ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ស្នើ​ឲ្យ​មាន​សន្តិភាព «ឆ្នាំ​នេះ» នៅ​ខួប​ឆ្នាំ​ទី ៣ នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចូលរូមសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល «គាំទ្រអ៊ុយក្រែន» ខួបលើកទី៣ នៃការឈ្លានពានអ៊ុយក្រែនថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចូលរូមសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល «គាំទ្រអ៊ុយក្រែន» ខួបលើកទី៣ នៃការឈ្លានពានអ៊ុយក្រែនថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​មាន «សន្តិភាព​ពិត​ប្រាកដ​និង​យូរ​អង្វែង» ក្នុង​ឆ្នាំ​នេះ ពេល​មេដឹកនាំ​បណ្តា​ប្រទេស​អឺរ៉ុប​បាន​ជួប​ប្រជុំគ្នា​ក្នុង​ទីក្រុង​កៀវ​នៅ​ខួប​ឆ្នាំ​ទី ៣ នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

រុស្ស៊ី​ថា​ខ្លួន​នឹង​បញ្ឈប់​សង្គ្រាម​នេះ​ក្នុង​ករណី​ណា​ដែល​កិច្ច​ព្រមព្រៀង​មួយ​អាច​សម្រេច​បាន​ដែល «ត្រូវ​នឹង» ផល​ប្រយោជន៍​របស់​ខ្លួន​តែប៉ុណ្ណោះ និង​បាន​ចោទ​អឺរ៉ុប​ថា​ចង់​ពន្យារ​ពេល​សង្គ្រាម​នេះ។

លោក Zelenskyy បាន​ថ្លែង​ទៅកាន់​មេដឹកនាំ​ក្រុម​ប្រទេស​ដែល​គាំទ្រ​អ៊ុយក្រែន​ក្នុង​ទីក្រុង​កៀវ​ថា៖ «ឆ្នាំ​នេះ​គួរតែ​ជា​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​សន្តិភាព​ដ៏​ពិត​ប្រាកដ​និង​យូរ​អង្វែង​ហើយ»។

លោក Zelenskyy បាន​បន្ថែម​ថា៖ «[ប្រធានធិបតី​រុស្ស៊ី] លោក Putin នឹង​មិន​ផ្តល់​សន្តិភាព​ដល់​យើង​ទេ ឬ​បើ​ផ្តល់​ឲ្យ​យើង​គឺ​ផ្ដល់​ជា​ថ្នូរ​នឹង​អ្វី​មួយ។ យើង​ត្រូវតែ​ទទួល​បាន​សន្តិភាព​តាមរយៈ​ភាព​រឹងមាំ គតិបណ្ឌិត និង​សាមគ្គីភាព»។

លោក Zelenskyy ថ្លែង​ដូច្នេះ ស្រប​ពេល​សហរដ្ឋ​អាមេរិក​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​អ៊ុយក្រែន​និង​រុស្ស៊ី​គាំទ្រ​ផែនការ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នេះ។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Dorothy Shea បាន​និយាយ​ថា៖ «សេចក្ដី​ព្រាង​នៃ​សេចក្ដីសម្រេច​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ជូន​មាន​ចែង​អំពី​ចំណុច​នេះ។ សេចក្ដី​ព្រាង​នោះ​ស្នើ​ឲ្យ​មាន​ការ​បញ្ចប់​ជា​បន្ទាន់​នូវ​សង្គ្រាម​នេះ និង​ជំរុញ​បន្ថែម​ឲ្យ​មាន​សន្តិភាព​យូរ​អង្វែង​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី។ នេះ​ជា​អ្វី​ដែល​ត្រូវការ​នៅ​ពេល​ឥឡូវ​នេះ ហើយ​យើង​ជំរុញ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់ រួម​ទាំង​អ៊ុយក្រែន​និង​រុស្ស៊ី​ផងដែរ ឲ្យ​ចូលរួម​ជាមួយ​យើង​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG