ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Zelenskyy ​ទទួល​ស្គាល់​ពី​ការ​លំបាក​ក្នុង​ការ​ការ​ពារ​​តំបន់​ខាង​កើត​ប្រទេស​អ៊ុយក្រែន


នៅក្នុងរូបថតផ្តល់ដោយការិយាល័យសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២២ នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានផ្តល់រង្វាន់ដល់ទាហានម្នាក់នៅពេលលោកទៅទស្សនកិច្ចតំបន់ Mykolaiv ដែលរងគ្រោះដោយសង្រ្គាម។
នៅក្នុងរូបថតផ្តល់ដោយការិយាល័យសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២២ នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានផ្តល់រង្វាន់ដល់ទាហានម្នាក់នៅពេលលោកទៅទស្សនកិច្ចតំបន់ Mykolaiv ដែលរងគ្រោះដោយសង្រ្គាម។

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​ទទួល​ស្គាល់​ថា វា​មាន​ការ​លំបាក​ក្នុងការ​ព្យាយាមការ​ពារ​តំបន់ខាង​កើត​ប្រទេស​អ៊ុយក្រែន​ ប៉ុន្តែកងកម្លាំង​រុស្ស៊ី​នឹង​បន្តប្រឈម​នឹង​ការតស៊ូ​ដ៏​ស្វិតស្វាញ​របស់កងកម្លាំង​អ៊ុយក្រែន។​ ​

នៅ​ក្នុង​សុន្ទករថា​ពេល​រាត្រី​របស់​លោកកាល​ពី​យប់​ថ្ងៃចន្ទ លោក Zelenskyy ​និយាយ​ថា​ កង​កម្លាំងអ៊ុយក្រែន​កំពុង​ប្រយុទ្ធដើម្បី​ការពារទីក្រុង​ Lysychansk ​និង​ទីក្រុង​ Sievierodonetsk​ នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន និង​តំបន់​ទាំង​មូល​ផង​ដែរ។

លោក​បាន​និយាយ​នៅក្នុង​សុន្ទកថា​នោះ​ថា ​«យើង​មាន​ការ​លំបាក​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​ប្រយុទ្ធ​នៅ​ទី​នោះ​ ប៉ុន្តែ​យើង​មាន​កងកម្លាំង​ដ៏​ខ្លាំង​របស់​យើង ទាំង​បុរស​ និង​ស្ត្រី​ ​នៅ​ទី​នោះ។​ អ្នក​ឈ្លានពាន​ប្រឈម​ការ​ទប់​ទល់​ចំពោះ​សកម្មភាព​របស់​ពួក​គេ​មក​លើ​ពួក​យើង»។​

អភិបាលតំបន់​ Luhansk​ លោក​ Serhiy Haidai ​បាន​និយាយតាម​ទូរទស្សន៍ជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ស្ថាន​ភាព​នៅ​ក្នុង​ខេត្ត​ភាគខាង​កើត​មាន​ការ​«លំបាក​ខ្លាំង​ណាស់»។ ​

លោក​បាន​និយាយ​ថា​ កង​កម្លាំងរបស់​រុស្ស៊ី​បាន​គ្រប់គ្រងទីក្រុង​ Sievierodonetsk របស់​ខេត្ត​នេះ​ស្ទើរ​តែ​ទាំង​ស្រុង​ ហើយ​កង​កម្លាំង​អ៊ុយក្រែន​នៅ​គ្រប់គ្រង​តែ​មួយ​ផ្នែក​តូច​នៃទីក្រុង​នេះប៉ុណ្ណោះ​ គឺ​នៅ​ជុំវិញតំបន់​រោងចក្រ​គីមី ​Azot ​ដែល​ជាកន្លែង​ដែល​កងទ័ព​អ៊ុយក្រែន​ និងជន​ស៊ីវិល​ប្រមាណ​៥០០​នាក់​កំពុងជ្រកកោន។​ ​

​លោក Zelenskyy កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ ក៏​បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ថា​ បាន​យក​ទ្វីបអាហ្វ្រិក​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ក្នុង​ការរាំង​ខ្ទប់មិន​ឱ្យ​ដឹក​ជញ្ជូន​ស្រូវ​សាឡី​ចេញ​ទៅ​កាន់​ទី​នោះ​ ដែល​ជំរុញ​ឱ្យ​តម្លៃ​ស្បៀង​អាហារ​នៅ​ក្នុង​ទ្វីប​នេះឡើង​ថ្លៃ​ជា​ខ្លាំង​នោះ។​

ប្រទេស​រុស្ស៊ី​បាន​បដិសេធថា​ ខ្លួន​មិន​មាន​បំណង​រាំង​ខ្ទប់ការ​នាំ​ចេញ​ស្រូវសាឡីពី​ប្រទេស​អ៊ុយក្រែន​ ហើយ​បាន​ដាក់​ការ​ស្តី​បន្ទោស​ថា​ ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច​ធ្វើ​ឱ្យ​ស្បៀង​អាហារ​សាកលឡើង​ថ្លៃ។

នៅ​ថ្ងៃ​ចន្ទម្សិលមិញ​នេះ​ផង​ដែរ​ ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ លោក​ស្រី​ Janet Yellen ​និង​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញ​វត្ថុ​កាណាដា​ លោក​ស្រី Chrystia Freeland​ បាន​ជួប​ប្រជុំ​គ្នានៅ​ក្នុង​ទីក្រុង​ Toronto​ ប្រទេស​កាណាដា​ ដើម្បី​ពិភាក្សាលើ​ការដាក់​ទណ្ឌកម្ម និងវិធី​ផ្សេងៗ​ទៀត​ ក្នុង​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី។ ​

លោក​ស្រី​ Yellen ​បាន​និយាយ​នៅ​ពេល​ចាប់ផ្តើម​នៃ​ជំនួប​នោះ​ថា​ ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​នឹង​ពិភាក្សា​គ្នា​ផង​ដែរ​ ទៅ​លើការ​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​ជំរុញការ​ផលិត​ថាមពលដើម្បី​ទប់​ទល់​នឹង​ការ​ឡើង​ថ្លៃខ្ពស់​នៃ​ថាមពលឧស្ម័ន​នោះ៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP, Reuters និង AFP។)

XS
SM
MD
LG