ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថា​ចក្រភព​អង់គ្លេស​និង​បារាំង​ពិនិត្យមើល​ពីការបង្កើត​កងកម្លាំង​ប្រតិបត្តិការ


ស្ត្រី​ម្នាក់​ដើរ​កាត់​ការ​តាំង​ពិព័រណ៍​រថយន្ត​យោធា​រុស្ស៊ី​ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​លើ​ទីលាន Mykhailivska ក្នុង​ក្រុងកៀវ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ស្ត្រី​ម្នាក់​ដើរ​កាត់​ការ​តាំង​ពិព័រណ៍​រថយន្ត​យោធា​រុស្ស៊ី​ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​លើ​ទីលាន Mykhailivska ក្នុង​ក្រុងកៀវ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ចក្រភព​អង់គ្លេស​និងប្រទេសបារាំង​កំពុង​ដឹកនាំ​ការប៉ុនប៉ង​ដើម្បី​បង្កើត​«កងកម្លាំង​ប្រតិបត្តិការណ៍»​ អឺរ៉ុប​ដែល​មានកងទ័ព​ចំនួន​តិច​ជាង៣ម៉ឺន​នាក់​ដើម្បី​ការពារ​ប្រទេស​អ៊ុយក្រែន​បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ណាមួយ​ជាមួយ​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​បណ្តាញ​សារព័ត៌មាន​របស់​ចក្រភព​អង់គ្លេសដែល​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ហើយ​ត្រូវ​បាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ថ្លែង​ទៅកាន់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ប្រភព​ពីមន្ត្រី​បារាំងដែល​ជិតស្និទ្ធ​នឹង​ការពិ ភាក្សា​បាន​បញ្ជាក់​មួយផ្នែក​ពី​សេចក្តី​រាយការណ៍​ទាំង​នោះ​ដោយ​និយាយ​ថា​បារាំង​បាន​ធ្វើការ​ជាមួយ​ប្រទេស​នានា​នៅ​អឺរ៉ុប​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ពី​ការធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន​នៅ​ក្នុង​ពេល​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា។

សំណើ​របស់​ចក្រភព​អង់គ្លេស​និង​បារាំង​ដែល​និយាយ​យោងទៅលើ​ពួក​មន្ត្រីលោក​ខាង​លិច​ដែល​មិន​ប្រាប់​ឈ្មោះ​ ទំនង​នឹង​ផ្តោត​លើ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​និង​នាវា​ចរណ៍ ដោយ​មាន​កងកម្លាំង​ថ្មើជើង​«តិចតួច»​និង​គ្មាន​កងទ័ព​ដាក់ពង្រាយ​នៅ​ជិត​សមរភូមិ​ផ្នែក​ខាង​កើត​ទេ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត Guardian។

កាសែត Times បាន​រាយការណ៍​ថាការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ទម្រង់​ការពារ​ពី«ដែន​អាកាស»​នឹង​មាន​សារៈសំខាន់​ដល់​ផែនការ​ដែល​នឹង​ស្វះស្វែង​រកការ​ទប់​ទល់រុស្ស៊ី​កុំ​ឱ្យ​រំលោភ​លើ​កិច្ចព្រមព្រៀង​ណា​មួយ។

កាសែត Financial Times បាន​ដកស្រង់​សម្តី​មន្ត្រី​ប្រទេស​លោក​ខាង​លិច​ម្នាក់​មក​ចុះ​ផ្សាយ​ថា«វិស័យ​មួយ​ដែល​យើង​មាន​ប្រៀប​ខ្លាំង​ជាង​ប្រទេស​រុស្ស៊ី​គឺ​សមត្ថភាព​ដែន​អាកាស​របស់​យើង​ដើម្បី​ឆ្លើយតប​ដល់​ការរំលោភ​ទាំង​កម្រោល​លើ​បទ​ឈប់បាញ់​គ្នា»។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថាតើ​ការពិចារណា​នេះ នឹង​បំពេញចិត្ត​រដ្ឋាភិបាល​អ៊ុយក្រែន​ឬ​ត្រូវ​ទទួល​យកបាន​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដែរ​ឬ​ទេ។

ប្រភព​បារាំង​មួយ​ដែល​ជិតស្និទ្ធ​នឹង​ការពិភាក្សា​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ​ក្នុង​លក្ខខណ្ឌ​មិន​ប្រាប់​ឈ្មោះ​ថា«យើង​កំពុង​ពិភាក្សា​អំពី​ការដាក់​ពង្រាយ​កង​កម្លាំង​ដែល​នឹង​កើត​ឡើង​បន្ទាប់ពី​បទ​ឈប់​បាញ់​គ្នា»។

ប្រភព​នោះ​និយាយ​ថា​បារាំង​នឹង​ស្ថិត​នៅ​ក្នុង​តួនាទី​គាំទ្រ​នោះ។

ប្រភព​នោះ​និយាយ​ទៀត​ថា​បេសកកម្ម​នេះ នឹង​ទាក់ទិន​កងកម្លាំង​មកពី​ប្រទេស​បារាំង ចក្រភព​អង់គ្លេស​និង​ប្រទេស​ផ្សេងៗ​ទៀត​រួមមាន​ដាណឺម៉ាក​និង​ប្រទេស​នានា​នៅ​តំបន់​បាល់​កង់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG