ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​រុស្ស៊ី​បាន​រុល​​ទៅ​​ដល់​កណ្តាល​ទីក្រុង Sievierodonetsk


ផ្សែង​ហុយចេញ​ពី​ទីក្រុង Sievierodonetsk នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន ក្នុង​តំបន់ Donbas ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២។
ផ្សែង​ហុយចេញ​ពី​ទីក្រុង Sievierodonetsk នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន ក្នុង​តំបន់ Donbas ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២។

មន្ត្រី​អ៊ុយក្រែន​ម្នាក់​បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​បាន​រុលចូល​ដល់​កណ្តាលទីក្រុង Sievierodonetsk ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ហើយ​កំពុង​បន្ត​បាញ់ផ្លោង​ដាក់​រោងចក្រ​គីមី​មួយ​កន្លែង​ដែលជាជម្រក​របស់កងទ័ព​អ៊ុយក្រែន​និង​ជនស៊ីវិល​រាប់រយ​នាក់នៅ​ទី​នោះ។

អភិបាលតំបន់​នេះ ​លោក Serhiy Haidai បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នៅ​លើ Telegramថា​ កងទ័ព​រុស្ស៊ី​កំពុង​ត្រួត​ត្រា​ទីក្រុង​នោះ​ប្រមាណ៧០ភាគរយ ហើយ​បាន​រុញច្រាន​កង​កម្លាំង​អ៊ុយក្រែន​ចេញពីកណ្តាលទីក្រុងនេះ។

លោក​បាន​បន្ថែម​ទៀត​ថា រោងចក្រគីមី Azot របស់​ទីក្រុង​នេះ​ជា​កន្លែង​ដែល​ជនស៊ីវិល​អ៊ុយក្រែន​រាប់រយ​កំពុង​ជ្រកពួននៅ​ទីនោះ​ ត្រូវ​បានកងទ័ព​រុស្ស៊ី​បាញ់​ផ្លោង​ដាក់​យ៉ាង​ខ្លាំង។

លោក Haidai និយាយទៀត​ថា ជនស៊ីវិល​ប្រមាណ៥០០​នាក់​កំពុង​ស្ថិត​នៅក្នុងបរិវេណរោង ចក្រ​នោះ​ហើយ​កងទ័ព​អ៊ុយក្រែន​កំពុង​ព្យាយាម​យក​ពួកគេ​ទៅកាន់​កន្លែង​សុវត្ថិភាព។

រុស្ស៊ីនិយាយ​ថា ស្ពាន​ទាំង​អស់​នៅ​ក្នុងទីក្រុង​នេះត្រូវ​បាន​បំផ្លាញ។ រីឯមន្រ្តី​អ៊ុយក្រែន​ថា​ នៅ​មាន​ផ្លូវ​មួយផ្សេង​ទៀតដែល​អាច​ចេញ​ពី​ទីក្រុង​នេះ​បាន ក៏ប៉ុន្តែ​ផ្លូវ​នេះ​មាន​ការខូចខាត​ជា​ខ្លាំង។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា សមរភូមិ​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ Donbas នឹង​ត្រូវ​ចារ​ក្នុង​ប្រវត្តិសាស្ត្រយោធាថា​ជា​សមរភូមិ​ប្រយុទ្ធគ្នា​ដ៏​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​តំបន់​អឺរ៉ុប»។

លោក Zelenskyy បាន​និយាយកាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា៖ «សម្រាប់​យើង ផលវិបាក​នៅ​ក្នុង​សមរភូមិ​នេះ​មាន​សភាពធំធេង​ណាស់។ វា​គួរ​ឱ្យភ័យខ្លាច»។

លោក​បាន​អំពាវនាវម្តងហើយ​ម្តង​ទៀត​ឱ្យ​ប្រទេស​ជា​ដៃគូ​ផ្តល់កាំភ្លើង​ធំ​ទំនើបៗ​មក​ឱ្យ​អ៊ុយក្រែន​ដើម្បី​ប្រើប្រាស់ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី។

លោក Mykhailo Podolyak ដែល​ជា​ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី Zelenskyy បាន​បង្ហោះ​សារ​លើ Twitter កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា ដើម្បី​បញ្ចប់​សង្គ្រាម​បាន អ៊ុយក្រែន​ត្រូវ​ការ​អាវុធ​ធន់ធ្ងន់។ លោក​បាន​រាប់​ឈ្មោះ​អាវុធ​ធន់​ធ្ងន់​ទាំង​នោះមាន​ដូច​ជា​កាំភ្លើង​ធំ​ចំនួន ១.០០០ គ្រឿង ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ហ្វូង​ចម្រុះចំនួន៣០០គ្រឿង រថគ្រោះ៥០០​គ្រឿង រថពាសដែក​ចំនួន២០០០គ្រឿង​និង​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើកចំនួន១០០០គ្រឿង។

លោក Podolyak​បាន​និយាយ​ថា៖ «កិច្ចប្រជុំ​នៃ​ក្រុម​ទំនាក់​ទំនងរដ្ឋមន្ត្រី​ការពារ​ជាតិនឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក​នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា​នេះ​។ អ៊ុយក្រែន​កំពុង​រង់​ចាំ​នូវ​ការ​សម្រេច​របស់​ពួក​គេ»។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ លោក Lloyd Austin កំពុងបើក​កិច្ចប្រជុំ​មួយ​នៅ​ទី​ស្នាក់​ការ​ធំរបស់​អង្គការ​អូតង់​ក្នុង​ទីក្រុងព្រុចសែល។ កិច្ចប្រជុំ​តាម​អនឡាញ​កាល​ពី​ខែ​មុន​មាន​តំណាង​ចូលរួម​ពី​៤៧​ប្រទេស ពី​អង្គការ​អូតង់​និង​សហភាព​អឺរ៉ុប​ផង​ដែរ៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីភ្នាក់ងារ​ព័ត៌មាន AP និង​ទីភ្នាក់ងារ​ព័ត៌មាន AFP

XS
SM
MD
LG