ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រសម្រាប់ឆ្នាំ២០២៤ បានឈានចូលដល់ការដាក់សំណើតួលេខរវាងភាគីសហជីព និងនិយោជក ដោយភាគីសហជីពទាមទារដំឡើង១៥ដុល្លារអាមេរិក តែភាគីនិយោជកថា មានលទ្ធភាពដំឡើងឱ្យកម្មករត្រឹម១ដុល្លារតែប៉ុណ្ណោះ បន្ថែមលើប្រាក់ឈ្នួលគោលបច្ចុប្បន្ន ដែលមានចំនួន២០០ដុល្លារអាមេរិក។
ខណៈការចរចាប្រាក់ឈ្នួលកំពុងបន្ត កម្មករមួយចំនួននៅទីក្រុងភ្នំពេញបានត្អូញត្អែរថា ប្រាក់ឈ្នួលសព្វថ្ងៃនៅមានកម្រិតទាប ដែលធ្វើឱ្យពួកគេប្រឈមមុខនឹងផលវិបាកក្នុងការចាយវាយប្រចាំថ្ងៃ និងការចំណាយលើការរៀនសូត្រកូនៗរបស់ពួកគេ។
កម្មករខ្លះបានឱ្យដឹងទៀតថា បន្ទុកបំណុលធនាគារ និងតម្លៃទំនិញដែលកើនឡើងខ្ពស់ រឹតតែដាក់សម្ពាធលើពួកគេ ដែលតម្រូវឱ្យមានការដំឡើងប្រាក់ឈ្នួលសមរម្យមួយនៅឆ្នាំ២០២៤។
នៅឯតំបន់ផ្លូវវេងស្រេង កម្មកររោងចក្របានស្នើឱ្យរដ្ឋាភិបាលជួយសម្រួលឱ្យមានការដំឡើងប្រាក់ឈ្នួលពីចន្លោះ២១០ទៅ២២០ដុល្លារអាមេរិក ដើម្បីអាចឆ្លើយតបទៅនឹងស្ថានភាពនៃការកើនឡើងថ្លៃទំនិញនៅលើទីផ្សារ និងការចំណាយផ្សេងទៀតដូចជាថ្លៃជួលបន្ទប់ស្នាក់នៅជាដើម។ ពួកគេក៏ចង់ឃើញរដ្ឋាភិបាលមានវិធានការជាក់លាក់ដើម្បីទប់ស្កាត់អត្រាអតិផរណានៃទំនិញលើទីផ្សារ។
កំពុងអង្គុយជជែកគ្នាជាមួយកម្មការិនីផ្សេងទៀត នៅក្រោមដើមឈើតូចមួយ នៅខាងមុខរោងចក្រមួយ ស្ថិតនៅក្នុងតំបន់វេងស្រេង ក្នុងរាជធានីភ្នំពេញ អ្នកស្រី ខេង រ៉ាទី អាយុ៣៦ឆ្នាំបានរៀបរាប់ថា បច្ចុប្បន្នអ្នកស្រីទទួលបានប្រាក់ខែគោលចំនួន២០០ដុល្លារអាមេរិក។
អ្នកស្រីបន្ថែមថា ប្រាក់ខែគោលបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចក្នុងគ្រួសារទេ ដូច្នេះអ្នកស្រីត្រូវខំធ្វើការបន្ថែមរយៈពេល២ម៉ោងជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃអាទិត្យ ដើម្បីបានប្រាក់ឈ្នួលបន្ថែមសម្រាប់ជួយទំនុកបម្រុងឪពុកម្តាយចាស់ជរា និងកូនៗរបស់អ្នកស្រីនៅស្រុកកំណើត។
