ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ប្រកាន់​ជំហរ​តឹងរ៉ឹង​ចំពោះ​ចិន​លើ​ការ​ទាមទារ​ដែន​នាវា​ចរណ៍​សមុទ្រ


រូបឯកសារ៖ ស្ថានីយ៍យាមល្បាត​តាម​សមុទ្រ​របស់​វៀតណាម​នៅ​កោះ Truong Sa ឬដែល​ត្រូវបាន​ស្គាល់​ថា​ប្រជុំ​កោះ Spratly កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១០។
រូបឯកសារ៖ ស្ថានីយ៍យាមល្បាត​តាម​សមុទ្រ​របស់​វៀតណាម​នៅ​កោះ Truong Sa ឬដែល​ត្រូវបាន​ស្គាល់​ថា​ប្រជុំ​កោះ Spratly កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១០។

ប្រវត្តិ​នៃ​ការ​ធ្លាប់​ប្រើប្រាស់​ដែន​សមុទ្រ​ មោទនភាព​ជាតិ​ខ្ពស់​ និង​ប្រវត្តិសាស្រ្ត​នៃ​ជម្លោះ​ស្លាប់​រស់​រវាង​ចិន​ និង​វៀតណាម​ កំពុង​តែ​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម​ក្លាហាន​ពង្រឹង​កម្លាំង​របស់​ខ្លួន​នៅ​លើ​កោះ​មួយ​ចំនួន​បន្ថែម​ទៀត​ប្រមាណ​២២កោះ។

រដ្ឋាភិបាល​វៀតណាម​កំពុង​ពន្លូត​ផ្លូវ​យន្តហោះ​នៅ​លើ​កោះ​តូច​មួយ​ឲ្យ​កាន់​តែ​វែង​ ដើម្បី​ទប់ទល់​នឹង​ចិន​ដែល​ជា​ប្រទេស​ដ៏ធំ និង​មាន​ភាព​ខ្លាំងក្លា​ជាងគេ ក្នុង​ជម្លោះ​អធិបតេយ្យភាព​ដ៏​ធំ​បំផុត​មួយ​នៅ​តំបន់​អាស៊ី​ ស្របពេល​ដែល​ប្រទេស​តវ៉ា​ទាមទារ​ផ្សេងៗ​ទៀត​នៅ​ស្ងៀម​ ឬ​ស្វែងរក​ការ​ចរចា។

រដ្ឋាភិបាល​ទីក្រុង​ហាណូយ​កំពុង​ពន្លូតផ្លូវ​យន្ត​ហោះ​នៅ​លើ​កោះ​មួយ​នៃ​ប្រជុំកោះ ​Spartly​ ដែល​ជា​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ពួកគេ​បាន​ពន្លូត​ផ្លូវ​នេះ​ពី​៧៦២ម៉ែត្រ​ ទៅ​១.០០៥ម៉ែត្រ​ ហើយ​បាន​សាងសង់​ឃ្លាំង​ទុក​យន្តហោះ។ នេះ​បើ​តាម​ក្រុម​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​ និង​ការ​សិក្សា​អន្តរជាតិ​នៅ​សហរដ្ឋ​អាមេរិក (CSIS)។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ ផ្លូវ​យន្តហោះ​ដែល​វែង​ជាង​មុន​នេះ​ នឹង​ធ្វើឲ្យ​មាន​ការ​ងាយ​ស្រួល​ដល់​កងទ័ព​អាកាស​ក្នុង​ការ​ប្រើប្រាស់​យន្តហោះ​ស៊ើបការណ៍​របស់​ខ្លួន​នៅ​តំបន់​សមុទ្រ។

ប្រវត្តិ​នៃ​ការ​ធ្លាប់​ប្រើប្រាស់​ដែន​សមុទ្រ​ មោទនភាព​ជាតិ​ខ្ពស់​ និង​ប្រវត្តិសាស្រ្ត​នៃ​ជម្លោះ​ស្លាប់​រស់​រវាង​ចិន​ និង​វៀតណាម​ កំពុង​តែ​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម​ក្លាហាន​ពង្រឹង​កម្លាំង​របស់​ខ្លួន​នៅ​លើ​កោះ​មួយ​ចំនួន​បន្ថែម​ទៀត​ប្រមាណ​២២កោះ។

លោក​ Adam McCarty​ ប្រធាន​សេដ្ឋវិទូ​ប្រចាំ ​Mekong Economics នៅ​ទីក្រុង​ហាណូយ​បាន​និយាយ​ថា៖​

«វៀតណាម​ត្រូវ​តែ​ចូល​ប្រឡូក​ក្នុង​រឿង​នេះ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់។ វៀតណាម​មិនមែន​ចង់​បង្ក​រឿង​ជាមួយ​ចិន​ទេ​ ប៉ុន្តែ​ពួកគេ​ក៏​មិន​អាច​ឈរ​មើល​ចិន​ធ្វើ​អ្វី​តាម​ចិត្ត​នោះ​ទេ»។

រដ្ឋាភិបាល​ចិន​ក៏​បាន​បង្ក​រឿង​ជាមួយ​ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ តៃវ៉ាន់​ និង​ហ្វីលីពីន​តាំងពី​ឆ្នាំ​២០១០​មក ដោយ​បាន​ពង្រីក​តំបន់​សមុទ្រ​ខ្លួន​រហូត​ដល់​៣,៥លាន​គីឡូម៉ែត្រ​ការ៉េ។

ការ​ក្រោកឈរ​ប្រឆាំង​ប្រទេស​ចិន

ក៏ប៉ុន្តែ រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ​ទៀត​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​តាម​ធម្មតា​ នៅ​ពេល​កប៉ាល់​របស់​ចិន​បរ​កាត់​តំបន់​សមុទ្រ​របស់​ពួកគេ។ ជាក់ស្តែង​ ប្រទេស​ម៉ាឡេស៊ី​ សង្ឃឹម​ថា​នឹង​អាច​ការពារ​សកម្មភាព​ពាណិជ្ជកម្ម​ និង​ទំនាក់ទំនង​វិនិយោគទុន​ជាមួយ​នឹង​ចិន ដែល​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទី២​នៅលើ​ពិភពលោក​ ស្របពេល​ដែល​ប្រទេស​ព្រុយណេ​នៅ​ស្ងៀម​ស្ងាត់​ដែរ​នោះ។

ប្រទេស​ហ្វីលីពីន​ធ្លាប់​សម្តែង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ រហូត​ដល់​នាំ​យក​ករណី​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ចិន​ទៅ​កាន់​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ តែ​ក្រោយ​មក​បាន​ចាប់ផ្តើម​រក្សា​សន្តិភាព​ជាមួយ​ប្រទេស​ចិន​នៅ​ខែ​សីហា។ ភាគី​ទាំង​សង​ខាង​អាច​នឹង​រុករក​ធនធាន​ប្រេង​ក្រោម​បាត​សមុទ្រ​រួមគ្នា​ផង​ដែរ។

រដ្ឋាភិបាល​វៀតណាម​បាន​ចាក់ដី​នៅ​កោះ​ចំនួន​២៧​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ច្រើន​ជាង​ប្រទេស​ទាមទារ​តវ៉ា​ផ្សេងៗ​ទៀត​ទាំងអស់ បើ​ទោះ​ជា​ការ​ទាមទារ​កាន់កាប់​របស់​ចិន​ទទួល​ការ​ចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ច្រើន​ជាង​គេ​ក៏ដោយ។
តាម​ការ​កត់ត្រា​របស់​ក្រុម​អ្នក​វិភាគ​ រដ្ឋាភិបាល​វៀតណាម​ក៏​បាន​ទិញ​នាវា​មុជទឹក​ និង​ចំណាយ​ទៅ​លើ​ការ​ពង្រីក​កម្លាំង​យោធា​យ៉ាង​ច្រើន​ក្នុង​រយៈពេល​៨ឆ្នាំ​កន្លង​ទៅ​នេះ។

មូលហេតុ​ពិសេស​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ

ក្រុម​អ្នក​វិភាគ​និយាយថា​ ប្រទេស​វៀតណាម​ មិន​ទុក​ចិត្ត​ប្រទេស​ចិន​ ដោយសារ​មូលហេតុ​ប្រវត្តិសាស្រ្ត។ ភាគី​ទាំង​សង​ខាង​ធ្លាប់​បាន​ប្រយុទ្ធ​គ្នា​ដោយសារ​សង្គ្រាម​ព្រំដែន​នៅ​ឆ្នាំ​១៩៧៩​ ហើយ​ត្រូវ​បាន​រាយការណ៍​ថា ធ្លាប់​ប៉ះទង្គិច​គ្នា​៣ដង​ធំៗ​នៅ​តំបន់​សមុទ្រ។ ព្រឹត្តិការណ៍​នៅ​ប្រជុំ​កោះ​ Paracel​ នៅ​ឆ្នាំ១៩៧៤​ បាន​ធ្វើឲ្យ​កប៉ាល់​កងទ័ព​ជើង​ទឹក​របស់​វៀតណាម​លិច​ ខណៈពេល​ដែល​មេបញ្ជាការ​នាវា​មាន​វត្តមាន​នៅ​លើ​កប៉ាល់​នោះ​នៅ​ឡើយ​ ហើយ​បណ្តាល​ឲ្យ​ភាគី​ទាំង​សង​ខាង​បាត់បង់​ជីវិត​មនុស្ស​៧១នាក់។ ការ​ប្រយុទ្ធ​រវាង​កងទ័ព​ជើង​ទឹក​នៅ​ឆ្នាំ​១៩៨៨ ​បាន​បណ្តាល​ឲ្យ​កងទ័ព​វៀតណាម​បាត់​បង់​ជីវិត​មនុស្ស​៦៤នាក់។

ចាប់ពីឆ្នាំ​១៩៩២​ដល់​ឆ្នាំ​១៩៩៦​ រដ្ឋាភិបាល​វៀតណាម​បាន​រារាំង​ការ​ព្យាយាម​របស់​ចិន ក្នុង​ការ​ស្វែងរក​កោះ​នៅ​លើ​តំបន់​សមុទ្រ​ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ចិន​ចាប់ផ្តើម​មាន​អំណាច​ខ្លាំង​ឡើង​តាំង​ពី​ពេល​នោះ​មក​ ទោះបី​ជា​វៀតណាម​មាន​គម្រោង​ផ្សារ​ភ្ជាប់​ធនធាន​សមុទ្រ​ទៅ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ឆ្នេរ​របស់​ខ្លួន​នៅឆ្នាំ​២០០៧​ក៏​ដោយ។​

រូបឯកសារ៖ នាវា​បូម​ដី​របស់​ចិន​នៅ​តំបន់​ថ្ម​ប៉ប្រះទឹក Fiery Cross Reef នៅ​ក្បែរ​តំបន់​មាន​ជម្លោះ​ប្រជុំ​កោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ត្រូវបាន​ផ្តិត​យក​ជា​រូបភាព​ចេញ​ពី​វីដេអូ​ដែល​ថត​ដោយ​យន្តហោះ​ស៊ើបការណ៍ P-8A Poseidon របស់​កងទ័ព​ជើង​ទឹក​អាមេរិក កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។
រូបឯកសារ៖ នាវា​បូម​ដី​របស់​ចិន​នៅ​តំបន់​ថ្ម​ប៉ប្រះទឹក Fiery Cross Reef នៅ​ក្បែរ​តំបន់​មាន​ជម្លោះ​ប្រជុំ​កោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ត្រូវបាន​ផ្តិត​យក​ជា​រូបភាព​ចេញ​ពី​វីដេអូ​ដែល​ថត​ដោយ​យន្តហោះ​ស៊ើបការណ៍ P-8A Poseidon របស់​កងទ័ព​ជើង​ទឹក​អាមេរិក កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

កាលពី​ពីរ​ឆ្នាំ​មុន​ នាវា​ដឹក​ទំនិញ​តាម​សមុទ្រ​របស់​វៀតណាម​ និង​ចិន​បាន​បុក​គ្នា​នៅ​ឈូង​សមុទ្រ​ Tonkin​ ក្រោយ​ពេល​រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​កប៉ាល់​បូម​ប្រេង​មួយ​តម្លើង​ម៉ាស៊ីន​បូម​ប្រេង​នៅ​តំបន់​ខ្សែ​ទឹក​ត្រួត​ស៊ី​គ្នា។ ព្រឹត្តិការណ៍​បង្កើត​ការដ្ឋាន​បូម​ប្រេង​នេះ​ បាន​បណ្តាល​ឲ្យ​មាន​ក្រុម​កុបកម្ម​ប្រឆាំង​ប្រទេស​ចិន​នៅ​វៀតណាម​ និង​បណ្តាល​ឲ្យ​មនុស្ស​២១​នាក់​បាត់បង់​ជីវិត។

វៀតណាម​បាន​បាតុកម្ម​ជំទាស់​នឹង​ចិន​ដែល​បូមប្រេង​នៅ​តំបន់​ទឹក​ដដែល​នេះ​នៅ​ខែ​មេសា។

«ហេតុផល​ទី១​ ខ្ញុំ​គិត​ថា​ ប្រទេស​ទាំង​ពីរ​មាន​បទពិសោធន៍​អាក្រក់​កាលពី​អតីតកាល​ ដែល​វៀតណាម​ធ្លាប់​មាន​ការ​ប្រឈម​មុខ​ផ្ទាល់​ផ្នែក​យោធា​ជាមួយ​ប្រទេសចិន​ ដោយ​សារ​ការពារ​ផល​ប្រយោជន៍​តំបន់​សមុទ្រ​រៀងៗ​ខ្លួន»។

នេះ​បើ​តាម​សម្តី​របស់​លោក ​Andrew Yang​ អគ្គ​លេខាធិការ​នៃ​ក្រុម​ប្រឹក្សា​សិក្សា​គោលនយោបាយ​ជាន់​ខ្ពស់​ប្រទេស​ចិន​នៅ​តៃវ៉ាន់។

ការ​អះអាង​តាម​ប្រវត្តិសាស្រ្ត

ជនជាតិ​វៀតណាម​ធ្លាប់​ប្រើប្រាស់​ដែនទឹក​សមុទ្រ​ចិន​ខាង​ត្បូង​អស់រយៈ​ពេល​រាប់រយ​ឆ្នាំ​មក​ហើយ​ ដែល​នេះ​គឺ​ជា​ដើមហេតុ​នៃ​ស្មារតី​ជាតិ​និយម​នៅ​ក្នុង​ជម្លោះ​ជាមួយ​ប្រទេស​ចិន​សព្វថ្ងៃ​នេះ។ មុន​ពេល​វៀតណាម​ខាងជើង​ និង​ខាង​ត្បូង​រួបរួម​គ្នា​នៅ​ទស្សវត្សរ៍​ទី៨០​ វៀតណាម​ខាង​ត្បូង​បាន​រក្សា​កម្លាំង​យោធា​ និង​សហគមន៍​ស៊ីវិល​នៅ​ប្រជុំកោះ​ Spratly។ ការ​ទាមទារ​កាន់កាប់​តំបន់​សមុទ្រ​នោះ​ក៏​ដូចគ្នា​នឹង​ការ​ទាមទារ​របស់​ប្រទេស​ម៉ាឡេស៊ី​ និង​ហ្វីលីពីន​ផង​ដែរ។

លោក​ Andrew Yang បាន​បន្ថែមថា៖​

«ថ្នាក់​ដឹកនាំ​ប្រទេស​វៀតណាម​នៅ​តែ​ត្រូវ​ប្រកាន់​ខ្ជាប់​ប្រតិកម្ម​រហ័ស​ និង​ឆ្លើយតប​ជា​បន្ទាន់​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាជន​វៀតណាម។ គំនិត​ប្រឆាំង​នឹង​ប្រទេស​ចិន និង​មនោសញ្ចេតនា​ជាតិ​និយម​ខ្លាំង​នៅ​តែ​មាន​ក្នុង​ប្រទេស​វៀតណាម។ ហេតុ​នេះ​ហើយ​ ថ្នាក់​ដឹកនាំ​វៀតណាម​ក៏​ត្រូវ​បង្ហាញ​ថា ​ខ្លួន​តបត​ប្រឆាំង​នឹង​ចិន​វិញ​ ប៉ុន្តែ​ស្របពេល​នេះ​ដែរ​ ថ្នាក់​ដឹកនាំ​វៀតណាម​ក៏​ដឹង​ថា​ ពួកគេ​មិន​អាច​យាយី​ចិន​ញឹកញាប់​ពេក​ទេ​ បើ​មិន​ដូច្នោះទេ​ពួកគេ​ប្រាកដ​ជា​នឹង​ទទួល​ប្រតិកម្ម​ប្រឆាំង​មួយ​ដ៏​អាក្រក់»។

លោក​ McCarty ​និយាយ​ថា​ ក្រុម​មន្រ្តី​វៀតណាម​ធ្លាប់​ជឿ​ជាក់​ថា​ សមុទ្រ​ចិន​ខាង​ត្បូង​មាន​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​នៅ​តំបន់​ឆ្នេរ​ខាង​ត្បូង​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​រាថយ​ដោយសារ​តែ​តម្លៃ​នៃ​ការ​ចំណាយ​លើ​ការ​រុករក​មាន​តម្លៃ​ខ្ពស់។ ប្រទេស​វៀតណាម​គ្មាន​«ភាព​ជឿនលឿន»​លើ​ការ​នេសាទ​នៅ​សមុទ្រ​ជ្រៅ​ទេ​ ហើយ​នេះ​ជា​មូលហេតុ​សេដ្ឋកិច្ច​ដ៏​សាមញ្ញ​មួយ​ដែល​ប្រទេស​ផ្សេងៗ​បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​គេ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

លោក ​McCarty ​និយាយ​ថា​ ស្របពេល​ដែល​ប្រទេស​ចិន​សាងសង់​ព្រលាន​យន្តហោះ​នៅលើ​កោះ​តូច​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​តំបន់​ជម្លោះ​នេះ​ ប្រទេស​វៀតណាម​ក៏​ផ្តើម​ព្រួយ​បារម្ភ​ថា ​ការ​ទាមទារ​របស់​ខ្លួន​នឹង​ពិបាក​ការពារ​ផង​ដែរ។

ហាណូយ​ស្វែងរក​សន្តិភាព​ជាមួយ​ប៉េកាំង

ប្រទេស​វៀតណាម​នៅ​តែ​ចាត់​ទុក​ប្រទេស​ចិន​ជា​អ្នក​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​ឧស្សាហកម្ម​របស់ខ្លួន​ ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ហើយ​ប្រទេស​ចិន​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​វៀតណាម​ផង​ដែរ។

រដ្ឋាភិបាល​កុម្មុយនិស្ត​ទីក្រុង​ហាណូយ​បាន​បង្ក្រាប​កុបកម្ម​នៅឆ្នាំ​២០១៤​ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​រក្សា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ កាលពី​ខែកញ្ញា​ នាយក​រដ្ឋមន្រ្តី​ចិន​ លោក​ Li Keqiang​ និង​នាយក​រដ្ឋ​មន្រ្តី​វៀតណាម​ លោក​ Nguyen Xuan Phuc​ បាន​សន្យា​ថា​ នឹង​សម្រុះសម្រួល​ការ​ខ្វែង​គំនិត​គ្នា​របស់​ពួកគេ​ទៅ​លើ​ជម្លោះ​ដែន​សមុទ្រ។
ស្រប​ពេល​នេះ​ដែរ​ ប្រទេស​វៀតណាម​ក៏​កំពុង​រឹត​ចំណង​សន្តិសុខ​យ៉ាង​រឹងមាំ​ជាមួយ​ប្រទេស​ជប៉ុន​ ឥណ្ឌា​ និង​សហរដ្ឋ​អាមេរិក​ដើម្បី​ជា​យុទ្ធសាស្ត្រ​ការពារ​មួយ​ប្រឆាំង​នឹង​ប្រទេស​ចិន។

លោក​ Carl Thayer​ សាស្រ្តាចារ្យ​នយោបាយ​ចូល​និវត្តន៍​ម្នាក់​នៃ​សាកលវិទ្យាល័យ New South Wales នៅ​អូស្រ្តាលី​បាន​និយាយថា៖​

‍«ប្រទេស​វៀតណាម​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​លើស​ពី​ប្រទេស​ម៉ាឡេស៊ី​ ហើយ​លើសពី​ប្រទេស​ហ្វីលីពីន​ច្រើន​ណាស់​ ក្នុង​ការ​ដើរតួ​ជា​អ្នក​រារាំង​(ប្រទេស​ចិន)»។
កាលពី​ខែ​ឧសភា​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​លុបចោល​ការ​បញ្ឈប់​ការ​លក់​សព្វាវុធ​ឲ្យ​ប្រទេស​វៀតណាម ដែល​មាន​រយៈកាល​៣០ឆ្នាំ ហើយ​បាន​ផ្តល់​ជំនួយ​យោធា​ក្នុង​ទឹក​ប្រាក់​ចំនួន​១៨លាន​ដុល្លារ​បន្ថែម​ទៀត។ ប្រទេស​ជប៉ុន​ក៏​កំពុង​បញ្ជូន​កប៉ាល់​ល្បាត​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ។
ប្រទេស​ចិន​ ជ្រើសរើស​ការ​ពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ប្រទេស​ទាមទារតំបន់​ជម្លោះ​សមុទ្រ​ ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ ហើយ​ក៏​បាន​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​លើ​ការ​លូកដៃ​របស់​សហរដ្ឋ​អាមេរិក​ចូល​ក្នុង​រឿង​នេះ។

លោក​ Thayer ឲ្យ​ដឹង​ថា៖

«ប្រទេស​វៀតណាម​បាន​នឹង​កំពុង​បន្ត​ចរចា​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ ប៉ុន្តែ​វៀតណាម​ក៏​ចង់​ឲ្យ​ឃើញ​មាន​រូបភាព​ផ្សេង​ពី​នេះ គឺ​មាន​ភាគី​ទី៣​ដែល​មាន​សិទ្ធិ​ចូលរួម​អាច​ចូល​រួមផង​ដែរ»៕

ប្រែ​សម្រួល​ដោយ វិញ​ សុជាតា

XS
SM
MD
LG