រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានបញ្ជូនសារតាម Twitter នៅថ្ងៃអង្គារនេះថា ការធ្វើកំណែទម្រង់បានបន្ត«ទោះបីក្នុងអំឡុងពេលនៃសង្គ្រាម» នៅក្នុងអត្ថាធិប្បាយដែលបានកើតមានឡើងនៅពេលដែលមានការលាចេញ និងការបណ្តេញចេញពីតំណែងជាបន្តបន្ទាប់ ហើយនឹងពាក្យចចាមអារ៉ាមថា លោកនឹងត្រូវគេជំនួសតំណែងក៏ដោយ។
លោក Reznikov បានមានប្រសាសន៍ថា «សូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់អស់លោកអ្នក និងការរិះគន់ប្រកបដោយការស្ថាបនា។ យើងធ្វើការសម្រេច»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មិនបានថ្លែងជាសាធារណៈអំពីអត្ថាធិប្បាយមកពីសមាជិកសភាម្នាក់ដែលបានស្នើឱ្យលោក Reznikov ផ្ទេរទៅកាន់តួនាទីផ្សេងទៀតទេ។
ក្នុងសុន្ទរកថានៅពេលយប់របស់លោកកាលពីថ្ងៃចន្ទ លោកប្រធានាធិបតី Zelenskyy បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក«កំពុងពង្រឹងតួនាទីនៃការរៀបចំរបស់យើង»នៅព្រំដែននិងតំបន់នៅសមរភូមិមុខ។
លោក Reznikov បានមានប្រសាសន៍ថា ខណៈដែលលោកមិនបានប្រុងប្រៀបចុះចេញពីតំណែង ការសម្រេចណាមួយអំពីអនាគតរបស់លោកនឹងត្រូវធ្វើឡើងដោយលោកប្រធានាធិបតី។
ការរុះរើរដ្ឋាភិបាលរបស់លោក Zelensky កាលពីចុងខែមករា រួមមានការលាចេញពីតំណែងរបស់អនុរដ្ឋមន្ត្រីការពារជាតិលោក Viacheslav Shapovalov ដែលជាអ្នកទទួលខុសត្រូវការជួយឧបត្ថម្ភភស្តុភារសម្រាប់កងទ័ពអ៊ុយក្រែន។ លោកបានរងការចោទប្រកាន់អំពីរឿងអាស្រូវការផ្គត់ផ្គង់ម្ហូបអាហារ ប៉ុន្តែលោកបានបដិសេធ។
ពួកមន្ត្រីអ៊ុយក្រែនបានព្រមានថា រុស្ស៊ីអាចប្រុងប្រៀបធ្វើការវាយប្រហារដើម្បីបង្ហាញពីកម្លាំងនៅ ពេលដែលខួប១ឆ្នាំនៃការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនខិតកាន់តែមកជិត៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។