អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) លោក Antonio Guterres និងប្រធានាធិបតីប្រទេសតួកគីលោក Recep Tayyip Erdogan កំពុងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Vlodymyr Zelenskyy នៅក្នុងក្រុង Lviv នាប៉ែកខាងលិចអ៊ុយក្រែន ជាមួយរបៀបវារៈមួយដែលគេរំពឹងថានឹងមានរួមវិបត្តិស្បៀងអាហារសាកល ការគំរាមកំហែងដល់រោងចក្រថាមពលនុយក្លេអ៊ែរមួយនិងការស្វែងរកដំណោះស្រាយនយោបាយមួយដល់សង្គ្រាមដែលរុស្ស៊ីបានបង្កឡើងក្នុងប្រទេសអ៊ុយក្រែន។
កិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារកំពុងមានធ្វើជាបន្ត។ នាវាដឹកជញ្ជូនទំនិញអ៊ុយក្រែនចេញក្រៅប្រទេស នៅពេលនេះអាចចេញដំណើរពីអ៊ុយក្រែនបានតាមរយៈកិច្ចព្រមព្រៀងមួយដែលអ.ស.ប.និងតួកគីបានសម្របសម្រួលកាលពីចុងខែកក្កដាជាមួយរុស្ស៊ីនិងអ៊ុយក្រែន។
លោក Guterres មានកំណត់នឹងធ្វើដំណើរទៅមើលកំពង់ផែមួយនៅក្រុង Odesa។ បន្ទាប់មកនៅថ្ងៃសៅរ៍លោកនឹងទៅក្រុង Istanbul ដើម្បីមើលមជ្ឈមណ្ឌលសម្របសម្រួលរួមដែលឃ្លាំមើលប្រព័ន្ធដឹកជញ្ជូនទំនិញចេញក្រៅប្រទេស ដែលមានរួមអធិការកិច្ចកប៉ាល់ចូលនិងចេញពីអ៊ុយក្រែនតាមការទាមទាររបស់រុស្ស៊ី។
មជ្ឈមណ្ឌលនេះបានថ្លែងថាខ្លួនរំពឹងថានៅថ្ងៃព្រហស្បតិ៍នេះក្រុមអ្នកត្រួតពិនិត្យនឹងឆែកឆេរនាវាបួនគ្រឿងដែលបានចាកចេញពីអ៊ុយក្រែនក្នុងសប្តាហ៍នេះ៕