ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​និង​អាស៊ាន​ស្វះស្វែង​បង្កើន​ចំណងទាក់ទង ខណៈ​អាមេរិក​និង​ចិន​ប្រជែង​គ្នា


រូបឯកសារ៖ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi (កណ្តាលនៅលើអេក្រង់ខាងឆ្វេង) ថ្លែងទៅកាន់សមភាគីនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (អេក្រង់ខាងស្តាំ) ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាតាមអ៊ីនធឺណិត ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi (កណ្តាលនៅលើអេក្រង់ខាងឆ្វេង) ថ្លែងទៅកាន់សមភាគីនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (អេក្រង់ខាងស្តាំ) ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាតាមអ៊ីនធឺណិត ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំ​ពិសេស​មួយ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ជាមួយ​នឹង​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​មាន​ឥណ្ឌា​និង​សិង្ហបុរី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ ដោយ​ស្នើ​ឱ្យ​មាន​ការ​ពង្រឹង​ចំណងទាក់ទង​រវាង​បណ្ដា​ប្រទេស​ទាំងនេះ ខណៈ​ពេល​ដែល​រុស្ស៊ី​បន្ដ​ឈ្លានពាន​អ៊ុយក្រែន ហើយ​ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​កាន់​តែ​តានតឹង​ឡើង ដែល​គំរាម​ដល់​សន្ដិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​នេះ។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា លោក S. Jaishankar មាន​ប្រសាសន៍​ថា ឥណ្ឌា​និង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្រឈមមុខ​នឹង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ឥទ្ធិពល​ដ៏​អាក្រក់​របស់​ខ្លួន​លើ​សន្ដិសុខ​ស្បៀងអាហារ​និង​ថាមពល ក៏​ដូចជា​តម្លៃ​ជី​សម្រាប់​ដាំដំណាំ​និង​តម្លៃ​ទំនិញ និង​ការ​រអាក់រអួល​នូវ​សង្វាក់​ផ្គត់ផ្គង់​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ឥណ្ឌា​គាំទ្រ​ពេញ​ទំហឹង​នូវ​អាស៊ាន​មួយ​ដែល​រឹងមាំ រួបរួម​គ្នា និង​រុងរឿង ដែល​ភាព​សំខាន់​របស់​ក្រុម​នេះ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ពេញ​ទំហឹង»។ ​

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី លោក Vivian Balakrishnan ថ្លែងថា សកម្មភាព​របស់​រុស្ស៊ី​បាន​«ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អន្តរជាតិ​នៃ​ច្បាប់ និង​បទបញ្ញត្តិ»។

លោក Balakrishnan បាន​ថ្លែង​ទៀត​ថា ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​តំបន់​អាស៊ី​ទាំងមូល។

កិច្ច​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នេះ​គឺ​ដើម្បី​គម្រប់​ខួប​ទី ៣០ នៃ​ទំនាក់​ទំនង​សន្ទនា​របស់​ឥណ្ឌា​ជាមួយ​នឹង​សមាជិក​ទាំង​ ១០ ប្រទេស​នៃ​អាស៊ាន ដែល​រួម​មាន​ប្រទេស​ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និង​វៀតណាម។ ​

លោក Jaishankar បាន​គូស​បញ្ជាក់​ពី​តម្រូវការ​ក្នុង​ការ​ពង្រឹង​ការ​ត​ភ្ជាប់​គ្នា​រវាង​ដែនដី​និង​ដែន​សមុទ្រ​ជាមួយ​នឹង​រដ្ឋ​ជា​សមាជិក​អាស៊ាន។ ការ​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​រវាង​ឥណ្ឌា​ មីយ៉ាន់ម៉ា និង​ថៃ គឺ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ភ្ជាប់​គ្នា​រវាង​អាស៊ាន​និង​ឥណ្ឌា (ASEAN-India Connectivity initiative)។ ​

ពាណិជ្ជកម្ម​រវាង​ឥណ្ឌា និង​អាស៊ាន​មាន​ទំហំ​ជាង ៧៨ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ២០២១។

ប្រទេស​ឥណ្ឌា​ភាគ​ច្រើន​នាំ​ចេញ​គីមី​សរីរាង្គ រ៉ែ នាវា​និង​ទូក ដែក​និង​ដែកថែប គ្រឿង​បរិក្ខារ​ពេទ្យ ក្រណាត់ និង​ថ្នាំជក់​ទៅ​កាន់​បណ្ដា​ប្រទេស​អាស៊ាន។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​របស់​ឥណ្ឌា។ ផលិតផល​សំខាន់ៗ​ដែល​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា​ពី​អាស៊ាន​រួម​មាន​ធ្យូងថ្ម ប្រេងដូង ទូរសព្ទ នាវា​ធន់​តូច និង​គ្រឿង​អេឡិចត្រូនិក​ជាដើម៕

XS
SM
MD
LG