សង្គមស៊ីវិល និងសហជីពការពារសិទ្ធិកម្មករជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករចាប់ពី២២០ដុល្លារអាមេរិកឡើងទៅ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគេ ខណៈតម្លៃទំនិញលើទីផ្សារនៅតែបន្តឡើងថ្លៃ។
ការអំពាវនាវរបស់ក្រុមអ្នកការពារសិទ្ធិកម្មករនេះ ធ្វើឡើងស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងការងារ និងភាគីពាក់ព័ន្ធពិភាក្សាលើការដំឡើងប្រាក់ឈ្នួលថ្មីរបស់កម្មករក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់និងស្បែកជើង សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅនាពាក់កណ្តាលខែតុលាខាងមុខនេះ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា រដ្ឋាភិបាលគួរតែមានយន្តការ និងការសិក្សាច្បាស់លាស់ទៅលើប្រាក់ឈ្នួលរបស់កម្មករនិយោជិត ធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលដែលពួកគេទទួលបានអាចសមស្របនឹងសេដ្ឋកិច្ចទីផ្សារបច្ចុប្បន្ន។
អ្នកស្រីថ្លែងថា៖ «ខ្ញុំស្នើសុំឱ្យរដ្ឋកំណត់ប្រាក់ឈ្នួលឱ្យកម្មករនិយោជិកហ្នឹងគឺឱ្យបានច្បាស់លាស់ ចង់និយាយថា ត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយបន្ទាប់មកឧទាហរណ៍ថា យើងសិក្សាគ្រប់ជ្រុងជ្រោយជាជំហានដំបូង ហើយថា ប្រាក់ឈ្នួលប៉ុណ្ណាដែលធ្វើឱ្យកម្មករនិយោជិតអាចចាយបាន ហើយបន្ទាប់មកឆ្នាំក្រោយៗ យើងមើលទៅលើអតិផរណាទីផ្សារអីផ្សេងៗ គឺយើងអាចដំឡើងឱ្យកម្មករនិយោជិតបានហើយ»។
អ្នកស្រីបន្តថា សម្រាប់ប្រាក់ឈ្នួលគោលដែលកម្មករនិយោជិតទទួលបាននាពេលបច្ចុប្បន្នចំនួន២០០ដុល្លារសហរដ្ឋអាមេរិក គឺមិនទាន់គ្រប់គ្រាន់នៅឡើយ។ អ្នកស្រីថា កម្មករត្រូវរ៉ាប់រងបន្ទុកជាច្រើន ហើយស្របពេលដែលទំនិញលើទីផ្សារកំពុងមានការកើនឡើងនោះ ពួកគេត្រូវកាត់បន្ថយការចំណាយលើម្ហូបអាហារដែលបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។
ជារៀងរាល់ចុងឆ្នាំ ក្រសួងការងារតែងសម្របសម្រួលឱ្យមានការកំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ ហើយនៅក្នុងឆ្នាំ២០២៣ ប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិតទទួលបាន ២០០ដុល្លារអាមេរិកក្នុងមួយខែ។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែងថា លោកមិនសង្ឃឹមថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងឆ្នាំ២០២៤ខាងមុខនេះមានការកើនឡើងច្រើននោះទេ ប្រសិនបើនៅតែមានការប្រើប្រាស់រូបមន្តកំណត់ប្រាក់ឈ្នួលដដែលនោះ។ ទោះយ៉ាងណាលោកថា រដ្ឋាភិបាលគួរតែមានការគិតគូរដំឡើងប្រាក់ខែជូនកម្មករឱ្យបានសមស្របទៅជីវភាពរបស់ពួកគេ ស្របទៅតាមទិដ្ឋភាពច្បាប់ការងារ។
លោកនិយាយថា៖ «ផ្អែកតាមរដ្ឋធម្មនុញ្ញ ប្រាក់ឈ្នួលនេះគឺជាការសម្រេចចិត្តផ្នែកនយោបាយ ដោយផ្អែកទៅនឹងកត្តាសង្គម និងសេដ្ឋកិច្ច។ ចំណុចមួយនេះវាគឺ ជាកាតព្វកិច្ចរបស់រដ្ឋក្នុងការធានាប្រាក់ឈ្នួលដែលអាចធានាដល់ជីវភាពរស់នៅការហូបចុកសមរម្យដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីធានាឱ្យពួកគាត់មានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស»។
លោក ឃុន ថារ៉ូ បន្ថែមថា កម្មករកម្មការិនីរោងចក្រមានជាប់បំណុលជាមធ្យមពីរកន្លែង ដែលបង្កឱ្យមានវិបត្តិផ្នែកសេដ្ឋកិច្ចរយៈពេលវែងសម្រាប់កម្មករ និងប្រជាពលរដ្ឋដែលមានចំណូលតិចតួច ខណៈកម្ពុជាមិនទាន់មានការកំណត់ប្រាក់ឈ្នួលសមរម្យនៅទ្បើយ។
