ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិករួមសាមគ្គីគាំទ្រប្រទេសអ៊ុយក្រែននៅពេលដែលអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងថា អាមេរិកនឹងឈរជាមួយអ៊ុយក្រែន«រហូតមិនថាយូរប៉ុណ្ណានោះទេ»។
លោក Biden បានថ្លែងនៅក្នុងសុន្ទរកថាស្ដីអំពីស្ថានភាពប្រទេសជាតិទៅកាន់សភាទាំងពីរអង្គថា រដ្ឋាភិបាលអាមេរិកបានបង្រួបបង្រួមអង្គការអូតង់ (NATO) កសាងសម្ព័ន្ធភាពសាកលលោក និងប្រឆាំងនឹងភាពគឃ្លើនរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តដទៃទៀតក្នុងអង្គការអូតង់បានផ្ដល់ជំនួយយោធារាប់ពាន់លានដុល្លារ ដែលក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាសផងដែរ ដើម្បីទ្រទ្រង់កងកម្លាំងអ៊ុយក្រែន។ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងរបស់សហភាពអឺរ៉ុបក៏មានបំណងធ្វើឱ្យរុស្ស៊ីរងផលវិបាកផ្នែកហិរញ្ញវត្ថុផងដែរ។
លោក Biden បានកត់សម្គាល់ថា ការថ្លែងសុន្ទរកថារបស់លោកទៅកាន់សមាជិកសភាសហរដ្ឋអាមេរិកកាលពីឆ្នាំមុនបានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីលោក Putin បានចាប់ផ្ដើមនូវអ្វីដែលលោក Biden ហៅថាជា «ការវាយប្រហារដ៏ឃោរឃៅលើអ៊ុយក្រែន» និងជាការសាកល្បងសម្រាប់ពិភពលោក។
លោក Biden បានចោទជាសំណួរដូច្នេះថា៖ «តើយើងអាចគាំទ្រគោលការណ៍ជាមូលដ្ឋានបំផុតបានទេ? តើយើងអាចគាំទ្រអធិបតេយ្យភាពបានទេ? តើយើងអាចគាំទ្រសិទ្ធិប្រជាពលរដ្ឋនៅក្នុងការរស់នៅដោយគ្មានការជិះជាន់បានទេ? តើយើងអាចគាំទ្រការការពារលទ្ធិប្រជាធិបតេយ្យបានទេ?»។
លោក Putin បានរិះគន់ជំនួយរបស់ក្រុមបស្ចិមប្រទេសដែលផ្ដល់ឱ្យអ៊ុយក្រែនថាជាការគំរាមកំហែងប្រឆាំងនឹងរុស្ស៊ី ហើយស្របពេលនោះដែរបាននិយាយថា រុស្ស៊ីនឹងឈ្នះនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអរគុណលោក Biden «សម្រាប់ពាក្យពេចន៍គាំទ្រដ៏មានឥទ្ធិពលទាំងនេះ»។
លោក Zelenskyy បានសរសេរនៅលើ Twitter នៅថ្ងៃពុធនេះថា៖ «យើងសូមសម្ដែងការដឹងគុណចំពោះថ្នាក់ដឹកនាំសហរដ្ឋអាមេរិកនៅក្នុងការជួយប្រទេសអ៊ុយក្រែន និងចំពោះសាមគ្គីភាពរបស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិកទាំងមូល។ គុណតម្លៃរបស់យើងគឺដូចគ្នា។ គោលបំណងរួមរបស់យើងគឺជ័យជម្នះ»។
នៅពេលនេះ លោក Zelenskyy កំពុងបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស។ ទូរទស្សន៍អង់គ្លេសបង្ហាញរូបភាពប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសនៅថ្ងៃពុធនេះ ដែលជាទស្សនកិច្ចលើកទីពីររបស់លោកនៅប្រទេសក្រៅតាំងពីរុស្ស៊ីបានលុកលុយប្រទេសលោកមក។
រូបភាពនៃទូរទស្សន៍ Sky News និង BBC បានបង្ហាញក្បួនរថយន្តរបស់លោកបានចាកចេញពីយន្តហោះមួយគ្រឿងនៅក្រោយពីបានទៅដល់អាកាសយានដ្ឋាន Stansted នៅឦសានក្រុងឡុងដ៍។
អាជ្ញាធររាជវាំង Buckingham បាននិយាយថាលោកZelensky មានកំណត់នឹងចូលគាល់ព្រះមហាក្សត្រ Charles ទីបីនៅក្នុងឱកាសទស្សនកិច្ចរបស់លោក។
លោកក៏នឹងធ្វើការចរចាជាមួយលោកនាយករដ្ឋមន្ត្រី Rishi Sunak និងថ្លែងសុន្ទរកថាទៅកាន់សភាផងដែរ។
នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់លោក Zelensky នៅក្រៅប្រទេសអ៊ុយក្រែនតាំងពីរុស្ស៊ីចូលលុកលុយប្រទេសលោកកាលពីជិតមួយឆ្នាំមុននេះ។
ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី Rishi Sunak បានប្រកាសអំពីទស្សនកិច្ចនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ លោកក៏បានប្រកាសដែរថាអង់គ្លេសនឹងហ្វឹកហ្វឺនពួកអ្នកបើកយន្តហោះអ៊ុយក្រែននៅលើ«យន្តហោះប្រតិកម្មប្រយុទ្ធតាមស្តង់ដាររបស់អូតង់»។ លោកក៏បានថ្លែងដែរថាអង់គ្លេសនឹងបង្កើនការផ្តល់យុទ្ធោបករណ៍របស់ខ្លួនឱ្យអ៊ុយក្រែនផងដែរ។
ចក្រភពអង់គ្លេសបានហ្វឹកហ្វឺនក្រុមទាហានអ៊ុយក្រែនរួចហើយ មានរួមការប្រើប្រាស់កងរថក្រោះអង់គ្លេសធុន Challenger 2 ដែលអង់គ្លេសបានផ្តល់ឱ្យអ៊ុយក្រែនជាការឆ្លើយតបនឹងការអំពាវនាវសុំរបស់អ៊ុយក្រែននូវគ្រឿងឧបករណ៍ធុនធ្ងន់ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។
ប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងប្រទេសហុល្លង់បាននិយាយកាលពីថ្ងៃអង្គារថាពួកគេគ្រោងនឹងបញ្ជូនរថក្រោះធុន Leopard 1 ចាស់ៗ កែខៃជាថ្មីយ៉ាងតិចណាស់១០០គ្រឿងទៅឱ្យប្រទេសអ៊ុយក្រែនដែរ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។