ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ទទួល​ស្វាគមន៍​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ស្រប​ពេល​ដែល​ខ្លួន​បង្កើន​ការ​ប្រឡូក​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក


នៅ​ក្នុង​រូបថត​ផ្សាយ​តាម​ទំព័រ Twitter របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក S. Jaishankar លោក​រដ្ឋមន្ត្រី​ឈរ​ក្បែរ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​មុន​ជំនួប​នៅ​រដ្ឋធានី​ញូវដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២។
នៅ​ក្នុង​រូបថត​ផ្សាយ​តាម​ទំព័រ Twitter របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក S. Jaishankar លោក​រដ្ឋមន្ត្រី​ឈរ​ក្បែរ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​មុន​ជំនួប​នៅ​រដ្ឋធានី​ញូវដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២។

កាលពី ៤ ឆ្នាំ​មុន ប្រទេស​ឥណ្ឌា​បាន​ទទួល​ស្វាគមន៍​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន (ASEAN) នៅ​ឯ​ពិធី​ដង្ហែ​ក្បួន​ព្យុះហយាត្រា​ក្នុង​ទិវា​សាធារណរដ្ឋ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដែល​នេះ​គឺ​ជា​កាយវិការ​ជា​និមិត្តរូប​មួយ​ដែល​រដ្ឋាភិបាល​ឥណ្ឌា​ផ្ដល់​សន្ទុះ​ដល់​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​នឹង​សមាគម​អាស៊ាន។

កិច្ច​ប្រឹងប្រែង​នេះ​កំពុង​បង្កើន​ល្បឿន​ទៅ​មុខ​យ៉ាង​លឿន ស្រប​ពេល​ដែល​ឥណ្ឌា​និង​ប្រទេស​ផ្សេង​ទៀត​ដូចជា​សហរដ្ឋ​អាមេរិក​ជាដើម​មាន​បំណង​ទប់ទល់​នឹង​ឥទ្ធិពល​កើនឡើង​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

កាលពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៦ ខែ​មិថុនា រដ្ឋាភិបាល​ឥណ្ឌា​បាន​រៀបចំ​កិច្ច​ប្រជុំ​រយៈពេល ២ ថ្ងៃ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៣០ នៃ​ទំនាក់ទំនង​របស់​ឥណ្ឌា​ជាមួយ​នឹង​អាស៊ាន និង​ដើម្បី​ពិភាក្សា​អំពី​វិធី​បង្កើន​កិច្ច​សហប្រតិបត្តិការ។ ឆ្នាំ ២០២២ នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ឆ្នាំ​មិត្តភាព​រវាង​ឥណ្ឌា​និង​អាស៊ាន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា​លោក Arindam Bagchi បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី ១០ ខែ​មិថុនា​ថា ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​ឥណ្ឌា​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​មួយ។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «អាស៊ាន​មាន​សារៈសំខាន់​ខ្លាំង​បំផុត​សម្រាប់​គោល​នយោបាយ Act East Policy របស់​ឥណ្ឌា និង​សម្រាប់​ចក្ខុវិស័យ​របស់​ឥណ្ឌា​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដ៏​ទូលំទូលាយ​ជាង​មុន»។

ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ មាន​ដូចជា​សិង្ហបុរី ថៃ វៀតណាម ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ហ្វីលីពីន។

ទោះបីជា​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​និង​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ជួប​ប្រជុំ​គ្នា​ជា​រៀងរាល់​ឆ្នាំ​ក៏ដោយ ក៏​ព្រឹត្តិការណ៍​នៅ​ក្នុង​រដ្ឋធានី​ញូវដែលី​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​ប្រជុំ​ពិសេស​មួយ។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល ៣ សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស Quad នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​បាន​បញ្ចប់​ទៅ។

នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស Quad នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចាប់ផ្ដើម​ដាក់​ឱ្យ​អនុវត្ត​នូវ​គ្រោងការណ៍​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក (IPEF) ដើម្បី​បង្កើន​ការ​ចូលរួម​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី។

ក្រៅ​ពី​ប្រទេស​ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រទេស Quad ប្រទេស​អាស៊ាន​ចំនួន ៧ ដែល​នោះ​គឺ​ប្រទេស​ព្រុយណេ សិង្ហបុរី ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ។

លោក Manoj Joshi អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​អង្គការ Observer Research Foundation ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ញូវដែលី បាន​និយាយ​ថា៖ «ប្រទេស​នីមួយៗ​ព្យាយាម​ទាក់ទាញ​អាស៊ាន ដោយសារតែ​អាស៊ាន​ជា​ចំណុច​កណ្ដាល​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ប្រទេស​ទាំង​នេះ​មាន​សារៈសំខាន់ ប្រសិនបើ​យើង​ចង់​មាន​គោល​នយោបាយ​ដែល​អាច​សម្រេច​បាន​ទៅ​រួច​មួយ​សម្រាប់​តំបន់​នេះ។ សម្រាប់​ប្រទេស​ឥណ្ឌា អាស៊ាន​ក៏​មាន​សារៈសំខាន់​ផង​ដែរ»។

ទោះជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​នានា​បាន​ចង្អុល​បង្ហាញ​ថា ដោយសារតែ​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាស៊ាន​តាំងពី​ឆ្នាំ ២០០៩ មក បណ្ដា​ប្រទេស​អាស៊ាន​មាន​ការ​ប្រយ័ត្ន​ប្រយែង​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​ពួកគេ​មាន​តុល្យភាព​ជាមួយ​នឹង​ភាគី​ទាំង​សង​ខាង។

ប្រទេស​ចិន​នៅតែ​ជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ការ​នាំចេញ​របស់​អាស៊ាន។ ពាណិជ្ជកម្ម​របស់​អាស៊ាន​ជាមួយ​នឹង​ប្រទេស​ចិន​មាន​ចំនួន​ប្រមាណ ៨៧៨ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០២១។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​វេបសាយ​ព័ត៌មាន Global Times របស់​ចិន។

ទោះជា​យ៉ាង​នេះ​ក្ដី ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ទាំង​នេះ​មួយ​ចំនួន​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​នឹង​ប្រទេស​ចិន។ ប្រទេស​ចិន​បាន​សាងសង់​កោះ​សិប្បនិម្មិត​នៅ​ក្នុង​ដែន​ទឹក​ដែល​ទាមទារ​កាន់កាប់​ដោយ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ឥណ្ឌា​ចាំបាច់​ត្រូវ​បង្កើន​ការ​ប្រឡូក​របស់​ខ្លួន​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​នឹង​បណ្ដា​ប្រទេស​អាស៊ាន​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ខ្លួន។ ប៉ុន្តែ​ឥណ្ឌា​នៅតែ​ចាញ់​ប្រៀប​ដដែល ដោយសារតែ​ឥណ្ឌា​មិន​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (RCEP) ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែ​មករា​កន្លង​ទៅ​នេះ។

ក្រៅ​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន កិច្ច​ព្រមព្រៀង​នេះ​ក៏​រួម​មាន​ប្រទេស​ផ្សេង​ទៀត​ជា​សមាជិក​ផង​ដែរ​ដូចជា​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់​ជាដើម។

ប្រទេស​ឥណ្ឌា​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង RCEP នេះ ដោយសារតែ​ក្ដី​បារម្ភ​ដែល​ថា ការ​នាំចូល​ដែល​មាន​តម្លៃ​ទាប ជាពិសេស​ពី​ប្រទេស​ចិន អាច​នឹង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG