រុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានកម្ទេចដ្រូនអ៊ុយក្រែនចំនួន ៣១ គ្រឿង ដែលជាផ្នែកមួយនៃការប៉ុនប៉ងវាយប្រហារលើទឹកដីរុស្ស៊ីក្នុងរយៈពេលមួយយប់។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើតេឡេក្រាមថា ខ្លួនបានបាញ់ទម្លាក់ដ្រូនដែលហោះនៅលើតំបន់ Belgorod, Bryansk និង Kursk។ តំបន់ទាំង ៣ នេះ ស្ថិតនៅតាមបណ្តោយព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន។
លោក Alexander Bogomaz អភិបាលតំបន់ Bryansk បាននិយាយថា កងទ័ពអ៊ុយក្រែនបានបាញ់គ្រាប់បែកចង្កោមដាក់ភូមិមួយចំនួន ដែលបានធ្វើឱ្យខូចខាតផ្ទះជាច្រើនខ្នង។ លោក Bogomaz បាននិយាយទៀតថា មិនមានមនុស្សស្លាប់ឬរងរបួសត្រូវបានរាយការណ៍ទេ។
យោធារុស្ស៊ីបាននិយាយថា ខ្លួនក៏បានបញ្ឈប់កងទ័ពអ៊ុយក្រែនមួយក្រុមដែលបានប្រើទូកលឿននិងស្គីព្យាយាម «ជ្រៀតចូលក្នុងទឹកដីនៃតំបន់ Crimea»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយទូរសព្ទជាមួយសម្ព័ន្ធមិត្តលោកខាងលិចសំខាន់ៗ កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីបញ្ជាក់ប្រាប់ពួកគេឡើងវិញនៃការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិកដល់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីពួកគណបក្សសាធារណរដ្ឋស្តាំនិយមជ្រុលនៅក្នុងសភាកាលពីចុងសប្តាហ៍មុនបានបង្ខំឱ្យដកថវិកាថ្មីភ្លាមៗសម្រាប់ប្រទេសអ៊ុយក្រែន។
សេតវិមានបាននិយាយថា លោក Biden បាននិយាយជាមួយពួកមេដឹកនាំប្រទេសកាណាដា អ៊ីតាលី ជប៉ុន ប៉ូឡូញ រ៉ូម៉ានី ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនិងអង្គការអូតង់ រួមជាមួយរដ្ឋមន្ត្រីការបរទេសបារាំងផងដែរ។
ក្រោយមក អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមានលោក John Kirby បាននិយាយថាលោក Biden បានបញ្ជាក់ឡើងវិញនូវការតាំងចិត្តដ៏ខ្លាំងរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រប្រទេសអ៊ុយក្រែននៅពេលដែលការពារខ្លួនឯង ហើយមេដឹកនាំផ្សេងទៀតក៏បានសន្យាដូចគ្នាដែរ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters