ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថ្កោលទោស​រុស្ស៊ី​ដែល​បាន​វាយប្រហារ​​​ភូមិ​មួយ​របស់​​ខ្លួន​ដោយ​បាន​សម្លាប់​មនុស្ស​៥១​នាក់


មន្ត្រីមានសមត្ថកិច្ចអ៊ុយក្រែនពិនិត្យមើលសាកសពរបស់ពលរដ្ឋដែលត្រូវបានសម្លាប់ដោយសារការបាញ់គ្រាប់ផ្លោងរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្ស ៥១ នាក់នៅភូមិ Hroza ក្បែរតំបន់ Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣។
មន្ត្រីមានសមត្ថកិច្ចអ៊ុយក្រែនពិនិត្យមើលសាកសពរបស់ពលរដ្ឋដែលត្រូវបានសម្លាប់ដោយសារការបាញ់គ្រាប់ផ្លោងរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្ស ៥១ នាក់នៅភូមិ Hroza ក្បែរតំបន់ Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣។

មន្ត្រី​អ៊ុយក្រែន​បាន​ថ្កោល​ទោស​យ៉ាងខ្លាំង​ដល់​ការ​វាយប្រហារ​របស់​រុស្ស៊ី​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ដែល​បាន​កម្ទេច​ហាង​កាហ្វេ​មួយ​កន្លែង ដោយ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ក៏​៥១នាក់​ដែរ​ ដែល​ក្នុង​នោះ​ក៏​មាន​កុមារ​ម្នាក់​ផង​ដែរ។ ការ​វាយ​ប្រហារនេះ​កើត​ឡើង​នៅ​ចំពេល​ដែល​មាន​ពិធី​បុណ្យ​សពមួយ​នៅ​ទីនោះ។

ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP ​រាយការណ៍​ថា​ ក្រោយ​ពី​ការ​វាយប្រហារ​នៅ​ក្នុង​ភូមិ Hroza នៅ​ភាគ​ខាង​កើត​មក​ គេ​ឃើញ​បំណែក​សាកសព​ជា​ច្រើនស្ថិត​នៅ​រាយប៉ាយ​នៅ​កន្លែង​ក្មេង​លេង​មួយ​កន្លែង​នៅ​ក្បែរ​នោះ ដែល​ទទួល​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំងពី​ការ​វាយប្រហារ​នេះ។​

អភិបាល​តំបន់​ Kharkivលោក​ Oleh Syniehubov​ បាន​ប្រាប់​ទូរទស្សន៍​ BBC ថា មនុស្ស​ ១​ភាគ៥​នៅ​ក្នុង​ភូមិ​នេះត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​តែ​មួយ​លើក​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy​ ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ថ្ងៃ​នេះក្រុម​ភេវរ​ជនរុស្ស៊ីបានធ្វើ​ការ​វាយប្រហារមួយ​ ដែល​សាហាវ​ហួស​ពីសត្វតិរច្ឆាន​ទៅ​ទៀត​ ពី​ព្រោះ​វា​ជា​អំពើ​ដ៏​សាហាវ​ព្រៃ​ផ្សៃបំផុត​មួយ»។

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក​ Rishi Sunak​ បាន​ប្រាប់​ទូរទស្សន៍​ BBC ថា ​ការ​វាយ​ប្រហារទៅ​លើ​ភូមិ​ Hroza ​របស់​អ៊ុយក្រែន​នេះ​ បង្ហាញ​ពីទង្វើ​ដ៏​អាក្រក់​ព្រៃផ្សៃ​របស់​កងទ័ព​រុស្ស៊ី»។​

ការ​វាយប្រហារ​នេះ​កើត​ឡើង​នៅ​ចំ​ពេល​មានពិធី​បុណ្យ​សពទាហាន​អ៊ុយ​ក្រែន​ម្នាក់​ នៅ​ក្នុង​ភូមិ Hroza ដែល​បានស្លាប់​កាល​ពី​ឆ្នាំ​ទៅ។​ សពទាហាន​អ៊ុយក្រែន​ ត្រូវ​បាន​គេធ្វើ​ពិធី​បញ្ចុះ​ជា​ថ្មី​ឡើង​វិញ​នៅ​ក្នុងភូមិកំណើត​របស់​លោក។​

មន្ត្រី​អ៊ុយក្រែន​បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​តេឡេក្រាម​ ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​កន្លែង​អគារ​ដែល​មាន​គំនរ​ថ្មបាក់​បែក​ជា​ខ្លាំង។ គេ​ឃើញ​មាន​សាកសព​ជា​ច្រើន​ត្រូវ​បាន​ដាក់​តម្រៀប​គ្នា​នៅ​លើថ្ម​និងដែក។​

ការ​វាយប្រហារទៅ​លើ​ភូមិ Hroza របស់​អ៊ុយក្រែន​នេះ​ក៏​បាន​កើតឡើង​ នៅ​ចំពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Zelenskyy​ កំពុង​ស្ថិត​នៅក្នុង​ប្រទេស​អេស្ប៉ាញ​ ដើម្បី​បញ្ចុះបញ្ចូលក្រុម​សម្ព័ន្ធមិត្ត​លោក​ខាង​លិចនៅ​ក្នុង​សន្និសីទ​កំពូល​មួយ​ ដែល​មាន​ការ​ចូលរួម​ពី​មេដឹក​នាំសហភា​ព​អឺរ៉ុប​ប្រមាណ ​៥០​នាក់​ ដើម្បី​ឱ្យ​ផ្តល់​ជំនួយ​យោធា​បន្ថែម​ទៀតដល់​ប្រទេស​អ៊ុយក្រែន​ ក្នុង​ការ​ប្រឆាំង​នឹងការ​ឈ្លានពាន​របស់​រុស្ស៊ី។

លោកZelenskyy បាន​និយាយ​នៅ​ក្នុងសុន្ទរកថាប្រចាំ​ថ្ងៃ​របស់​លោក​ថា​ ​ពេលនេះមាន​កិច្ចព្រមព្រៀង​ច្បាស់លាស់ជា​មួយសម្ព័ន្ធមិត្ត​អឺរ៉ុប​ ក្នុង​ការទទួល​បាន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បន្ថែម​ទៀត ដែល​មាន​សារៈសំខាន់​នៅ​ពេលដែល​រដូវ​រងារ​ជិត​ចូល​មក​ដល់។​ លោក​ក៏​បាន​ប្រាប់​ផង​ដែរ​ថា​ មានការ​ព្រម​ព្រៀង​ផ្សេងៗ​ទៀត​ លើ​ការ​ផ្តល់កាំភ្លើង​ធំ​និងកាំភ្លើង​ដែលអាច​បាញ់រយៈចម្ងាយ​ឆ្ងាយ​បាន​ មក​ឱ្យអ៊ុយក្រែន​បន្ថែម​ទៀត៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters

XS
SM
MD
LG