លោក ម៉េត សម្ផស្ស ជាកម្មកររោងចក្រកាត់ដេរម្នាក់នៅរាជធានីភ្នំពេញ ដែលត្រូវបានព្យួរការងារ តាំងពីពាក់កណ្តាលខែកក្កដាមក។ ការបាត់បង់ការងារនេះបានក្លាយជាក្តីបារម្ភមួយសម្រាប់លោក ដោយសារលោកត្រូវការប្រាក់ខែទៀងទាត់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោកប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា៖ «បាទឥឡូវព្យួរតើស៎បង កំពុងតែសម្រាកនៅផ្ទះ កំពុងតែប្រឈមបញ្ហាអត់ការងារធ្វើ»។
លោក ម៉េត សម្ផស្ស ជាកម្មករម្នាក់ក្នុងចំណោមកម្មករកម្ពុជារាប់ម៉ឺននាក់ទៀត ដែលត្រូវបានព្យួរពីការងារ ក្នុងពេលថ្មីៗនេះ។
បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ មានសភាពស្ងប់ស្ងាត់ កម្មករកម្មការិនីមួយចំនួនដែលបម្រើការក្នុងវិស័យវាយនភណ្ឌកាត់ដេរបានលើកឡើងអំពីបញ្ហាប្រឈមរបស់ពួកគេ នៅគ្រាដែលពួកគេមិនមានការងារធ្វើពេញលេញ និងមានការព្យួរការងារ ដែលធ្វើឱ្យពួកគេមិនអាចទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០០ ដុល្លារ ឬប្រាក់ចំណូលដែលពួកគេធ្លាប់ទទួលបានលើសពី ២០០ ដុល្លារ ទៅតាមការងារដែលពួកគេបំពេញ និងការធ្វើការថែមម៉ោង។
បម្រើការនៅរោងចក្រមួយឈ្មោះថា J.A.W លោក ម៉េត សម្ផស្ស អាយុ ៣៩ ឆ្នាំ ថ្លែងថា លោកបានទទួលប្រាក់ឧបត្ថម្ភពីក្រសួងការងារចំនួន ៤០ ដុល្លារ និងរោងចក្រចំនួន ៣០ ដុល្លារ ដែលលោកថា វាមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ការរស់នៅ និងម្ហូបអាហារប្រចាំថ្ងៃ។
លោកថ្លែងថា៖ «ទទួលបានតែគ្រាន់ថាយឺតយ៉ាវ វាអត់ដូចកាលកូវីដ។ អ៊ីចឹងយើងអត់ការងារហើយដល់ផ្តល់ជំនួយមកឧបត្ថម្ភ វាយឺតយ៉ាវទៀត វាប្រឈមបញ្ហាច្រើនសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ»។
មុនពេលលោកត្រូវបានព្យួរពីការងារ កម្មកររូបនោះទទួលបានប្រាក់ខែប្រមាណ ៤០០ ដុល្លារក្នុងមួយខែ ដែលអាចជួយសម្រួលបន្ទុកចំណាយប្រចាំថ្ងៃបានមួយកម្រិត។ លោកបន្តថា លោកបានព្យាយាមស្វែងរកការងារក្រៅម៉ោងបន្ថែមដែរ ប៉ុន្តែលោកមិនទាន់ទទួលបានការជ្រើសរើសនៅឡើយ។
លោកបន្ថែមថា៖ «ទៅរកដែរបងប៉ុន្តែរកអត់បាន រោងចក្រខ្លះវាប្រឈមអញ្ចឹងដែរ ណាមួយវាអត់តម្រូវជ្រើសរើសទៀត អ៊ីចឹងវាអត់បាន មានតែសម្រាកនៅផ្ទះ»។
ចាប់តាំងពីខែមករាដល់ខែសីហា ឆ្នាំ ២០២៣ រោងចក្រចំនួន ១៧៧ បានព្យួរកិច្ចសន្យាការងាររបស់កម្មករ ដែលសរុបប្រមាណ ១២ ម៉ឺននាក់។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។ លោកបន្តថា រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករចំនួន ៥ លើករួចមកហើយ ដោយសរុបជាថវិកាប្រមាណ ១ លានដុលា្លរសហរដ្ឋអាមេរិក។
បើតាមគោលការណ៍ រដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលត្រូវបានព្យួរពីការងារ ចំនួន ៤០ ដុល្លារក្នុងមួយខែ ហើយរោងចក្រផ្តល់ចំនួន ៣០ ដុល្លារក្នុងមួយខែ។
មិនខុសគ្នាពីលោក ម៉េត សម្ផស្ស អ្នកស្រី យ៉ន យឺត អាយុ ៤០ ឆ្នាំ ប្រាប់វីអូអេថា អ្នកស្រីត្រូវបានរោងចក្រកាត់ចំនួនថ្ងៃធ្វើការ ដោយក្នុងមួយសប្តាហ៍ អ្នកស្រីអាចធ្វើការបានត្រឹមតែ ៤ ឬ ៥ ថ្ងៃប៉ុណ្ណោះ ដែលនេះប៉ះពាល់ដល់ប្រាក់ឈ្នួលអប្បបរមារបស់អ្នកស្រី ដែលមានចំនួន ២០០ ដុល្លារអាមេរិកក្នុងមួយខែ។
ស្ត្រីដែលកំពុងបម្រើការនៅរោងចក្រ ត្រាកស៍ អឺភែរឹល (Trax Apparel) រូបនេះ លើកឡើងថា អ្នកស្រីត្រូវរោងចក្រកាត់ថ្ងៃធ្វើការតាំងតែពីដើមខែកក្កដា ហើយរោងចក្រប្រាប់ថា រហូតដល់ខែកញ្ញា ទើបអាចត្រឡប់ចូលធ្វើការពេញលេញវិញ។ ទោះជាយ៉ាងណា អ្នកស្រីមិនទាន់មានទំនុកចិត្តនៅឡើយទេថា អាចនឹងបានធ្វើការពេញលេញឬយ៉ាងណា។
អ្នកស្រីប្រាប់វីអូអេថា៖ «ក្នុងខែ ៧ គេកាត់ ៥ ថ្ងៃ ក្នុងខែ ៨ គេកាត់ ៦ ថ្ងៃ ហើយខែ ៩ គេកាត់ ៨ ថ្ងៃ។ អ៊ីចឹងគេនិយាយតែ ៣ ខែទេ ប៉ុន្តែជាក់ស្តែងនៅពេលខែ ១០ អីហ្នឹងនៅរង់ចាំមើលជាក់ស្តែង ព្រោះខាងក្រុមហ៊ុនបញ្ជាក់ថាខែ ១០ អាចមានអីវ៉ាន់ចូលមកតិចៗ អ៊ីចឹងយើងអាចធ្វើការ ឬក៏មិនអាចពេញ ឬកាត់បន្តទៀតក៏អត់ទាន់ដឹងដែរ»។
អ្នកស្រីបន្តថា អ្នកស្រីមិនបានទទួលប្រាក់ឧបត្ថម្ភពីក្រសួងការងារឡើយ ហើយអ្នកស្រីក៏មិនត្រូវបានរោងចក្រឱ្យតម្លៃប្រាក់ឈ្នួលធ្វើការពេញលេញផងដែរ ដោយបានត្រឹមតែ ៣០% ក្នុងមួយខែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «ធម្មតាជាទូទៅធ្វើការពេញថ្ងៃ បើធ្វើការពេញបានប្រាក់ខែពេញ ប៉ុន្តែគ្រាន់ខាងក្រុមហ៊ុនហ្នឹង គាត់ធ្វើការអត់ឱ្យយើង ១០០% ឬ ៥០% អីទេ គឺគាត់ឱ្យតែ ៣០% ក្នុងមួយថ្ងៃសម្រាប់តែការធ្វើការហ្នឹង»។
មេដឹកនាំសហជីពមួយចំនួនសង្កេតឃើញថា ការព្យួរការងារកម្មករ បណ្តាលមកពីវិបត្តិពិភពលោក ក្នុងនោះមានសង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ប៉ុន្តែពួកគេក៏លើកឡើងថា ការព្យួរការងារនៅពេលនេះ អាចជា «លេស» របស់ថៅកែរោងចក្រ ដែលពួកគេថាមានចេតនាគេចវេសមិនចង់ទូទាត់ប្រាក់អតីតភាពជូនកម្មករ។ នេះបើតាមប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់។
