អ៊ុយក្រែននិងសហរដ្ឋអាមេរិកនៅតែចរចាគ្នាអំពីកិច្ចព្រមព្រៀងផ្តល់សិទ្ធិពិសេសដល់សហរដ្ឋអាមេរិកក្នុងការទទួលបានធនធានរ៉ែរបស់អ៊ុយក្រែន ទោះបីជាមានជម្លោះរវាងមេដឹកនាំនៃប្រទេសទាំងពីរក៏ដោយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសុក្រ ដែលយោងលើប្រភពមួយក្នុងទីក្រុងកៀវ។
ទីប្រឹក្សាកំពូលនានារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារដោយពាក្យសម្តីលើមេដឹកនាំអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាជា «ជនផ្តាច់ការ» និងថាអ៊ុយក្រែន «បានចាប់ផ្តើម» សង្គ្រាមជាមួយរុស្ស៊ី។
សង្គ្រាមពាក្យសម្តីនេះបានធ្វើឲ្យអ៊ុយក្រែននិងអឺរ៉ុបភ្ញាក់ផ្អើល។ នេះជាសញ្ញាមួយបង្ហាញថាលោក Trump បានលះបង់ចោលការគាំទ្រដ៏យូរមកហើយរបស់អាមេរិកចំពោះអ៊ុយក្រែននៅពេលលោកបើកការចរចាជាមួយរុស្ស៊ីអំពីការដោះស្រាយសង្គ្រាមនេះ។
សហរដ្ឋអាមេរិកគឺជាប្រទេសគាំទ្រនយោបាយ យោធា និងហិរញ្ញវត្ថុដ៏សំខាន់ជាងគេទាំងអស់របស់អ៊ុយក្រែនតាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ ២០២២ មក។ មហាអំណាចបស្ចិមប្រទេសនានាបានថ្កោលទោសទង្វើរបស់រុស្ស៊ីថាជាសង្គ្រាមឈ្លានពានទាំងទទឹងទើសនិងខុសច្បាប់។
ទោះបីជាមានភាពតានតឹងរវាងលោក Zelenskyy និងលោក Trump ក៏ដោយ ក៏ការចរចាអំពីកិច្ចព្រមព្រៀងដែលអាចផ្តល់សិទ្ធិពិសេសដល់សហរដ្ឋអាមេរិកឲ្យអាចទទួលបានធនធាននិងរ៉ែសំខាន់ៗរបស់អ៊ុយក្រែននៅ «កំពុងដំណើរការ» កាលពីថ្ងៃសុក្រ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ដែលដឹងអំពីរឿងនេះ៕
វេទិកាបញ្ចេញមតិ