ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា រុស្ស៊ី «នឹង​បរាជ័យ​ដូច​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់» ដូច្នេះ​ដែរ


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កងទ័ព​រុស្ស៊ី​នៅ​អ៊ុយក្រែន​នឹង​ត្រូវ​បរាជ័យ​ដូច​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ដែល​ត្រូវ​បាន​បរាជ័យ​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ដូច្នេះ​ដែរ។

លោក Zelenskyy ​បាន​បញ្ជាក់​នៅ​ក្នុង​សារ​ជា​វីដេអូ​មួយ​ថា៖ «យើង​ប្រយុទ្ធ​នៅ​ពេល​នោះ ហើយ​យើង​ប្រយុទ្ធ​នៅ​ពេល​ឥឡូវ​នេះ ​ដើម្បី​កុំ​ឱ្យ​ប្រទេស​ណា​មួយ​យក​ប្រទេស​ផ្សេង​ទៀត​ធ្វើ​ជា​ទាសករ​ម្ដង​ទៀត​និង​បំផ្លាញ​ប្រទេស​ទាំង​នោះ។ អំពើ​អាក្រក់​ទាំង​អស់​នោះ​ដែល​ប្រទេស​រុស្ស៊ី​សម័យ​ទំនើប​បាន​នាំ​ត្រឡប់​យក​មក​វិញ​នឹង​ត្រូវ​បរាជ័យ​ដូច​លទ្ធិ​ណាហ្ស៊ី​ដែល​ត្រូវ​បាន​បរាជ័យ​ដូច្នេះ​ដែរ»។

លោក Zelenskyy ​បាន​និយាយ​ថា ​គោល​បំណង​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​គឺ «ការ​យក​ធ្វើ​ជា​ទាសករ ឬ​ក៏​ការ​បំផ្លិចបំផ្លាញ» ​ហើយ​លោក​បាន​ប្រៀបធៀប​ការ​គាំទ្រ​ដែល​អ៊ុយក្រែន​បាន​ទទួល​ពី​ប្រទេស​ផ្សេងៗ​ទៅ​នឹង​កិច្ច​ប្រឹងប្រែង​របស់​សម្ព័ន្ធមិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​អាល្លឺម៉ង់​បរាជ័យ​នៅ​ក្នុង​ឆ្នាំ​១៩៤៥។

លោក Zelenskyy ថ្លែង​ដូច្នេះ​ថា៖ «ជា​ថ្មី​ម្ដង​ទៀត សត្រូវ​នេះ​បាន​យក​ភាព​គឃ្លើន​និង​ការ​ភ្ជាប់​យក​ទឹកដី ការ​ត្រួតត្រា​និង​ការ​ចាប់​បញ្ជូន​មនុស្ស​ចេញ​ពី​ប្រទេស ការ​សម្លាប់​ទ្រង់ទ្រាយ​ធំ ការ​ធ្វើ​ទារុណកម្ម ការ​បាញ់​ផ្លោង​លើ​ទីក្រុង និង​ការ​ដុត​ភូមិ​ឋាន​នានា​មក​ប្រឆាំង​នឹង​ឧត្តមគតិ​របស់​យើង។ ជ័យជម្នះ​របស់​យើង​នឹង​ក្លាយជា​ចម្លើយ​ចំពោះ​រឿង​ទាំង​នេះ។ ជ័យជម្នះ​របស់​អ៊ុយក្រែន​និង​ពិភព​សេរី ការ​រំដោះ​ទឹកដី​របស់​យើង ការ​ត្រឡប់​មក​វិញ​នៃ​ប្រជាជន​របស់​យើង ការ​ការពារ​គុណតម្លៃ​និង​យុត្តិធម៌​ដែល​មិន​អាច​ជៀស​បាន​របស់​យើង»។

ការ​លើកឡើង​របស់​លោក Zelenskyy នេះ​ក៏​រួម​មាន​ផង​ដែរ​នូវ​ការ​ប្រកាស​ក្រឹត្យ​មួយ​ដើម្បី​រំឭក​អំពី​ជ័យជម្នះ​លើ​អាល្លឺម៉ង់​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៨ ខែ​ឧសភា ដូច​ដែល​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​នានា​ធ្វើ​ឡើង​ដូច្នេះ​ដែរ។ ករណី​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ប្រទេស​រុស្ស៊ី ដែល​រៀបចំ​ការ​ប្រារព្ធ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ៩ ខែ​ឧសភា។

លោក Zelenskyy បាន​បញ្ជាក់​ថា អ៊ុយក្រែន​នឹង​ប្រើ​ថ្ងៃ​ទី ៩ ខែ​ឧសភា​ដើម្បី​រំឭក​ដល់​ការ​គាំទ្រ​របស់​អឺរ៉ុប​ចំពោះ​អ៊ុយក្រែន​នៅ​ក្នុង​ពេល​បន្ទាប់ពី​រុស្ស៊ី​បាន​ភ្ជាប់​យក​តំបន់ Crimea និង​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាន​ធ្វើ​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​លើ​អ៊ុយក្រែន​កាលពី​ឆ្នាំ​មុន​មក៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP,​ AFP និង​Reuters


XS
SM
MD
LG