លោកប្រាប់វីអូអេថា ការបាត់បង់ ឬព្យួរការងាររបស់កម្មករ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើពួកគេ ហើយក្រុមហ៊ុន ឬរោងចក្រខ្លះបានបិទទា្វរ ឬព្យួរការងារកម្មករ ដោយមិនស្របតាមច្បាប់ការងារ។
លោកថ្លែងថា៖ «តាមច្បាប់គេអនុញ្ញាតឱ្យព្យួរតែពីរខែទេ ក្នុងករណីដែលលើសពីពីរខែគឺបង់លុយឱ្យកម្មករគ្រប់ ប៉ុន្តែដោយសារនិយោជកខ្លះគាត់ចេះតែព្យួរច្រើនទៅ ហើយអំឡុងកូវីដរដ្ឋាភិបាលអនុញ្ញាតឱ្យព្យួរខ្លះថែមបានទៅ ធ្វើឱ្យការព្យួរច្រើនជាហូរហែ ហើយក្រុមហ៊ុនខ្លះមិនត្រូវព្យួរក៏ព្យួរដែរ ដោយសារតែការធូររលុងនៃការអនុវត្តច្បាប់»។
លោក អាត់ ធន់ បញ្ជាក់បន្ថែមថា បញ្ហាដែលបណ្តាលឱ្យមានការព្យួរកិច្ចសន្យាការងាររបស់កម្មករ និងការបិទរោងចក្រ អាចមកពីវិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន ការកាត់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ហៅកាត់ថា EBA និងការមិនទាន់ទទួលបានប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិក ហៅកាត់ថា GSP ឡើងវិញ និងភាពចម្រូងចម្រាសនៃការបោះឆ្នោតរបស់កម្ពុជាដែលទើបបញ្ចប់នាពេលថ្មីៗនេះ។
លោកបន្ថែមថា៖ «ប៉ុន្តែខ្ញុំធ្លាប់ជួប buyer [អ្នកបញ្ជាទិញ] បន្ទាប់ពីសង្គ្រាមអ៊ុយក្រែន ហើយនិងរុស្សី ការមិនប្រាកដប្រជារឿង EBA និង GSP ក៏ជាបញ្ហាដែរ ហើយរឿងដែលវៀតណាមចុះកិច្ចព្រមព្រៀងទេ្វភាគីនាំចេញទៅអឺរ៉ុប និងត្រៀមទៅអាមេរិកដែលមិនយកពន្ធនេះក៏បញ្ហា ហើយយើងបោះឆ្នោតក៏បញ្ហាដែរ។ អ៊ីចឹងសុទ្ធតែជាបញ្ហាដែលអ្នកបញ្ជាទិញមួយចំនួន គាត់បង្កក order [ការបញ្ជាទិញ] រយៈពេលខ្លី រង់ចាំមើលស្ថានភាព»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬ GMAC បាននៅឡើយទេ។
សម្រាប់កម្មការិនីដែលបម្រើការនៅរោងចក្រដូចជា អ្នកស្រី យ៉ន យឺត ជំរុញឱ្យរដ្ឋាភិបាលថ្មីដោះស្រាយបញ្ហាព្យួរការងាររបស់កម្មករ និងជួយដោះស្រាយបញ្ហាទំនិញឡើងថ្លៃលើទីផ្សារ។
អ្នកស្រីថ្លែងថា៖ «បើសិនជាមានថ្នាក់ដឹកនាំថ្មី គាត់នឹងមើលមកកម្មករជួយសម្រាលកម្មករ ព្រោះអីសព្វថ្ងៃបញ្ហាកម្មករ ស្ថានការណ៍រស់នៅ កូនរៀន ហើយនិងការហូបចុក។ មួយទៀតថ្ងៃក្រោយទៅ ប្រសិនបើមានរដ្ឋាភិបាលថ្មីសង្ឃឹមថាទំនិញទីផ្សារអីអាចចុះថ្លៃសម្រាប់ពួកខ្ញុំកម្មករ»៕