ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា «យើងរំពឹងទុកថា នឹងមានសកម្មភាពប្រទូស្តរាយកាន់តែខ្លាំងពីប្រទេសរុស្ស៊ី»នៅសប្តាហ៍នេះ ខណៈមេដឹកនាំសហភាពអឺរ៉ុបពិចារណាថា តើត្រូវគាំទ្របេក្ខភាពប្រទេសអ៊ុយក្រែនក្នុងសហភាពអឺរ៉ុប ឬយ៉ាងណានោះ។
លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថានារាត្រីថ្ងៃអាទិត្យម្សិលមិញថា «សកម្មភាពអមិត្តរបស់រុស្ស៊ីមិនគ្រាន់តែប្រឆាំងនឹងប្រទេសអ៊ុយក្រែននោះឡើយ ប៉ុន្តែក៏នឹងប្រឆាំងប្រទេសអឺរ៉ុបផ្សេងៗទៀតផងដែរ។ យើងកំពុងប្រុងប្រៀបខ្លួន។ យើងបានត្រៀមខ្លួនរួចជាស្រេចហើយ។ យើងក៏បានក្រើនរំឭកដៃគូរបស់យើងរួចហើយដែរ»។
គណៈកម្មការអឺរ៉ុប កាលពីសប្តាហ៍មុន បានផ្តល់អនុសាសន៍ថា ប្រទេសអ៊ុយក្រែនគួរទទួលបានឋានៈបេក្ខភាពជាសមាជិករបស់សហភាពអឺរ៉ុប។ ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសនឹងពិភាក្សាអំពីបញ្ហានេះ ហើយធ្វើការបោះឆ្នោតសម្រេចនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។ ប្រសិនបើប្រទេសអ៊ុយក្រែន ទទួលបានឋានៈជាបេក្ខភាព នោះដំណើរចូលជាសមាជិកពេញសិទ្ធិនៅក្នុងសហភាពអឺរ៉ុប អាចប្រើពេលជាច្រើនឆ្នាំទៅមុខទៀត។
លោក Zelenskyy ក៏បាននិយាយផងដែរថា «ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកំពុងបន្តនៅក្នុងតំបន់ Donbas ។ តំបន់ខាងកើតអ៊ុយក្រែននេះបានក្លាយជាចំណុចផ្តោតយ៉ាងសំខាន់នៃកិច្ចប្រឹងប្រែងរបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
អគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg បានព្រមាននៅថ្ងៃអាទិត្យថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនអាចមានរយៈពេលយូរទៅមុខទៀត ហើយសម្ព័ន្ធមិត្តបស្ចឹមប្រទេសមិនត្រូវបញ្ឈប់ការគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននោះឡើយ។
លោក Stoltenberg បានប្រាប់សារព័ត៌មានប្រចាំសប្តាហ៍ Bild am Sonntag របស់អាល្លឺម៉ង់ថា «យើងត្រូវត្រៀមខ្លួនចំពោះសង្គ្រាមនោះ ដែលនឹងអាចមានរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ យើងមិនត្រូវបណ្តែតបណ្តោយក្នុងការគាំទ្រប្រទេសអ៊ុយក្រែននោះឡើយ បើទោះបីជាត្រូវចំណាយច្រើន គឺមិនគ្រាន់តែផ្នែកយោធាប៉ុណ្ណោះទេ ក៏ប៉ុន្តែដោយសារកំណើនតម្លៃថាមពល និងស្បៀងអាហារផងដែរ»។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Boris Johnson ដែលបានទៅទស្សនកិច្ចរដ្ឋធានីកៀវ កាលពីថ្ងៃសុក្រដោយស្នើផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងអ៊ុយក្រែននោះ ក៏បានព្រមានពីហានិភ័យនៃ«ការចុះខ្សោយរបស់អ៊ុយក្រែន» ខណៈសង្គ្រាមនៅក្នុងប្រទេសនេះកំពុងឈានចូលដល់គម្រប់៤ខែ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ក្នុងអត្ថបទបញ្ចេញមតិមួយក្នុងសារព័ត៌មាន Sunday Times ក្នុងទីក្រុងឡុងដ៍ លោក Johnson និយាយថា នេះមានន័យថា ត្រូវធានាថា ប្រទេសអ៊ុយក្រែនទទួលបានអាវុធយុទ្ធភ័ណ្ឌ ឧបករណ៍ គ្រាប់រំសេវ និងការហ្វឹកហ្វឺនឱ្យបានលឿនជាងអ្នកឈ្លានពាន»។
លោក Zelenskyy និយាយថា លោកបានទៅសួរសុខទុក្ខកងកម្លាំងនៅក្នុងតំបន់ Mykolaiv ភាគខាងត្បូងអ៊ុយក្រែនចម្ងាយប្រមាណ៥៥០គីឡូម៉ែត្រខាងត្បូងរដ្ឋធានីកៀវ។
នៅក្នុងសារតាមវីដេអូដែលទំនងជាថតលើរថភ្លើង កាលពីថ្ងៃអាទិត្យនោះ លោក Zelenskyy និយាយថា «ទឹកចិត្តរបស់កងទ័ពគឺច្បាស់លាស់។ ពួកគេមិនមានមន្ទិលសង្ស័យពីជ័យជម្នះនោះឡើយ។ យើងនឹងមិនប្រគល់តំបន់ខាងត្បូងទៅឱ្យនរណានោះឡើយ ហើយទឹកដីរបស់យើងទាំងអស់ យើងនឹងយកពីរុស្ស៊ីវិញ»។
លោក Zelenskyy និយាយថា កងកម្លាំងរបស់រុស្ស៊ីបានបំផ្លាញផ្នែកជាច្រើននៃតំបន់ Mykolaiv និងតំបន់ Odesa។
ដោយឡែកក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងតំបន់ Metolkine ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Sievierodonetsk ហើយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានអះអាងថា ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនជាច្រើននាក់បានចុះចាញ់នៅទីនោះ។ យោធាអ៊ុយក្រែនបានទទួលស្គាល់ថា រុស្ស៊ីពិតជាបានជោគជ័យនៅផ្នែកខ្លះ នៅក្នុងតំបន់នោះមែន»៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters)