នៅក្នុងការពិភាក្សាជាមួយនឹងបណ្ដារដ្ឋមន្ត្រីការពារជាតិនៃអង្គការអូតង់ (NATO) នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវសុំជំនួយយោធាជាប្រព័ន្ធការពារដែនអាកាស កាំភ្លើងធំ និងគ្រាប់រំសេវ។
លោក Zelenskyy បាននិយាយនៅពេលចាប់ផ្ដើមកិច្ចប្រជុំរបស់ក្រុមទាក់ទងការពារអ៊ុយក្រែន (Ukraine Defense Contact Group) ដែលដឹកនាំដោយសហរដ្ឋអាមេរិកថា៖ «ប្រព័ន្ធការពារដែនអាកាសគឺជាផ្នែកដ៏សំខាន់មួយនៃចម្លើយចំពោះសំណួរថាតើនៅពេលណាសង្គ្រាមនេះនឹងបញ្ចប់ និងថាតើសង្គ្រាមនេះនឹងបញ្ចប់ទៅដោយយុត្តិធម៌សម្រាប់អ៊ុយក្រែន ឬក៏អត់»។
លោក Zelenskyy បាននិយាយថា ការផ្ដល់ប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ដល់អ៊ុយក្រែនគឺមានន័យថាជាការធានាឱ្យមាននូវដំណើរជីវិតធម្មតានៅតាមទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែននិងការធ្វើឱ្យច្រករបៀងធញ្ញជាតិដំណើរការល្អដើម្បីនាំចេញធញ្ញជាតិរបស់អ៊ុយក្រែនកាត់តាមសមុទ្រខ្មៅនិងទន្លេ Danube ទៅកាន់ពិភពលោក។
លោកបានបន្ថែមថា មីស៊ីលនិងដ្រូនរបស់រុស្ស៊ីមិនអាចគំរាមសម្ព័ន្ធមិត្តផ្សេងទៀតបានទេ ប្រសិនបើសព្វាវុធទាំងនេះមិនអាចឆ្លងផុតប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានអំពាវនាវឱ្យសម្ព័ន្ធមិត្តបន្តបង្កើននិងទ្រទ្រង់លំហូរអាវុធនិងគ្រាប់រំសេវទៅកាន់ប្រទេសអ៊ុយក្រែន។
លោក Stoltenberg បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានធ្វើឱ្យរុស្ស៊ីខាតបង់ធ្ងន់ធ្ងរ និងថា រុស្ស៊ីបានចុះខ្សោយផ្នែកយោធានិងសេដ្ឋកិច្ចនិងបានក្លាយជាឯកោនៅលើឆាកអន្តរជាតិ។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានប្រកាសផ្ដល់ជំនួយយោធាថ្មីចំនួន ២០០ លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងសព្វាវុធការពារដែនអាកាស កាំភ្លើងធំនិងគ្រាប់រំសេវ រ៉ុក្កែត និងគ្រាប់កាំភ្លើងនិងអាវុធបាញ់រថក្រោះ ដើម្បីទប់ទល់នឹងដ្រូនរបស់រុស្ស៊ី។ សម្ព័ន្ធមិត្តផ្សេងទៀតក៏ត្រូវគេរំពឹងថានឹងប្រកាសអំពីជំនួយថ្មីនៅថ្ងៃពុធនេះផងដែរ៕