មេដឹកនាំបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានធ្វើដំណើរទៅដល់ទីក្រុងកៀវនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងដំណើររួមគ្នាមួយដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសអ៊ុយក្រែន ដែលកំពុងតែរងការឈ្លានពានពីប្រទេសរុស្ស៊ី។
អ្នកទាំងបីបានធ្វើដំណើរជាមួយគ្នាកាលពីយប់តាមរយៈរថភ្លើងមួយដែលត្រូវបានប្រើប្រាស់ដើម្បីដឹកភ្ញៀវជាន់ខ្ពស់ទៅកាន់ប្រទេសអ៊ុយក្រែន។
លោក Macron បាននិយាយនៅពេលដែលអ្នកទាំងបីបានទៅដល់ទីក្រុងកៀវថា៖ «វាគឺជាពេលវេលាដ៏សំខាន់មួយ។ វាគឺជាសារនៃការរួបរួមគ្នា និងការគាំទ្រ ដែលយើងកំពុងផ្ញើទៅកាន់ប្រជាពលរដ្ឋអ៊ុយក្រែន ដើម្បីនិយាយអំពីទាំងបច្ចុប្បន្ននិងអនាគត ដូចដែលយើងបានដឹងស្រាប់ហើយថាវានឹងពិបាកខ្លាំងណាស់»។
ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis នឹងចូលរួមជាមួយនឹងមេដឹកនាំទាំងបីនាក់ដើម្បីជួបពិភាក្សាជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។ គេរំពឹងថា ការពិភាក្សានោះនឹងផ្ដោតទៅលើការស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ក៏ដូចជាសង្គ្រាមរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីនេះផងដែរ។
ដំណើរទស្សនកិច្ចនេះត្រូវចំណាយពេលអស់រាប់សប្ដាហ៍ដើម្បីរៀបចំ ដោយមេដឹកនាំទាំងបីនាក់ព្យាយាមយកឈ្នះលើការរិះគន់នៅក្នុងប្រទេសអ៊ុយក្រែនទាក់ទិននឹងការឆ្លើយតបរបស់ពួកគេទាំងបីទៅនឹងសង្គ្រាមនេះ។
លោក Macron ថ្លែងថា៖ «យើងនៅទីនេះ យើងផ្ដោតលើបញ្ហានេះ ហើយយើងនឹងចូលរួមជាមួយនឹងលោកប្រធានាធិបតី Zelenskyy ដើម្បីទៅកាន់កន្លែងធ្វើសង្គ្រាម ជាទីដែលការសម្លាប់រង្គាលត្រូវបានធ្វើឡើង»។
នៅពេលសួរថាហេតុអ្វីបានជាទស្សនកិច្ចនេះត្រូវបានធ្វើឡើងនៅពេលនេះ មន្ត្រីបារាំងម្នាក់និយាយថា ពួកគេគិតថាវាគឺជាពេលវេលាដ៏ល្អបំផុតនៅមុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅសប្ដាហ៍ក្រោយនេះ ដែលគ្រោងនឹងពិភាក្សាអំពីសំណើរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិករបស់សហភាពអឺរ៉ុបដែលប្លុកនេះមានសមាជិកចំនួន ២៧ ប្រទេសនៅពេលបច្ចុប្បន្ននេះ។
គណៈកម្មការសហភាពអឺរ៉ុបនឹងត្រូវផ្ដល់អនុសាសន៍នៅថ្ងៃសុក្រនេះទៅលើសំណើរបស់អ៊ុយក្រែនក្នុងការសុំចូលជាសមាជិកសហភាពអឺរ៉ុប ដែលនេះគឺជាអ្វីដែលបណ្ដាប្រទេសអឺរ៉ុបធំៗបំផុតហាក់ដូចជាព្រងើយកន្ដើយ៕