សេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក និងមួយទៀតព្រាងដោយអ៊ុយក្រែន និងគាំទ្រដោយសហភាពអឺរ៉ុប ដែលអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ត្រូវបានកំណត់យកមកបោះឆ្នោតនៅថ្ងៃចន្ទនេះ នៅអង្គការសហប្រជាជាតិ។
មហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើសេចក្តីសម្រេចរបស់អ៊ុយក្រែនជាមុន។ បន្ទាប់មកបោះឆ្នោតលើសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានគេរំពឹងថានឹងរៀបចំការបោះឆ្នោតលើសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកនៅពេលក្រោយ។
សហរដ្ឋអាមេរិកអំពាវនាវឱ្យបញ្ចប់ជម្លោះភ្លាមៗ និងជំរុញបន្ថែមទៀតនូវសន្តិភាពយូរអង្វែងរវាងអ៊ុយក្រែន និងសហព័ន្ធរុស្ស៊ី។
សេចក្តីព្រាងសេចក្តីសម្រេចរៀបចំដោយអាមេរិកមិនបាននិយាយអំពីការលុកលុយពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីបីឆ្នាំមុននៅថ្ងៃចន្ទនេះទេ។
សេចក្តីសម្រេចរបស់អ៊ុយក្រែនមានលក្ខណៈកាន់តែទូលំទូលាយដោយចែងថា ការលុកលុយរបស់រុស្ស៊ី «បានអូសបន្លាយរយៈពេលបីឆ្នាំ ហើយបន្តមានផលវិបាកយ៉ាងធ្ងន់ធ្ងរ និងយូរអង្វែង មិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ផ្សេងទៀត និងស្ថិរភាពពិភពលោក»។
សេចក្តីសម្រេចនេះអំពាវនាវឱ្យមាន «ការបន្ថយការកើនឡើងកម្តៅ ការបញ្ឈប់អរិភាព និងដំណោះស្រាយប្រកបសន្តិវិធីឱ្យបានឆាប់» និងគូសបញ្ជាក់ពីតម្រូវការឲ្យសង្គ្រាមបញ្ចប់នៅឆ្នាំនេះ៕
វេទិកាបញ្ចេញមតិ