហ្សូនត្រូវបានរំពឹង​ថា​នឹង​អាក្រក់​ជាងមុន ពីព្រោះកំណើន​សីតុណ្ហភាព​ក្នុងពិភពលោក​ដោយសារបញ្ហា​នៃ​ការប្រែប្រួលអាកាសធាតុបណ្តាលមក​ពី​សកម្មភាព​មនុស្ស--មាន​ទាក់ទិនជា​មួយការស្លាប់ជិត​៥សែននាក់​នៅឆ្នាំ២០២១។

អ្នកស្រី Pallavi Pant ជាប្រធានសុខភាព​សាកលនៃវិទ្យាស្ថានផលប៉ះពាល់​សុខភាព Health Effects Institute។ អ្នកស្រីថ្លែងថា«នៅ​ផ្នែកជាច្រើន​លើ​ពិភពលោក​មើល​ឃើញ​ផលប៉ះពាល់​នៃ​ការបំពុលខ្យល់​តែ​រយៈ​ពេល​ខ្លី នៅពេលមានហេតុការណ៍​នានាដូចជា​ភ្លើង​ឆេះព្រៃ ព្យុះ​ធូលី​ឬពេល​ក្តៅ​ខ្លាំងជា​ដើម ដែលស្ថានភាព​ទាំងនោះ​បាន​បង្កើន​កម្រិតអូហ្សូន។​

អ្នកស្រី​បន្ថែម​ថា​មាន «ដំណោះស្រាយដែលស្រដៀងគ្នាខ្លាំង»សម្រាប់​ការប្រែប្រួល​អាកាសធាតុនិង​បញ្ហា​នៃ​ការ​បំពុលខ្យល់--ជាពិសេស​ដោយ​កាត់បន្ថយការសាយភាយ​ឧស្ម័ន​ផ្ទះកញ្ចក់។

អ្នកស្រី Pant ថា គេក៏​អាច​ចាត់វិធានការ​ផង​ដែរ​អំពី​ការប្រើឥន្ធនៈ​រឹងកខ្វក់​ស​ម្រាប់​ចម្អិន​អាហារ​ក្នុង​ផ្ទះ ដោយបង្ហាញ​ថា​ប្រទេស​ចិន​បានកែលម្អ​យ៉ាងច្រើនក្នុងបញ្ហានេះ។

របាយាការណ៍​ដែល​បានចេញផ្សាយ​កាលពីថ្ងៃពុធ ទី១៩ ខែមិថុនា​នេះ​បាន​ប្រើ​ទិន្នន័យនៃការ​សិក្សាស្រាវជ្រាវអំពី​បន្ទុកនៃជំងឺ​សាកល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​លក្ខណៈវិនិច្ឆ័យ​និង​ការវាយតម្លៃខាងសុខភាព Institute For Health Metrics and Evaluation ​មាន​មូលដ្ឋាន​នៅសហរដ្ឋអាមេរិក​ដែលត្រូវ​បានធ្វើ​ក្នុង​ប្រទេស​និង​ដែនដីជាង​ពីររយ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

រូបឯកសារ៖ បុរស​ម្នាក់​ដង​ទឹក​ពី​អូរ​មួយ នៅ​ភូមិ Matobo ក្នុង​តំបន់ Matabeleland នៃ​ទី្វប​អាហ្រ្វិក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ បុរស​ម្នាក់​ដង​ទឹក​ពី​អូរ​មួយ នៅ​ភូមិ Matobo ក្នុង​តំបន់ Matabeleland នៃ​ទី្វប​អាហ្រ្វិក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ភស្តុតាង​វិទ្យាសាស្ត្រ​ដែល​ត្រូវបាន​កត់ត្រាទុក​ក្នុង​អត្ថបទ​មួយ​ចំនួន ​ដែល​បង្ហាញ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ពេល​ថ្មីៗ​នេះ បាន​បញ្ជាក់​ឱ្យ​ដឹង​អំពី​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ដំណាក់កាល​សំខាន់ៗ​នៃ​ជីវិត​រស់នៅ​របស់​មនុស្ស។

