រដ្ឋមន្ត្រីការពារជាតិប្រទេសហ្វាំងឡង់បាននិយាយនៅថ្ងៃព្រហសប្បតិ៍ម្សិលមិញថាហ្វាំងឡង់ នឹងបញ្ជូនរថក្រោះបោសសម្អាតមីន Leopard 2 ដែលកែឆ្នៃចំនួន៣គ្រឿងទៅឱ្យប្រទេសអ៊ុយក្រែនបន្ថែមលើ៣គ្រឿងដែលបានបញ្ជូនរួចហើយកាលពីលើកមុន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោកAntti Kaikkonen បានប្រាប់ក្រុមអ្នកសារព័ត៌មានថា«ហ្វាំងឡង់ នឹងបញ្ជូនរថក្រោះដោះមីន Leopard 2 ចំនួន៣គ្រឿង[ទៅឱ្យអ៊ុយ ក្រែន»។
រថក្រោះនេះ មានបំពាក់កាំភ្លើងយន្ត ជំនួសឱ្យកាណុងធំមួយដែលជាទូទៅគេឃើញមាននៅលើរថក្រោះនោះ ដែលជាការរចនាសម្រាប់បោសសម្អាតមីននិងគ្រឿងមិនទាន់ផ្ទុះផ្សេងៗទៀត។
នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin និយាយនៅខែនេះថាលោកស្រីនឹងបើកចំហរការពិភាក្សាស្តីពីការផ្គត់ផ្គង់យន្តហោះចម្បាំង F/A-18 Hornet របស់ហ្វាំង ឡង់ទៅឱ្យអ៊ុយក្រែនផងដែរ ដែលជាការឆ្លើយតបទៅនឹងការអំពាវនាវសុំ ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងការទទួលបានយន្តហោះប្រយុទ្ធទំនើបៗពីប្រទេសលោកខាងលិចនោះ។
ហ្វាំងឡង់មានគម្រោងនឹងដាក់ជំនួសយន្តហោះប្រយុទ្ធHornet របស់ខ្លួនជាមួយនឹងយន្តហោះប្រយុទ្ធ F-35A របស់អាមេរិក ដែលមានលក្ខណៈទំនើបជាង ពីក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin របស់អាមេរិកចាប់ពីឆ្នាំ២០២៥តទៅ។
ប្រទេសជាច្រើនផ្សេងៗទៀតដែលក្នុងនោះរួមមានប្រទេសន័រវេស ប៉ូឡូញ អាល្លឺម៉ង់ ស៊ុយអ៊ែត អេស្ប៉ាញ និងប្រទេសកាណាដាក៏បានសន្យាដែរថាខ្លួននឹងបញ្ជូនរថគ្រោះ Leopard ដែលផលិតក្នុងប្រទេសអាល្លឺម៉ង់ទៅឱ្យអ៊ុយក្រែនផងដែរ៕
រដ្ឋធានីហែលស៊ីនគី —