សហរដ្ឋអាមេរិកនិងរុស្ស៊ីបានស្តីបន្ទោសគ្នាទៅវិញទៅមកនៅថ្ងៃព្រហស្បតិ៍នេះចំពោះស្ថាន ភាពស្បៀងអាហារដ៏អាក្រក់បំផុតនៅជុំវិញពិភពលោក នៅពេលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនរីកកាន់តែធំឡើងនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអំពាវនាវដល់រុស្ស៊ី ឱ្យអនុញ្ញាតការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលត្រូវបានជាប់គាំងនៅកំពង់ផែនានានៅសមុទ្រខ្មៅ។ អ៊ុយក្រែនជាប្រ ទេសផលិតស្រូវសាឡីដ៏ធំបង្អស់មួយរបស់ពិភពលោក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងក្នុងអំឡុងនៃជំនួបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកថា«រុស្ស៊ីត្រូវបញ្ឈប់ការបិទកំពង់ផែនានានៅសមុទ្រខ្មៅ ហើយអនុញ្ញាតឱ្យកប៉ាល់ រទេះភ្លើងនិងរថ យន្តធំៗទាំងអស់ធ្វើដំណើរដោយសេរីដើម្បីដឹកស្បៀងអាហារចេញពីប្រទេសអ៊ុយក្រែន»។
លោកBlinken បានថ្លែងបន្តទៀតថា «រុស្ស៊ីត្រូវបញ្ឈប់ការគំរាមកំហែងមិនឱ្យដឹកស្បៀងអា ហារនិងជីមកពីបណ្តាប្រទេសដែលរិះគន់សង្គ្រាមឈ្លានពានរបស់ខ្លួននោះ»។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vassily Nebenzia បានតបតវិញដោយនិយាយថា ប្រទេសរបស់លោកត្រូវបានគេស្តីបន្ទោសចំពោះទុក្ខលំបាករបស់ពិភព លោក។
លោកបាននិយាយថា ពិភពលោកបានទទួលការឈឺចាប់ជាយូរយាមកហើយ មកពីវិបត្តិស្បៀងអាហារដែលបណ្តាលមកពីអតិផរណា ដែលកើតចេញពីការឡើងថ្លៃនៃការធានារ៉ាប់ រងនិងការឆក់ឱកាសរបស់ទីផ្សាររបស់ប្រទេសលោកខាងលិច។
លោកបានជជែកឱ្យហេតុផលថា កំពង់ផែរបស់អ៊ុយក្រែនត្រូវបានរារាំងដោយអ៊ុយក្រែនខ្លួនឯង ដែលបានដាក់គ្រាប់មីននៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅនោះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានតបតវិញថា«ការដាក់ទណ្ឌ កម្ម មិនបានរារាំងរុស្ស៊ីមិនឱ្យនាំចេញស្បៀអាហារនិងជីនោះទេ»។
មួយថ្ងៃបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវ នាវដល់រុស្ស៊ីឱ្យអនុញ្ញាតនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនមក ប្រទេសចំនួន៨០បាន ចូលរួមនៅក្នុងជំនួបរបស់ក្រុមប្រឹក្សានៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្តែងនូវក្តីកង្វល់ដ៏លើសលប់អំពីហានិភ័យនៃកង្វះស្បៀងអាហារនេះ៕