យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបំផ្លាញដ្រូន ២៤ គ្រឿងដែលកងទ័ពរុស្ស៊ីបានបាញ់កាលពីយប់មិញ។
កងទ័ពជើងអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើដ្រូនសរុបចំនួន២៩គ្រឿងដើម្បីវាយប្រហារដោយផ្ទាល់លើតំបន់ Odesa តំបន់ Mykolaiv និងតំបន់Kirohovrad។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ត្រូវគេរំពឹងថានឹងចូលរួមនៅក្នុងកិច្ចប្រជុំមួយរបស់បណ្ដាមេដឹកនាំអឺរ៉ុបនៅក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលលោកស្វះស្វែងរកការគាំទ្របន្ថែមសម្រាប់យោធារបស់លោក ដែលក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាសផងដែរ។
លោក Zelenskyy បាននិយាយមុនកិច្ចប្រជុំនេះថា ប្រទេសអ៊ុយក្រែនកំពុងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្កើនការការពារដែនអាកាសរបស់ខ្លួននៅមុនរដូវរងាចូលមកដល់។
ស្របពេលនេះដែរ បញ្ជាការដ្ឋានយោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានបញ្ជូនគ្រាប់រំសេវប្រហែល ១,១ លានគ្រាប់ទៅឱ្យប្រទេសអ៊ុយក្រែនដែលកងទ័ពជើងទឹកអាមេរិកបានរឹបអូសពីកងទ័ពអ៊ីរ៉ង់កាលពីឆ្នាំមុននៅពេលដែលអ៊ីរ៉ង់ព្យាយាមផ្ទេរគ្រាប់កាំភ្លើងទាំងនេះទៅឱ្យយុទ្ធជន Houthi នៅក្នុងប្រទេសយេមែនដែលជាការរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។