ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​២១៥​ដុល្លារ​ដើម្បី​ទប់ទល់​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ដែល​បន្ត​កើន​ឡើង


រូប​ឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ជិះ​លើ​រថយន្ដ​ឈ្នួល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
រូប​ឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ជិះ​លើ​រថយន្ដ​ឈ្នួល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ កាលពី​ថ្ងៃ​ចន្ទ​ បាន​សម្រប​សម្រួល​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​លើក​ទី៣ ដោយ​តំណាង​ភាគី​កម្មករ​ និង​និយោជក​ បាន​បង្ហាញ​តួលេខ​ខុសៗ​គ្នា​លើ​ការ​កំណត់​ប្រាក់​ឈ្នូល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៤​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ។ ​នេះ​បើ​តាម​មេ​ដឹកនាំ​សហជីព​ និង​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល។​

ក្នុង​ការ​ចរចា​ជុំ​ទី​៣​នោះ​ ​តំណាង​ភាគី​និយោជក​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​១​ដុល្លារ​អាមេរិក ​បន្ថែម​លើ​ប្រាក់​ឈ្នួល​ឆ្នាំ​២០២៣ ​ដែល​មាន​ចំនួន​២០០​ដុល្លារ​ ខណៈ​ភាគី​កម្មករ​និយោជិត​ ចង់​បាន​ដល់​២១៥​ដុល្លារ​អាមេរិក​ ដែល​មាន​ន័យ​ថា​ ខាង​តំណាង​ភាគី​កម្មករ​ចង់​ដំឡើង​១៥​ដុល្លារ​បន្ថែម​ទៀត។ ​

តំណាង​ភាគី​កម្មករ​លើក​ហេតុ​ផល​ថា បើ​ប្រាក់​ខែ​គោល​កម្មករ​ទាប​ជាង​២១៥​ដុល្លារ​នោះ​កម្មករ​នឹង​មិន​អាច​រស់​នៅ​បាន​សម​រម្យទេ ​ព្រោះ​ថ្លែ​ទំនិញ​លើ​ទីផ្សារ​ក៏​ចេះ​តែ​បន្ត​កើន​ឡើង ​បូក​រួម​ការ​ចំណាយ​ផ្សេងៗ​ទៀត។​ តំណាង​ភាគី​និយោជក​ចង់​ដំឡើង​ត្រឹម​តែ​១​ដុល្លារ​ ព្រោះ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​សព្វ​ថ្ងៃ​មិន​អំណោយ​ផល​ ដល់​ផលិត​កម្ម​របស់​ខ្លួន ​ហើយ​ថា​ ការ​ដំឡើង​ចំនួន​ច្រើន​បែប​នោះ​នឹង​បង្ក​ការ​ខាត​បង់​ប្រាក់​ចំណេញ។ ​នេះ​បើ​តាម​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០២៤។​

យ៉ាង​ណា​ក៏​ដោយ​ ដោយ​សារ​អត្រា​អតិផរណា ​ឬ​ថ្លែ​ទំនិញ​លើ​ទីផ្សារ​ចេះ​តែ​បន្ត​កើន​ឡើង​នោះ​ តំណាង​ភាគី​កម្មករ​យល់​ថា​ លុះ​ត្រា​តែ​កម្មករ​និយោជិត​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​២៥០ ​ទៅ​ដល់៣៥០​ដុល្លារ​អាមេរិក ​ទើប​ពួក​គេ​អាច​រស់​នៅ​បាន​សម​រម្យ​ ​ដែល​ស្រប​ទៅ​តាម​ស្ថាន​ភាព​សេដ្ឋកិច្ច​សង្គម​បច្ចុប្បន្ន ​និង​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ។​

ខណៈ​មាន​ការ​ផ្តល់​តួលេខ​ខុសៗ​គ្នា​ពី​សំណាក់​ភាគី​សហជីព​ និង​ភាគី​ថៅ​កែ​រោង​ចក្រ​ នោះ ​ភាគី​រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​តួលេខ​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ទេ​ ពាក់​ព័ន្ធ​នឹង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នៅ​ឆ្នាំ​២០២៤។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​កញ្ញា។​

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ​អ្នក​ស្រី​ យ៉ាង សោភ័ណ្ឌ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​បើ​ទោះ​បី​ជា​ប្រាក់​ឈ្នួលអប្បបរមា​ នៃ​វិស័យ​វាយន​ភណ្ឌ​កាត់​ដេរ​សម្រាប់​ឆ្នាំ​២០២៤ ​ឡើង​ដល់​២១៥​ដុល្លារ​តាម​សំណើ​របស់​តំណាង​កម្មករ​និយោជិត​យ៉ាង​ណា​ក្តី​ ក៏​ប្រាក់​ឈ្នួល​នេះ ​នៅ​តែ​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​កម្មករ​និយោជិត​បាន​ដែរ។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ខ្ញុំ​អាច​និយាយ​បាន​ថា​ កម្មករ​និយោជិត​ទទួល​បាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​២៥០ ​ទៅ​ដល់​៣០០​ ឬ​៣៥០ ​ទើប​អាច​[ឱ្យ​] ​គាត់​យក​លុយ​ហ្នឹង​ទៅ​ចាយ​បាន។ ​ប៉ុន្តែ​គ្រាន់​ថា​មិន​ទាន់​អាច​ចាយ​បាន​គ្រប់​គ្រាន់​ទេ អត់​ទាន់​ថា​ ទៅ​ជា​លុយសល់ ​[ឬ]​គាត់​ចាយ​សល់​ គឺ​អត់​មាន​ទេ»។​

បើ​តាម​អ្នកស្រី​ យ៉ាង សោភ័ណ្ឌ ​ច្បាប់​ស្តីពី​ការងារ​ បាន​កំណត់​ថា​ ប្រាប់​ឈ្នួល​អប្បបរមា ​ត្រូវ​ធានា​ឱ្យ​ជីវភាព​កម្មករ​និយោជិត​ រស់​នៅ​ថ្លៃ​ថ្នូរ​ និង​សម​រម្យ​ក្នុង​សង្គម។​ ​ប៉ុន្តែ​អ្នកស្រី​កត់​សម្គាល់​ថា​ បច្ចុប្បន្ន ​កម្មករ​ ត្រូវ​ខំ​ធ្វើ​ការ​ថែម​ម៉ោង​ដល់​យប់ ​និង​ថែម​ម៉ោង​ចុង​សប្តាហ៍​និង​ថ្ងៃ​បុណ្យ​ ទើប​កម្មករ​អាច​ដោះ​ស្រាយ​សេដ្ឋ​កិច្ច​គ្រួសារ​របស់​ពួក​គេ​បាន។​ អ្នកស្រី​រៀប​រាប់​ទៀត​ថា​ កម្មករ​ ថែម​ទាំង​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​ហួស​កម្លាំង ​ទៅ​តាម​តម្រូវ​ការ​រោង​ចក្រ​សហ​គ្រាស​ផង​ដែរ​។​

អ្នកស្រី​បន្ថែម​ថា៖ ​«ប្រាក់​ឈ្នួល ​ដែល​គាត់​ទទួល​បាន​២០០​ដុល្លារ​ជាង​អី​នេះ​ ​ខ្ញុំ​គិត​ថា​មិន​ទាន់​អាច​ឱ្យ​ពួក​គាត់​យក​ទៅ​ចាយ​បាន [និង]​រស់​នៅ​បាន​សមរម្យ​ក្នុង​សង្គម​របស់​យើង​បាន​ទេ​ ហើយ​ប្រៀប​ធៀប​ទៅ​នឹង​អតិផរណា​ទី​ផ្សារ​ [ហើយ]​កម្លាំង​នៃ​ការ​ធ្វើ​ការងារ​របស់​កម្មករ​និយោជិត​ គឺ​ឃើញ​ថា ​សព្វ​ថ្ងៃ​ គាត់​ធ្វើការ​ងារហត់​ជាង​មុន​ឆ្ងាយ​ណាស់​ ពីព្រោះ​គេ​មាន​កំណត់​ចំនួន​ឱ្យ​គាត់​ធ្វើ​ ហើយ​បើ​គាត់​ធ្វើ​អត់​បាន​ទេ​ គេ​ត្រូវ​បង្ខំ​គាត់​ ហើយ​គាត់​ត្រូវ​ខំ​ទៅ​តាម​អ្វី​ដែល​គេ​បង្ខំ​គាត់​អ៊ីចឹង»។​

ដូច​គ្នា​នេះ​ដែរ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC)​ លោក ​អាត់ ធន់​ ប្រាប់​វីអូអេ​ថា​ ​មូល​ហេតុ​ដែល​តំណាង​និយោជិត ​កំណត់​ត្រឹម​២១៥​ដុល្លារ​ គឺ​ដោយ​សារ​ការ​ទាម​ទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល ​គឺ​មិន​អាច​ទាម​ទារ​ជា​គំហុក​បាន​ទេ។ ក៏​ប៉ុន្តែ​ លោក​យល់​ថា​ ​ប្រាក់​ឈ្នួល​អប្បបរមា​គោល​ ដែល​សមរម្យ​សម្រាប់​កម្មករ ​គឺ​ចន្លោះ​ពី២៥០ទៅ​៣០០​ដុល្លារ​អាមេរិក។​

លោក​ថ្លែង​ថា៖​«បច្ចុប្បន្ន​នៅ​ពេល​ដែល​គាត់​ប្រាក់​ខែ​មិន​គ្រប់​ គាត់​បង្ខំ​ចិត្ត​ធ្វើការ​ថែម​ម៉ោង​លើស​កំណត់​ ហើយ​ធ្វើ​ការ​ថ្ងៃ​អាទិត្យ ​ឬ​ថ្ងៃ​បុណ្យ​អ្វី​ផ្សេងៗ។ ហើយ​តាម​ពិត​ទៅ​២១៥ ​[ដុល្លារ]​នេះ ក៏​វា​នៅ​តែ​តិច​នៅ​ឡើយ​ទេ ​ក៏​ប៉ុន្តែ​យើង​អាច​និយាយ​ថា​ យើង​មិន​អាច​ទាម​ទារ​សម្រុក​តែ​ម្តង​ រហូត​ដល់​ចំនួន​ច្រើន​តែ​ម្តង​បាន​ទេ។ ​ហើយ​បើ​សិន​ជា​ មិន​បាន​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់​បែប​ហ្នឹង​ គឺ​កម្មករ​ពិត​ជា​មាន​ការ​ពិបាក​ក្នុង​ការ​រស់​នៅ​»។

រហូត​មក​ដល់​ពេល​នេះ ​ក្រសួង​ការងារ​មិន​ទាន់​បង្ហាញ​តួលេខ​ដែល​ភាគី​រដ្ឋាភិបាល​កំណត់​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា មេ​ដឹក​នាំ​សហជីព​លោក ​អាត់ ធន់​ ​ថា​ ប្រាក់​ឈ្នួល​ឆ្នាំ​២០២៤ ​ហាក់​មិន​ទាន់​មាន​ពន្លឺ​នឹង​ទទួល​បាន​ច្រើន​នោះ​ដែរ​ ប៉ុន្តែ​លោក​នឹង​ចាំ​មើល​បន្ថែម​ទៀត​ ថា​តើ​ប្រាក់​ឈ្នួល​នេះ ​នឹង​កើន​ឡើង​កម្រិត​ណា​ ជា​ពិសេស​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី ​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​ម៉ាណែត។​

លោក​លើក​ឡើង​ថា៖ ​«ទោះ​បី​យ៉ាង​ណា​ក៏ដោយ ​យើង​ចាំ​មើល​ តើ​រដ្ឋ​មន្ត្រី​ការ​ងារ​ថ្មី ​និង​នាយក​រដ្ឋ​មន្ត្រី​ថ្មី ​ចង់​ផ្ញើសារ​ឬ​ជា​កា​ដូរ​អ្វី​សម្រាប់​កម្មករ​នៅ​ពេល​ដែល​គាត់​ចូល​កាន់​តំណែង។ ​ហើយ​បើ​មិន​ដូច្នោះ​ទេ​ វា​ក៏​មិន​មែន​ជា​ការ​សាទរ​ពី​កម្មករ​ប៉ុន្មាន​ទេ»។​

បើ​តាម​លោក​ អាត់ ធន់ ​ការ​ចរចា​ប្រាក់​ឈ្នួល​នេះ ​គ្រោង​ធ្វើ​ឡើង​ចំនួន៣​ដង​ទៀត​ គឺនៅ​ថ្ងៃទី​១១ ​និង​ថ្ងៃទី​២៥​ ខែ​កញ្ញា ​និង​ថ្ងៃ​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី២ ​ខែ​តុលា​ ដែល​គ្រោង​បញ្ចប់​ ឱ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយពី​អគ្គ​លេខាធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​ឬ​ GMAC​លោក​ ខេន លូ​ បាន​នៅ​ឡើយ​ទេ។

ប៉ុន្តែ​លោក ​ខេន លូ ​ធ្លាប់​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ សមាគម​កំពុង​រង់​ចាំ​ពិនិត្យ​លទ្ធផល​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​នេះ​ ដោយ​ផ្អែក​លើ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ពិភព​លោក​ដែល​កំពុង​ដំណើរ​ការ​មិន​ល្អ ហើយ​ការ​នាំ​ចេញ​របស់​កម្ពុជា​គិត​ត្រឹម​ខែ​កក្កដា​ក្នុង​ឆ្នាំ​២០២៣​នេះ​ បាន​ធ្លាក់​ចុះ​ជិត​២០%។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ​ហេង សួរ​ រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​បាន​នៅ​ឡើយ​ដែរ។​

យ៉ាង​ណា​ក្តី​ រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ ក្រសួង​ការងារ​ នឹង​ព្យាយាម​សម្រប​សម្រួល​ឱ្យ​ភាគី​ទាំង​សង​ខាង​ យល់​គ្នា​ទៅ​វិញ​ទៅ​មក​ ​មុន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ឱ្យ​បាន​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ។ ​ នេះ​បើ​តាម​ឃ្លីប​វីដេអូ​ មួយ​ដែល​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​ក្រសួង​ការងារ​កាល​ពីថ្ងៃ​ទី​៤​ ខែ​កញ្ញា។​ ​

លោក​ ហេង សួរ ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ ក្នុង​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង​៥​នាទី​នោះ​ថា៖​ ​«ជា​រួម​ គឺ​យើង​ជា​អ្នក​សម្រប​សម្រួល ​យើង​មាន​តួលេខ​ ​ប៉ុន្តែ​យើង​មិន​ចង់​ឱ្យ​ភាគី​ទាំង​សង​ខាង​ផ្តោត​លើ​តួលេខ​ [ពី​ភាគី​រដ្ឋា​ភិបាល]​ទាំង​អស់​នោះ​ទេ»។​

កាល​ពី​ចុង​ខែ​សីហា ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​បន្ត​ខិត​ខំ​សម្រប​សម្រួល​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ផ្នែក​វាយន​ភណ្ឌ ​កាត់​ដេរ​ ផលិត​ស្បែក​ជើង ​និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប​សម្រាប់​ឆ្នាំ​២០២៤ ​ដោយ​ឈរ​លើ​លក្ខណៈ​វិទ្យា​សាស្ត្រ ​និង​លក្ខណៈ​វិនិច្ឆ័យ ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា ​ឱ្យ​បាន​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ ​បើ​ទោះ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​និយោជិត​បាន​តិច ​ឬច្រើន​ក្តី។​

គួរ​បញ្ជាក់​ថា ​ជា​រៀង​រាល់​ឆ្នាំ ​ក្រសួង​ការងារ ​តែង​តែ​សម្រប​សម្រួល​ ឱ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់​ដេរ។​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៣​ ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មករ​និយោជិត​ទទួល​បាន​២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ៕

XS
SM
MD
LG