អ្នកស្រីថ្លែងថា៖ «បើរាល់ថ្ងៃប្រាក់ខែ២០០ដុល្លារ ធ្វើអីអត់គ្រាន់ផងហ្នឹង។ បានតែបង់ថ្លៃផ្ទះ ថ្លៃចាយ គ្មានសល់អីផង ហើយម្អូបឥឡូវឡើងថ្លៃសឹងងាប់។ ស្អីក៏ឡើងថ្លៃដែរ»។
អ្នកស្រី ខេង រ៉ាទី ដែលមានស្រុកកំណើតក្នុងស្រុកពារាំង ខេត្តព្រៃវែង បានធ្វើការនៅរោងចក្ររយៈពេល៥ឆ្នាំមកហើយ តែជីវភាពនៅមិនទាន់មានភាពប្រសើរផង ហើយត្រូវសងបំណុលធនាគារជាងមួយលានរៀលជារៀងរាល់ខែទៀត។ ក្នុងស្ថានភាពប្រាក់ឈ្នួលនៅទាប អ្នកស្រីត្រូវក្បិតក្បៀតលើការទិញម្ហូបអាហារ។
អ្នកស្រីបន្ថែមថា៖ «ចង់ឱ្យរដ្ឋាភិបាលឱ្យប្រាក់ខែគោលបាន២១០ ឬ២២០អីមក ព្រោះអីវ៉ានឥឡូវឡើងថ្លៃណាស់ ប្រាក់ខែមិនទាន់ឡើងផង ថ្លៃផ្ទះជួលឡើងបាត់ហើយ! គ្រាន់មួយបន្ទប់៤០ដុល្លារ[បូក]ថ្លៃភ្លើង ថ្លៃទឹកអីគឺ៥០ដុល្លារ។ នៅកូនរៀន[ទៀត]»។
មិនមែនមានតែអ្នកស្រី ខេង រ៉ាទី ម្នាក់នោះទេ ដែលរអ៊ូរទាំអំពីស្ថានភាពខ្វះខាតរបស់ខ្លួន ពោលគឺ កម្មករ កម្មការិនីផ្សេងទៀត ដែលកំពុងបម្រើការងារនៅរោងចក្រ មួយចំនួនក្នុងទីក្រុងភ្នំពេញ ក៏បានលើកឡើងអំពីបញ្ហាស្រដៀងគ្នានេះដែរ។
កម្មការិនីម្នាក់ទៀតមកពីស្រុកមេសាង ខេត្តព្រៃវែង អ្នកស្រី វី ស្រីនិច ត្រូវធ្វើការថែមម៉ោងដល់ម៉ោង៦ជារៀងរាល់ថ្ងៃ ព្រោះប្រាក់ឈ្នួលគោលដែលទទួលបានមានចំនួន តិច ហើយត្រូវចំណាយច្រើនលើថ្លៃផ្ទះជួល ចិញ្ចឹមបីបាច់កូនម្នាក់និងតម្រូវការប្រើប្រាស់ផ្សេងៗទៀត។
កម្មការិនីវ័យ២៣ ឆ្នាំរូបនេះលើកឡើងថា៖«[បើឡើង]មួយដុល្លារ ធ្វើអីចេញទេបងអើយ!ចង់បាន២១០ ឬ២២០[ដុល្លារ]មក អាចចាត់ចែងសល់ ហូបចុកអីបានខ្លះ។ អ៊ីចឹង អាចទិញម្អូបទិញអី»។
អ្នកស្រីបន្ថែមថា៖ «ថែមម៉ោងម៉េច នៅបេះ បោចៗ[ខ្វះមុខខ្វះក្រោយ] ។បើអត់ថែមចប់ម៉ោងចប់ហើយ!»
លោក ប៉ិន ប៊ុនណា អាយុ២៩ឆ្នាំ ជាកម្មករដែលធ្វើការនៅរោងចក្រ ក្នុងតំបន់វេងស្រេងផងដែរនោះ បានរៀបរាប់ថា បច្ចុប្បន្ន ប្រាក់ឈ្នួលសរុបរបស់លោកមានចំនួន២៥០ដុល្លារអាមេរិក តែនៅមិនទាន់អាចដោះស្រាយបញ្ហាជីវភាពឱ្យបានល្អប្រសើរនៅឡើយទេ។
លោកថា លោកត្រូវចំណាយលើបន្ទប់ជួលនិងទឹកភ្លើងក្នុងមួយខែ៤០ដុល្លារ និងចំណាយម្ហូបអាហារថ្ងៃត្រង់មួយពេល៤០០០រៀលក្នុងមួយថ្ងៃ ហើយត្រូវផ្គត់ផ្គងប្អូនប្រុសម្នាក់ដែលកំពុងស្នាក់នៅជាមួយ។ លោកសង្ឃឹមថា ប្រាក់ឈ្នួលឆ្នាំ២០២៤នេះ អាចនឹងត្រូវបានដំឡើងឱ្យដល់២១០ដុល្លារ ឬច្រើនជាងនេះដើម្បីបន្ធូរបន្ទុកលើការចំណាយផ្សេងៗ រួមមានថ្លៃឈ្នួលផ្ទះ និងអីវ៉ាន់ប្រើប្រាស់ផ្សងទៀត។
លោកប្រាប់វីអូអេថា៖ «បាទ វាមិនអាចដោះស្រាយបានទេ ប៉ុន្តែវាអាចឡើងបានជាងមុនខ្លះអ៊ីចឹងបង ព្រោះអីវ៉ាន់យើងប្រើប្រាស់រាល់ថ្ងៃឡើងថ្លៃតាមសេដ្ឋកិច្ចដែរបង។ ដូចផ្ទះជួលអីអ៊ីចឹង ប្រាក់ខែឡើង ផ្ទះជួលក៏ឡើងដែរ»។
កម្មកររូបនេះ ស្នើឱ្យរដ្ឋាភិបាលមានវិធានការទប់ស្កាត់ កុំឱ្យម្ចាស់ផ្ទះដំឡើងថ្លៃជួលបន្ទប់ ព្រោះរាល់ពេលប្រាក់ឈ្នួលកម្មករត្រូវបានដំឡើង គឺម្ចាស់ផ្ទះ ក៏ដំឡើងថ្លៃជួលបន្ទប់ផងដែរ។
គិតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០២១ កម្មករទទួលបានប្រាក់ឈ្នួលអប្បបរមាគោលចំនួន១៩២ដុល្លារអាមេរិក ឆ្នាំ២០២២កម្មករទទួលបានចំនួន១៩៤ដុល្លារអាមេរិក ហើយនៅឆ្នាំ២០២៣កម្មករទទួលបានប្រាក់ឈ្នួលចំនួន២០០ដុល្លារអាមេរិក។
នៅពេលកម្មករបន្តទទួលបានប្រាក់ឈ្នួលក្នុងកម្រិតទាប ផលប៉ះពាល់ក៏មានទៅលើអាជីវករមួយចំនួនដែលលក់ដូរនៅតាមរោងចក្រ។
លោក គង់ ប៉ាវ អាយុ៤៥ឆ្នាំ ជាអ្នកលក់ដូរម្ហូបអាហារ និងភេសជ្ជៈអស់រយៈពេល១៥ឆ្នាំ នៅមុខរោងចក្រ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកបានឱ្យដឹងថា កម្មករមិនសូវមានជីវភាពធូរធាទេ ព្រោះលោកសង្កេតឃើញថា កម្មករម្នាក់ចំណាយត្រឹមតែ២០០០រៀល ទៅ៣០០០រៀលតែប៉ុណ្ណោះ លើម្ហូបអាហារក្នុងមួយពេល។
លោកលើកឡើងថា៖ «បើតាមខ្ញុំលក់រាល់ថ្ងៃនេះ កម្មករគាត់អស់សូវមានលុយមានកាក់ដែរ។ គាត់ចំណាយហូបម្តង សម្រាប់មួយពេល គឺ៣០០០[រៀល]ទេ ទាំងម្ហូបទាំងសម្ល មានបាយ មានម្ហូប។ អាហ្នឹងយើងលក់ជាកញ្ចប់។ ពួកគាត់ទិញយកទៅញាំអ៊ីចឹង ញាំនៅកន្លែងធ្វើការឬញាំនៅក្នុងរោងកន្លែងធ្វើការរបស់គាត់។ ហើយលក់លើសហ្នឹងក៏លក់អត់បានដែរ ព្រោះគាត់អត់លុយ។ ហើយអ្នកខ្លះមិនហ៊ានញាំ ទាំងញាំបាយទាំងម្ហូប៣៥០០ផង។ គាត់ជួនកាលទិញតែបាយអ៊ីចឹងទៅ។គាត់អាចមានម្ហូបរបស់គាត់ ឬក៏គាត់ទិញតែម្ហូប២០០០អីអ៊ីចឹងទៅ គាត់មានបាយរបស់គាត់»។