អ្នកស្រី Anayda Portela អ្នក​វិទ្យាសាស្ត្រ​នៃ​នាយកដ្ឋាន​មាតា ទារក កុមារ មនុស្ស​ជំទង់ និង​មនុស្ស​វ័យ​ចំណាស់​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី ៧ ខែ​មិថុនា ​ក្នុង​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស​ថា៖ «ទាំងនេះ​ជា​ការ​បង្ហាញ​នូវ​ភស្តុតាង​វិទ្យាសាស្ត្រ​ដ៏​សំខាន់​អំពី​ផល​ប៉ះពាល់​ទៅលើ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ ទារក​ទើប​នឹង​កើត កុមារ មនុស្ស​ជំទង់ និង​មនុស្ស​វ័យ​ចំណាស់ ​ដោយសារ​ការ​បំពុល​ខ្យល់​អាកាស​និង​គ្រោះថ្នាក់​ផ្សេង​ទៀត​ផ្នែក​អាកាសធាតុ​ដូចជា​ភ្លើង​ឆេះព្រៃ ទឹកជំនន់ និង​កម្តៅ​ឡើង​ខ្លាំង​ជាដើម»។

អ្នកស្រី​បន្ថែម​ថា៖ «ភស្តុតាង​ទាំងនេះ​មាន​សារៈសំខាន់​ខ្លាំង ពីព្រោះ​វា​បង្ហាញ​ពី​ហានិភ័យ​ផ្នែក​សុខភាព​ សម្រាប់​ក្រុម​មនុស្ស​ទាំងនេះ​ដោយសារតែ​គ្រោះ​ធម្មជាតិ​ផ្សេងៗ»។

អ្នកស្រី​បាន​កត់សម្គាល់​ថា ការ​ប្រមូល​នូវ​អត្ថបទ​ផ្សេងៗ​ដែល​ត្រូវបាន​បោះពុម្ព​នៅក្នុង​ទស្សនាវដ្ដី​សុខភាព​សាកល (Journal of Global Health) បាន​បង្ហាញ​ថា ហានិភ័យ​ផ្នែក​សុខភាព​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ «មិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​ឱ្យ​បាន​គ្រប់គ្រាន់​នោះទេ» សម្រាប់​មនុស្ស​វ័យក្មេង មនុស្ស​វ័យ​ចំណាស់ និង​ស្តី្រ​មាន​ផ្ទៃពោះ «ដោយ​វា​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​និង​ជា​រឿយៗ​អាច​បង្ក​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ផងដែរ»។

ការ​សិក្សា​នេះ​បង្ហាញ​ថា គ្រោះ​ធម្មជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​មាន «ផល​ប៉ះពាល់​ធ្ងន់ធ្ងរ» មួយ​ចំនួន​ដល់ «សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត» របស់​ស្ត្រី​មាន​គភ៌ មនុស្ស​វ័យក្មេង​ និង​មនុស្ស​វ័យ​ចំណាស់។

ជា​ឧទាហរណ៍ អ្នកនិពន្ធ​នៃ​អត្ថបទ​ទាំងនេះ​បាន​កត់សម្គាល់​ថា ទារក​កើត​មិន​គ្រប់​ខែ ដែល​ពេល​នេះ​គឺជា​មូលហេតុ​នាំមុខ​នៃ​ការ​ស្លាប់​របស់​កុមារ «បាន​កើនឡើង​ក្នុង​អំឡុង​ពេល​មាន​រលក​កម្តៅ​ខ្ពស់ ខណៈ​ដែល​ក្រុម​មនុស្ស​វ័យ​ចំណាស់​ទំនងជា​អាច​ឈាន​ដល់​ការ​គាំង​បេះដូង​ ឬ​ការ​កើត​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ»។

អ្នកនិពន្ធ​ទាំងនេះ​ក៏​បាន​រាយការណ៍​ផងដែរ​ថា រលកកម្តៅ​ក៏​បាន​ធ្វើ​ឱ្យ «ប៉ះពាល់​ដល់​ការ​យល់ដឹង​និង​ការ​សិក្សា​រៀនសូត្រ​របស់​កុមារ​និង​មនុស្ស​ជំទង់​ផងដែរ»។

