ប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយពួកយោធាមានគម្រោងនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ីដើម្បីបន្ធូរបន្ថយការខ្វាយខ្វល់អំពីការផ្គត់ផ្គង់និងការឡើងថ្លៃប្រេង។ នេះបើតាមអ្នកនាំពាក្យរបស់ពួកយោធាដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
មីយ៉ាន់ម៉ាបានរក្សាចំណងទាក់ទងមិត្តភាពជាមួយប្រទេសរុស្ស៊ី ទោះបីប្រទេសទាំង២រងការដាក់ទណ្ឌកម្មដ៏ខ្លាំងពីប្រទេសលោកខាងលិចក៏ដោយ។ មីយ៉ាន់ម៉ារងការដាក់ទណ្ឌកម្មចំពោះរដ្ឋប្រហារយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពីឆ្នាំទៅ។ រុស្ស៊ីរងការដាក់ទណ្ឌកម្ម ចំពោះការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែនដែលរុស្ស៊ីបានហៅថា«កិច្ចប្រតិបត្តិការយោធាពិសេស»។
រុស្ស៊ីកំពុងស្វែងរកអតិថិជនថ្មីសម្រាប់លក់ថាមពលរបស់ខ្លួននៅក្នុងតំបន់ នៅពេលដែល អឺរ៉ុប ដែលជាទីផ្សារនៃការនាំចេញដ៏ធំបំផុតរបស់ខ្លួន គ្រោងដាក់ទណ្ឌកម្មសន្សឹមៗ លើប្រេងរបស់រុស្ស៊ីនៅចុងឆ្នាំនេះ។
អ្នកនាំពាក្យយោធាលោក Zaw Min Tun បាននិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធថា«យើងបានទទួលការអនុញ្ញាតដើម្បីនាំចូលប្រឹងមកពីប្រទេសរុស្ស៊ីហើយ»។ លោកបាននិយាយទៀតថា ប្រទេសមីយ៉ាន់ម៉ាចូលចិត្តគុណភាពនិងតម្លៃថោករបស់ប្រេងរុស្ស៊ី។
តាមបណ្តាញព័ត៌មានបានប្រាប់ឱ្យដឹងថា ប្រេងឥន្ធនៈពីប្រទេសរុស្ស៊ីនឹងចាប់ផ្តើមទៅដល់ប្រទេសមីយ៉ាន់ម៉ានៅខែកញ្ញា។ លោក Zaw Min Tun បាននិយាយថា ប្រធានយោធាមីយ៉ាន់ម៉ាឧត្តមសេនីយ៍ Min Aung Hlaing បានពិភាក្សាអំពីរឿងប្រេងនិងឧស្ម័នក្នុងអំឡុងទស្សនកិច្ច ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមុន។ មីយ៉ាន់ម៉ាឥឡូវនេះនាំប្រេងឥន្ធនៈរបស់ខ្លួនចូលតាមប្រទេសសិង្ហបូរី។
លោកបាននិយាយទៀតថា មីយ៉ាន់ម៉ានឹងពិចារណាការរុករកប្រេងរួមគ្នាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាមួយរុស្ស៊ីនិងចិន៕