បើតាម លោក គង់ ប៉ាវ នៅពេលទំនិញលើទីផ្សារចេះតែឡើងថ្លៃ ហើយប្រាក់ឈ្នួលកម្មករនៅតែទាប អាជីវករក៏ពិបាកក្នុងការលក់ដូរយកចំណេញច្រើនពីកម្មករ។ដូច្នេះ លោកសុខចិត្តលក់ចំណេញបានតិចបំផុត ដើម្បីឱ្យកម្មករទទួលយកបាន ហើយលោកអាចយកចំណូលតិចតួចដែលបានពីការលក់នេះ ទៅទប់ការចំណាយថ្លៃផ្ទះជួល និងបង់ធនាគារ។
លោកថា៖ «យើងដឹងស្រាប់ហើយ ព្រោះកម្មករឥឡូវគ្នា អត់លុយ អត់កាក់ ដែរ អ៊ីចឹងទៅគ្នាមិនហ៊ានចំណាយអីលើសហ្នឹងទេ។ ហើយបើយើងលក់លើសហ្នឹងក៏ពួកគាត់ត្អូញត្អែរដែរ។ គាត់ថា យើងលក់ថ្លៃ។ ការលក់ដូររបស់យើងទោះបីតែអីវ៉ាន់ ទៅផ្សារ ដឹងស្រាប់ហើយសព្វថ្ងៃ អង្ករពីមុន យកចូលតែ១០ម៉ឺន ឬ១០ម៉ឺន៥ពាន់ តែឥឡូវឡើង១៣ម៉ឺន ១៣ម៉ឺន៥ពាន់។ ហើយតម្លៃយើងលក់នៅដដែល។ដល់អ៊ីចឹងយើងយ៉ាប់លក់មែនទែនរាល់ថ្ងៃនេះ»។
ខណៈមានការអំពាវនាវពីកម្មករឱ្យដំឡើងប្រាក់ឈ្នួលឱ្យដល់យ៉ាងតិច២១០ដុល្លារនោះ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ប្រាប់វីអូអេថា រដ្ឋាភិបាលនឹងសម្របសម្រួលជាបន្ត ពាក់ព័ន្ធនឹងការកំណត់ប្រាក់ឈ្នួល ដែលជាកាតព្វកិច្ចមានចែងក្នុងច្បាប់។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬ GMAC លោក ខេន លូ បាននៅឡើយទេ។
វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងគឺជាក្បាលម៉ាស៊ីននៃការនាំចេញទំនិញធំបំផុតលំដាប់ទីមួយសម្រាប់ប្រទេសកម្ពុជា។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មពីបណ្តាខេត្ត និងជនបទនានា ហើយបើគិតតែក្នុងរាជធានីភ្នំពេញមានកម្មករចំនួនជាង៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមក្រសួងការងារ។
កាលពីកន្លងទៅ វិស័យដ៏សំខាន់មួយនេះ បានរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩មួយផ្នែក ហើយមួយផ្នែកទៀត គឺដោយសារការបាត់បង់២០%នៃប្រព័ន្ធអនុគ្រោះពន្ធ«អ្វីៗទាំងអស់ លើកលែងតែសព្វាវុធ» ឬ EBA របស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធក្នុងប្រទេសកម្ពុជា។ វិស័យនេះក៏ពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក GSP ដែលនៅមិនទាន់ត្រូវបានបន្តជាថ្មីសម្រាប់ប្រទេសកម្ពុជាទេ៕