របាយការណ៍​របស់​អង្គការ​ឧតុនិយម​ពិភពលោក​ស្ដីពី​ស្ថានភាព​បរិយាកាស​សាកល​បាន​បញ្ជាក់​ថា ឆ្នាំ ២០២៣ ជា​ឆ្នាំ​ដែល​ក្តៅ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​កន្លងមក និង​បាន​ព្យាករណ៍​ថា​សីតុណ្ហភាព​សាកលលោក​ក្នុង «រយៈពេល ៥ ឆ្នាំ​ពី​ឆ្នាំ ២០២៤ ដល់​ឆ្នាំ ២០២៨ នឹង​កើន​លើស ១,៥ អង្សាសេ គឺ​លើស​សីតុណ្ហភាព​មុន​សម័យ​ឧស្សាហកម្ម» ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា​អាច​នឹង​នាំ​ទៅ​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​យ៉ាង​ឆាប់រហ័ស​និង​មិន​អាច​កែប្រែ​បាន។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក រវាង​ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៥០ ការ​ប្រែប្រួល​អាកាសធាតុ​ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ «២៥០.០០០ នាក់​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ដោយសារ​កង្វះ​អាហារូបត្ថម្ភ ជំងឺគ្រុនចាញ់ ជំងឺ​រាគរូស និង​ជំងឺ​ថប់អារម្មណ៍​ដោយសារ​កម្តៅ​ខ្លាំង»។

អ្នកស្រី Portela ក៏​បាន​ព្រមាន​ផងដែរ​ថា ការ​បំពុល​ខ្យល់​អាកាស​អាច​បង្កើន​ឱ្យមាន​ជំងឺ​ឡើង​សម្ពាធ​ឈាម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ទារក​កើត​មិន​គ្រប់​ទម្ងន់ ទារក​កើត​មិន​គ្រប់ខែ និង​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ការ​វិវត្ត​នៃ​ខួរក្បាល​និង​សួត​របស់​ទារក​ក្នុង​ផ្ទៃ។

ការ​សិក្សា​ទាំងនេះ​បង្ហាញ​ថា ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​ជាច្រើន​លើ​សុខុមាលភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​កើតចេញ​ពី​គ្រោះ​ធម្មជាតិ​នានា​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​ដូចជា​ទឹកជំនន់ ភាព​រាំងស្ងួត និង​ភ្លើង​ឆេះព្រៃ​ជាដើម ដែល​គ្រោះធម្មជាតិ​ទាំងនេះ​ត្រូវ​បាន​បង្ហាញ​ថា​បាន​បង្កើន​អត្រា​ស្លាប់​របស់​មនុស្ស​វ័យ​ចំណាស់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​និង​ជំងឺ​គាំង​បេះដូង។

អ្នកស្រី Portela បាន​បញ្ជាក់​ថា៖ «មាន​ភាព​ចាំបាច់​បន្ទាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ និង​ភាព​ចាំបាច់​បន្ទាន់​ក្នុង​ការ​បង្កើត​ភាពធន់​នឹង​អាកាសធាតុ​និង​ចាត់​វិធានការ​ជាក់លាក់​មួយ​ចំនួន​ដែល​អាច​ការពារ​សុខភាព​នៅ​គ្រប់​ដំណាក់កាល​នៃ​ជីវិត»។

អង្គការ​សុខភាព​ពិភពលោក​បាន​ជំរុញ​រដ្ឋាភិបាល​នានា​ឱ្យ​ចាត់ទុក​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជា​អាទិភាព​ដូច​បញ្ហា​សុខភាព​មួយ​ដូច្នោះ​ដែរ ដោយ​បាន​លើកឡើង​ពី​វិធានការ​ជាក់លាក់​ជាច្រើន​ ដែល​គេ​អាច​អនុវត្ត​បាន​ដើម្បី​លើកកម្ពស់​និង​ការពារ​សុខភាព​នៅ​ដំណាក់កាល​ខុសៗ​គ្នា​នៃ​ជីវិត។

ជា​ឧទាហរណ៍ វិធានការ​ទាំង​នោះ​អាច​មាន​ដូចជា​ការ​ធ្វើ​ការងារ​ទៅ​តាម​ម៉ោង​ពេល​ដែល​អាច​បត់បែន​បាន ការ​ត្រៀម​រៀបចំ​ប្រព័ន្ធ​មើលថែ​កុមារ​និង​ការ​សិក្សា​សម្រាប់​ករណី​ដែល​មាន​ធាតុអាកាស​គ្រោះថ្នាក់​និង​សីតុណ្ហភាព​កើនឡើង​ខ្លាំង និង​ការ​ជូនដំណឹង​ដល់​ប្រជាជន​និង​សហគមន៍​នានា​អំពី​វិធានការ​ផ្សេងៗ​មួយ​ចំនួន​ដែល​អាច​ការពារ​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​មាន​រលក​កម្តៅ​ខ្លាំង​និង​ការ​បំពុល​ខ្យល់​អាកាស​ដែល​កាន់តែ​អាក្រក់​ឡើង៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG