ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ស្វះស្វែង​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​វិញ


រូបឯកសារ៖ លទ្ធផល​សរុប​នៃ​ការបោះឆ្នោត​សម្រេច​ពី​ការព្យួរ​សមាជិកភាព​របស់​ប្រទេស​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ត្រូវបាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
រូបឯកសារ៖ លទ្ធផល​សរុប​នៃ​ការបោះឆ្នោត​សម្រេច​ពី​ការព្យួរ​សមាជិកភាព​របស់​ប្រទេស​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ត្រូវបាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នឹង​រៀបចំ​ការ​បោះឆ្នោត​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​សម្រេច​ថា​តើ​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​រុស្ស៊ី​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​វិញ​ ឬ​ក៏​អត់ ​ក្នុង​ពេល​ជិត​ពីរ​ឆ្នាំ​ក្រោយ​មក​បន្ទាប់ពី​ខ្លួន​បាន​ដក​ប្រទេស​នេះ​ចេញ​ពី​ក្រុមប្រឹក្សា​នេះ​នៅ​ក្រោយ​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស​នេះ​មាន​ប្រទេស​ចំនួន ៤៧ ជា​សមាជិក ដោយ​ប្រទេស​នីមួយៗ​មកពី​ក្រុម​តំបន់​ចំនួន ៥ នៅ​លើ​ពិភពលោក។ ប្រទេស​រុស្ស៊ី​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ចង់​បាន​អាណត្តិ​ចំនួន ៣ ឆ្នាំ​នៅ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ កំពុង​ប្រជែង​ជាមួយ​នឹង​ប្រទេស​អាល់បានី​និង​ប្រទេស​ប៊ុលហ្គារី​សម្រាប់​អាសនៈ​ដែល​ទុក​សម្រាប់​តំបន់​អឺរ៉ុប​ខាង​កើត។

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​ដោយ​សំឡេង ៩៣ ទល់​នឹង ២៤ ដើម្បី​ដក​រុស្ស៊ី​ចេញ​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​កាលពី​ខែ​មេសា ឆ្នាំ ២០២២ ក្នុង​ពេល​ជិត ២ ខែ​ក្រោយ​មក​បន្ទាប់ពី​រុស្ស៊ី​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ឯកអគ្គរដ្ឋទូត​អាល់បានី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Ferit Hoxha បាន​ថ្កោលទោស​រុស្ស៊ី​ថា «ជា​អ្នក​គឃ្លើន​ឈ្លានពាន​លើ​អ្នក​ជិត​ខាង ជា​អ្នក​សម្លាប់​ជន​ស្លូតត្រង់ ជា​អ្នក​បំផ្លាញ​ដោយ​ចេតនា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល» និង​ថា​ជា​អ្នក​ដែល​មាន​មោទនភាព​ចំពោះ​ការ​ចាប់​បញ្ជូន​កុមារ​ពី​អ៊ុយក្រែន​ទៅ​រុស្ស៊ី។

អនុ​ប្រធាន​បេសកកម្ម​ការទូត​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Robert Wood បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា ប្រសិនបើ​បោះឆ្នោត​ជ្រើសរើស​រុស្ស៊ី​ឡើង​វិញ​ឱ្យ​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស នោះ​វា​គឺ​ជា «ស្នាម​ប្រឡាក់​ដ៏​អាក្រក់» លើ​ក្រុមប្រឹក្សា​នោះ នៅ​ពេល​ដែល​រុស្ស៊ី​នៅ «បន្ត​ប្រព្រឹត្តឧក្រិដ្ឋកម្ម​សង្គ្រាម​និង​អំពើ​ឃោរឃៅ​ផ្សេង​ទៀត​ដោយ​បើក​ចំហ»។

ការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​មនុស្ស ៥២ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ភូមិ Hroza នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន ដែល​ជា​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​បំផុត​មួយ​នៅ​ក្នុង​សង្គ្រាម​នេះ។ មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​មនុស្ស​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ដើម្បី​ធ្វើបុណ្យសព​ទាហាន​អ៊ុយក្រែន​ម្នាក់​ដែល​បាន​ស្លាប់។

ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៥២ នាក់​នោះ​ក៏​មាន​មេភូមិ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ស្លាប់​ចោល​កូន ៤ នាក់ និង​ប្រពន្ធ​និង​កូន​ប្រុស​របស់​ទាហាន​អ៊ុយក្រែន​ដែល​បាន​ស្លាប់​នោះ​ផង​ដែរ៕

អ្នក​យក​ព័ត៌មាន​របស់ VOA ផ្នែក​ភាសា​អ៊ុយក្រែន​អ្នកស្រី Mariia Ulianovska បាន​រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AP។

XS
SM
MD
LG