រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានជួបជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា លោកស្រី Chrystia Freeland កាលពីថ្ងៃច័ន្ទ ដោយបានសន្យាធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាជាច្រើន ចាប់ពីការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីរហូតដល់ការបង្កើនផលិតកម្មថាមពល និងការពង្រឹងសង្វាក់ផ្គត់ផ្គង់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយថា អំឡុងទស្សនកិច្ចនេះ លោកស្រី Yellen បានបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងសម្ព័ន្ធមិត្តអាមេរិកខាងជើងនេះ បានទៅទស្សនាអាជីវកម្មភ្ញាស់សត្វ និងចូលរួមក្នុងវេទិកាសាធារណៈនៅសាកលវិទ្យាល័យ Toronto (តូរ៉ុនតូ)។ នៅពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុទាំងពីរចាប់ផ្តើមកិច្ចប្រជុំទ្វេភាគី លោកស្រី Freeland បាននិយាយថា៖ «ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងពិភាក្សាជាមួយលោកស្រីរដ្ឋមន្ត្រី Yellen អំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលប្រទេសរបស់យើងទាំងពីរប្រឈមមុខ» ។
លោកស្រី Freeland បន្តថា បញ្ហានានារួមមានការពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី និងការជំរុញកំណែទម្រង់ពន្ធសកល។ លោកស្រី Yellen បាននិយាយថា៖ «យើងក៏អាចធ្វើការរួមគ្នាជំរុញផលិតកម្មថាមពល ដែលអឺរ៉ុប និងប្រទេសផ្សេងទៀតត្រូវការយ៉ាងខ្លាំង»។
លោកស្រី Yellen ថ្លែងថា រដ្ឋមន្ត្រីទាំងពីរក៏នឹងពិភាក្សាអំពីផែនការរយៈពេលមធ្យមក្នុងការផ្លាស់ប្តូរទៅកាន់ប្រភពថាមពលស្អាតផងដែរ។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអតិផរណា។
សេចក្តីថ្លែងការណ៍នោះបានបញ្ញាក់ថា៖ «រដ្ឋមន្ត្រីទាំងពីរក៏នឹងពិភាក្សាផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយផលវិបាកជាសាកលដោយសារការឈ្លានពានរបស់រុស្ស៊ី រួមទាំងតម្រូវការជំរុញការផលិតឥន្ធនៈហ្វូស៊ីលក្នុងរយៈពេលខ្លី ដើម្បីទប់ទល់តម្លៃសាំងថ្លៃ ព្រមទាំងបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃបច្ចេកវិទ្យាថាមពលស្អាត សម្រាប់ដោះស្រាយក្នុងរយៈពេលមធ្យម»។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Yellen ក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។ នៅថ្ងៃអង្គារនេះ លោកស្រី Yellen នឹងទៅសួរសុខទុក្ខកុលសម្ព័ន្ធ Rosebud Sioux ក្នុងរដ្ឋ South Dakota ដើម្បីពិភាក្សាអំពីលទ្ធផលនៃការផ្តល់មូលនិធិចំនួន ២០ ពាន់លានដុល្លារសម្រាប់សហគមន៍កុលសម្ព័ន្ធ ដែលមានចែងក្នុងច្បាប់ស្តីពីគម្រោងជំនួយអាមេរិកអំឡុងមានការរាតត្បាតនៃជំងឺកូវីដ១៩ កាលពីឆ្នាំមុន៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters