ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំសហ​ជីព៖ ការព្យួរ​ការងារ​របស់​កម្មករ​បន្ត​កើតមាន គ្រា​ស្ថានភាព​សេដ្ឋកិច្ច​មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង


រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​ក្រោម​ដើម​ឈើ​មួយ​ដើម នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​ក្រោម​ដើម​ឈើ​មួយ​ដើម នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។

នា​ពេល​ពេល​បច្ចុប្បន្ន​នេះ​ រោង​ចក្រកាត់​ដេរ​ប្រមាណ៣០​ ​បាន​ព្យួរ​ការងារ​កម្មក​រ​ជិត​២​ម៉ឺន​នាក់ ​ដែល​ការណ៍​នេះ​ ​បានធ្វើ​ឱ្យ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​ និង​ជីវ​ភាព​ធ្ងន់​ធ្ងរទៅ​លើ​កម្មករ​ បើ​ទោះ​បី​ពួក​គេ​ទទួល​បា​ន​ប្រាក់​ឧប​ត្ថម្ភ​ចំនួន​៧០​ដុល្លារ​អាមេ​រិក​ពី​រដ្ឋា​ភិបាល និង​ថៅ​កែ​រោង​ចក្រក្តី​។ ​នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​ក្រុម​មេដឹក​នាំ​សហជីព​ដែល​ការ​ពារ​ប្រយោ​ជន៍​កម្មករ​។

​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីត្រូវ​ការ​ចាំបាច់​របស់​កម្មករ​រោងចក្រ​ដែល​បាន​បាត់​បង់​ការងារ​ ក្រុម​មេដឹកនាំ​សហ​ជីព​ បាន​ស្នើ​ក្រសួង​ការងារ​ និង​ថៅ​កែ​រោង​ចក្រ​ គិត​គូរផ្តល់​ប្រាក់​ឧប​ត្ថម្ភ​នៃ​ការព្យួរការងារ​ឱ្យ​បាន​៥០% ​នៃ​ប្រាក់​ខែ​គោល​ ដើម្បី​ឱ្យ​កម្មករ​ដោះ​ស្រាយ​ជីវ​ភាព​បាន​។ ពួក​គេ​បន្ថែម​ថា​ ​រដ្ឋា​ភិ​បាល​ក៏ត្រូវ​ពិនិត្យ​តាម​រោង​ចក្រទាំង​នោះ​ឱ្យ​បាន​ជាប់​លាប់​ ព្រោះ​បច្ចុ​ប្បន្ន​ កល​ល្បិច​ថ្មី​កំពុង​កើត​មាន​ ​ក្រោម​រូប​ភាពម្ចាស់​រោង​ចក្រ​ខ្លះបិទ​រោង​ចក្រ​ចាស់ទៅ​បើក​រោង​ចក្រ​ថ្មី ​ដើម្បី​គេច​វេះ​ មិន​ចង់​ផ្តល់​ប្រាក់​អតីត​ភាព​កា​រ​ងារ​ដល់​កម្មករ។ ​

​ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក ​អាត់ ធន់ ​ប្រាប់​វីអូអេថា​៖ ​«​ជា​រួម​យើងគិ​ត​ថា ​ប្រហែល​ជា​៣០ក្រុម​ហ៊ុន​ ហើយ​នៅ​ក្នុង​នោះ​ប្រហែល​ជាជិត​២​ម៉ឺន​នាក់​ ​ដែល​យើង​មើល​តាម​របាយ​ការណ៍ដែល​ក្រសួង​ការងារ​ចេញ​ផ្តល់​ប្រាក់​ឧប​ត្ថម្ភ​៤០​ដុល្លារ​»​។

​បើ​តាម​ លោក អាត់ អន់ ​ការ​បន្ត​ព្យួរ​ការងារ​ នៅ​តាម​រោង​ចក្រ​បែប​នេះ​ គឺ​មួយ​ផ្នែក​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋ​កិច្ច​ស​កល​ និងមួយ​ផ្នែក​ទៀត​អាច​បណ្តាល​មក​ពីការ​បាត់​បង់ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហ​ភាព​អឺរ៉ុប​ ហៅ​កាត់​ថា​EBA​២០%​ ​និង​ការ​មិន​ទាន់​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​អាមេ​រិក​ ហៅ​កាត់​ថាGSP​ឡើង​វិញ​។

​លោក​ថ្លែង​ថា៖ ​«​វិបត្តិ​សកល​ វា​ពាក់​ព័ន្ធ​នឹង ​GSP​ និង​ EBA​ ហ្នឹ​ង​ឯង។ ​ហើយ​ពាក់​ព័ន្ធ​ល្បិច​អាក្រក់​របស់​ក្រុម​ហ៊ុន​ហ្នឹង​ គ្រាន់​តែ​គាត់​មិន​អនុវត្ត​ច្បាប់​ ហើយមន្ត្រី​អធិការ​យើង​ខ្សោយអត់​តាម​ដាន​គាត់​។ ​អ៊ីចឹង​គាត់​មាន​ក្រុម​ហ៊ុA​អ៊ីចឹង​ គាត់​ទៅ​បើកB ​បន្ទាប់​មក​គាត់​យក​អីវ៉ាន់​ពីAទៅ​ដាក់ B​ យូរ​ៗ​ទៅ ​Aអត់​ការងារ​ធ្វើ​គាត់​បិទ​អាហ្នឹងទៅ ហើយ​គាត់​ចំណេញ​គ​រគោក​ ហើយ​គាត់​ទៅ​បើក​ថ្មី ​គាត់​ចំណេញ​ឱកាស​វិនិ​យោគ​ពី​រដ្ឋ​បន្ថែម​ទៀត អ៊ីចឹង​អាហ្នឹង​ជា​ល្បិច​អាក្រក់​របស់​ក្រុម​ហ៊ុន​»​។

ក្រៅពីនេះ​ លោកជំរុញ​ឱ្យ​ក្រសួង​ការងារ ​ត្រូវ​តែ​ត្រួត​ពិនិត្យ​រោង​ចក្រ​ដែល​សម្រេច​ព្យួរ​កម្មករ​ ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់ ​និង​ត្រូវ​ចាប់​មន្ត្រី​ខិល​ខូច ដែល​គប់​គិត​ជាមួយ​រោង​ចក្រ​ យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ ដើម្បី​បញ្ចៀស​ភាព​អយុត្តិ​ធម៌ ដែលធ្លាក់​លើ​កម្មករ​បម្រើ​ការ​ក្នុងវិស័យ​វាយ​ន​ភណ្ឌ​នេះ​។

ប្រធាន​សហ​ជីព​សហ​ព័ន្ធ​កម្មករ​កម្ពុជា ​លោក ប៉ាវ ស៊ីណា ​លើក​ឡើង​ថា ​ការ​ព្យួរ​ការងារ​កម្មករ​រោង​ចក្រ​នេះ ​បណ្តាល​មក​ពី​ ​តម្រូវ​ការនៃការ​បញ្ជា​ទិញ​ពី​បរទេស​ មាន​ការ​ធ្លាក់​ចុះ ​ប៉ុន្តែ​បញ្ហា​នេះ​កើត​ឡើង​ទូទាំង​សកល​លោក​។

ជា​មួយ​គ្នា​នេះ ​លោក​ថា ​ការ​ឧបត្ថម្ភ​ធន​ សម្រាប់កម្មករដែល​ត្រូវ​បាន​ព្យួរ​ការងា​រ​ ពី​សំណាក់​រដ្ឋា​ភិបាល និងភាគី​ថៅកែ​រោង​ចក្រ​ចំនួន​៧០​ដុល្លារ​ក្នុងមួយ​ខែ គឺជារឿងល្អ ​ប៉ុន្តែ​ចំនួន​នេះ ​មិន​ទាន់​ឆ្លើយ​តបទៅនឹងតម្រូវ​ការ​ និង​ដោះស្រាយ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​របស់​កម្មករ​បាន​នៅ​ឡើយ​ទេ ដូច្នេះរដ្ឋាភិបាល និង​រោងចក្រ ​គួរ​គិត​គូរ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ឱ្យ​បាន​៥០%​នៃ​ប្រាក់​ឈ្នួល​គោល​ ដើម្បី​អាច​ជួយ​សេដ្ឋ​កិច្ច​កម្មករបាន​ ​នៅពេល​ដែល​ពួក​គេកំពុងប្រឈម​ភាព​គ្មាន​ការងា​រធ្វើ​។

​លោក​ប្រាប់​វីអូអេ​ថា​៖ ​«​ខ្ញុំ​គិត​ថា ​យ៉ាង​ហោច​ណាស់​ក៏​កម្មករ​ត្រូវ​ទទួល​បានប្រាក់​ឈ្នួល​គាត់​៥០% ​នៃ​ប្រាក់​ឈ្នួល​គោល​ដែរ។ ​មាន​ន័យ​ថា បើនិយោ​ជក​ជួយ[​ឧបត្ថម្ភ​] ៣០ដុល្លារ ​ រដ្ឋា​ភិបាល​គួរ​តែ​បន្ថែម​៧០​ដុល្លារ ​ដើម្បី​ឱ្យ​គ្រប់១០០​ដុល្លារ​ ​ឱ្យ​ស្មើ​៥០% នៃ​ប្រាក់​ខែគោល ឬ​មួយ​ក៏តម្រូវ​ឱ្យ​និយោ​ជកបន្ថែម​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​ព្យួរ​ការងារ​៥០​ដុល្លារ​ ​រដ្ឋា​ភិបាល​ជួយ​៥០​ដុល្លារ ធ្វើ​ម៉េច​ក៏​ដោយ​ឱ្យ​កញ្ចប់​ថវិកា​គាត់​ហ្នឹង​យ៉ាងហោច​ណាស់​ទទួលបាន​៥០%​នៃ​ប្រាក់​ឈ្នួល​គោល​ដែរ ​ដើម្បី​កាត់​បន្ថយ​ការ​លំបាក​របស់​បង​ប្អូន​កម្មករ​ក្នុង​អំឡុង​ពេល​ដែល​គាត់​ពុំ​មាន​ការងារ​ធ្វើគ្រប់​គ្រាន់»​។

បើ​តាមលោក ប៉ាវ ស៊ីណា ​បច្ចុប្បន្ន​ កម្ពុជា​មាន​រោង​ចក្រ ​ផ្នែក​វាយ​ភណ្ឌ​កាត់​ដេរ ​សរុប​ជាង​១៣០០​រោង​ចក្រ​ ដែល​មានកម្មករ ​កម្មការិនី ​ប្រមាណជាង​៨៣​ម៉ឺន​នាក់។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​អគ្គ​លេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​ឬ​ GMAC​ លោក​ ខេន លូ​ បាន​នៅ​ឡើយ​ទេ​។

​វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក ​ហេង សួរ​ រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​បាន​នៅ​ឡើយ​ដែរ​។

​អ្នក​ស្រី​ ម៉ៅ ស្រី​មុំ ​ដែល​ធ្លាប់​ត្រូវ​បាន​ព្យួរ​ការងារ​អស់​រយៈ​ពេល​ពីរ​ខែ​ ប្រាប់​វីអូអេ​ថា ​អំឡុង​ពេល​ព្យួរ​ការងារ​នោះ ​អ្នក​ស្រីប្រឈម​បញ្ហា​សេដ្ឋ​កិច្ច​ខ្លាំង​ ដោយ​សារ​គ្មាន​ប្រាក់ចំណូល។ អ្នក​ស្រី​ត្រូវ​ស្វះ​ស្វែង​រក​ការងារ​ធ្វើ ​ដើម្បី​អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​ ដោះ​ស្រាយ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​គ្រួសារ​ ព្រោះ​អ្នកស្រី​មិន​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពីរដ្ឋា​ភិបាល ​និង​រោង​ចក្រនោះ​ទេ អំឡុង​ពេល​ដែល​អ្នកស្រី​ត្រូវ​បាន​ផ្អាក​ពី​ការងារ។

អ្នកស្រី​ថ្លែង​ថា​៖ «អត់​ទទួល​លុយ​អ្នក​ណា​ផង​ ​ដើ​រ​[ធ្វើការ​]ស៊ី​ថ្ងៃ​គេ​ យក​លុយ​ទិញ​បាយ ​ទិញ​អីហូប​អ៊ីចឹង​ទៅ​ព្រោះ​អីយើង​អត់​មាន​ប្រាក់​ឈ្នួល​»​។

អ្នក​ស្រី ​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​ និង​ក្រសួង​ការងារ គិត​គូរ​អំពី​ជីវ​ភាព​របស់កម្មករ ព្រោះ​អ្នក​ស្រី​តែង​តែ​ប្រឈម​បញ្ហា​សេដ្ឋ​កិច្ច ដែល​ត្រូ​វចំណាយ​សព្វ​សារ​ពើ​ ទាំង​ថ្លែ​ផ្ទះ​ជួល និង​ការ​ហូប​ចុក​ជាដើម​។ អ្នក​ស្រី​ ក៏​ព្រួយ​បារម្ភ​ខ្លាច​ថា​ រោង​ចក្រ​ ត្រូវ​បិទ​ទ្វារ ​និង​ព្យួរ​ការ​ងារ​សារ​ជាថ្មី ​ដែល​អាច​ធ្វើ​ឱ្យប៉ះ​ពាល់ជីវ​ភាព​អ្នក​ស្រី​ជាថ្មី​ម្តង​ទៀត​ផង​ដែរ​៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG