ប្រទេសហ្វីលីពីននឹងសាងសង់កំពង់ផែថ្មីមួយនៅក្នុងសមុទ្រចិនខាងត្បូងនៅឆ្នាំក្រោយនេះ ដែលនេះជាជំហានមួយក្នុងការជំរុញដល់ការទាមទារយកផ្នែកមួយចំនួននៃសមុទ្រនេះ។ នេះបើយោងតាមក្រុមមន្ត្រីហ្វីលីពីន។
ក្រុមអ្នកវិភាគនិយាយថា នេះជាដំណើរវិវឌ្ឍន៍មួយដែលទំនងជានឹងធ្វើឲ្យមានប្រតិកម្មពីប្រទេសដទៃទៀតដែលទាមទារយកដែនសមុទ្រខាងត្បូងនេះ ជាពិសេសគឺប្រទេសចិនតែម្តង។
ប៉ុន្តែលោក Eugenio Bito-onon អតីតអភិបាលក្រុង Kalayaan ដែលជាក្រុងតូចជាងគេបំផុតរបស់ហ្វីលីពីននៅលើប្រជុំកោះ Spratly បាននិយាយថា កំពង់ផែនេះនឹងត្រូវសាងសង់ឡើងដើម្បីឲ្យកោះ Thitu កាន់តែងាយស្រួលចេញចូលសម្រាប់ប្រជាពលរដ្ឋប្រហែល២០០នាក់ ដែលភាគច្រើនពួកគេជាអ្នកនេសាទត្រី ហើយក៏មានទាហានឆ្លាស់វេនគ្នាប្រមាណ៥០នាក់ដែលរស់នៅលើកោះនោះ។
ក្រុមមន្ត្រីហ្វីលីពីននិយាយថា កំពង់ផែថ្មីនេះនឹងមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការចេញចូលទៅកាន់កោះដាច់ស្រយាលទាំង១០ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការចេញចូលទៅកោះតូចៗទាំង៨ ថ្មប៉ប្រះទឹក និងខ្សាច់ដែលហ្វីលីពីនបានទាមទារយក នៅក្នុងប្រជុំកោះ Spratlys ផងដែរ។
លោក Johnny Pimentel តំណាងរាស្ត្រហ្វីលីពីនបានមានប្រសាសន៍ថា រដ្ឋាភិបាលក្រុងម៉ានីលបានត្រៀមទឹកប្រាក់ចំនួនប្រមាណ៩លានដុល្លារសម្រាប់ការងារសាងសង់កំពង់ផែនេះ។
លោក Pimentel បានមានប្រសាសន៍យ៉ាងដូច្នេះថា «កំពង់ផែនេះនឹងជួយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមកតាំងលំនៅលើកោះហ្វីលីពីនដែលនៅដាច់ស្រយាលមួយនេះ»។
ក្រុង Kalayaan រួមមានកោះ កូនកោះតូចៗ និងថ្មប៉ះប្រះទឹកសរុបចំនួន៩៥ នៅចំកណ្តាលសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនទាមទារយក៕