លោកថា ក្រៅពីដំឡើងប្រាក់ខែជូនកម្មករ រដ្ឋាភិបាលក៏គួរយកចិត្តទុកក្នុងការធ្វើកំណែទម្រង់គោលនយោបាយស៊ីជម្រៅដើម្បីការការពារសិទ្ធិកម្មករ កុំឱ្យមានបញ្ហារំលោភសិទ្ធិការងារបន្តទៀត។
លោក ឃុន ថារ៉ូ ថា យោងតាមការស្រាវជ្រាវរបស់បណ្តាញប្រាក់ឈ្នួលអាស៊ីក្នុងឆ្នាំ២០២២ និងការសិក្សាស្រាវជ្រាវរបស់ក្រុមសហជីពស្តីពីស្ថានភាពគ្រួសារ និងការចំណាយក្នុងគ្រួសារជាមូលដ្ឋានរបស់កម្មករ ប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិតគួរតែត្រូវបានដំឡើងយ៉ាងហោចណាស់៣៧១ដុល្លារក្នុង១ខែ ក្នុងឆ្នាំ២០២៤នេះ។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករក្នុងរាជធានីភ្នំពេញថា ក្រសួងការងារត្រូវពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលដល់កម្មករអប្បបរមាឱ្យបានល្អ សម្រាប់ឆ្នាំ២០២៤ និងថា ត្រូវធ្វើកិច្ចការងារនេះឱ្យបានលឿន។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ត្រូវខិតខំការសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្រ្ត និងលក្ខណៈវិនិច្ឆ័យ ដែលចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ ត្រូវធ្វើឲ្យលឿន ធ្វើម៉េចឲ្យប្រជាពលរដ្ឋដឹងថា ឆ្នាំ២០២៤បានឡើង។ ពេលភ្ជុំបិណ្ឌគាត់អាចទៅប្រាប់ឪពុកម្ដាយគាត់ឆ្នាំក្រោយបានឡើងប៉ុណ្ណា …. ឲ្យបានតិច ឬច្រើនត្រូវតែឡើងជូនបងប្អូនប្រជាពលរដ្ឋ»។
វីអូអេ ពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបាននៅឡើយទេ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬ GMAC ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងដំណើរការមិនល្អនោះទេ ហើយការនាំចេញរបស់កម្ពុជាគិតត្រឹមខែកក្កដា ក្នុងឆ្នាំ២០២៣នេះបានធ្លាក់ចុះជិត២០%។ ទោះយ៉ាងណាលោកថា សមាគមកំពុងរង់ចាំពិនិត្យលទ្ធផលនៃការចរចាប្រាក់ឈ្នួលនេះ។
លោកប្រាប់វីអូអេជាភាសាអង់គ្លេសដោយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ការពិភាក្សា ឬការចរចានាពេលបច្ចុប្បន្នគួរតែស្ថិតក្នុងបរិបទនៃរបៀបដែលវិស័យនេះ និងសេដ្ឋកិច្ចអាចងើបឡើងវិញនៅឆ្នាំ២០២៤ ដែលនាំមកនូវការងារត្រឡប់មកវិញ និងម៉ោងធ្វើការពេញលេញ។ ការរក្សាបាននូវតម្លៃប្រកួតប្រជែងគឺមានសារៈសំខាន់ក្នុងការរក្សា និងនាំយកការបញ្ជាទិញមកវិញ។ យើងត្រូវរក្សាការប្រកួតប្រជែងតម្លៃពលកម្មតាមរយៈកម្រិតសមរម្យនៃប្រាក់ឈ្នួលអប្បបរមា និងការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងការកាត់បន្ថយការចំណាយខ្ពស់ផ្សេងទៀតដូចជា តម្លែការដឹកជញ្ជូនជាដើម»។
យ៉ាងណាមិញលោកថា អត្រាកំណើនប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ (២០១៣-២០២២) គឺមានចំនួន១០,៥% ខណៈដែលអត្រាកំណើនផលិតភាពមានត្រឹមតែ ០,១% តែប៉ុណ្ណោះ។
វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាក្បាលម៉ាស៊ីននៃការនាំចេញទំនិញធំបំផុតរបស់កម្ពុជា ដែលមានទីផ្សារធំនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជាង ៨០ ម៉ឺននាក់ ដែលភាគច្រើន គឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្ត និងជនបទ។ ប៉ុន្តែវិស័យនេះក៏កំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ និងសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនផងដែរ៕