ការរុករកប្រេងនិងឧស្ម័នធម្មជាតិត្រូវបានគេមើលឃើញថា ជាកត្តាមួយដែលជំរុញឲ្យមានជម្លោះអះអាងដណ្តើមយកសមុទ្រចិនខាងត្បូងជាមួយនឹងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ពឹងផ្អែកច្រើនទៅលើការនាំចូលប្រេងឥន្ធនៈនាពេលបច្ចុប្បន្ន។ ប៉ុន្ដែគ្មានប្រទេសណាមួយបានទាញយកប្រេងរឬឧស្ម័ននៅក្នុងតំបន់សមុទ្រដែលមានទំហំ៣.៥លានគីឡូម៉ែត្រក្រឡាដែលលាតសន្ធឹងពីតៃវ៉ាន់ទៅប្រទេសសិង្ហបុរី បើទោះបីជា មានការរំពឹងទុកតាំងពីឆ្នាំ១៩៧០នោះក៏ដោយ ។
ក្រុមអ្នកវិភាគដែលតាមដានជម្លោះសមុទ្រចិនខាងត្បូងបានលើកឡើងថាបញ្ហាអធិបតេយ្យភាពជាតិគឺជាហេតុផលចម្បងដែលប្រទេសនានារុករកប្រេងនិងឧស្ម័ន។ ប្រទេសព្រុយណេ ចិន ម៉ាឡេស៊ី និង ប្រទេសវៀតណាម ធ្វើការរុករករ៉ែដោយខ្លួនឯង។ រដ្ឋាភិបាលហ្វីលីពីន បានទទួលយកការដេញថ្លៃរុករកប្រេងនៅក្នុងឆ្នាំ ២០១៤ពីក្រុមហ៊ុនឯកជនមួយចំនួន។
លោក Fabrizio Bozzato អ្នកស្រាវជ្រាវឯកទេសខាងកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់បានថ្លែងថា៖
«សមុទ្រចិនខាងត្បូងមិនមែនជាអារ៉ាប៊ីសាអូឌីត វាមិនមែនជាប្រទេសអ៊ីរ៉ាក់ ហើយវាមិនមែនតំបន់មជ្ឈិមបូព៌ានោះទេ។ គោលបំណងសំខាន់នៃការទាមទារដើម្បីឱ្យក្លាយជាម្ចាស់តំបន់នោះ គឺមិនមែនដោយសារតែពួកគេចង់ចូលយកប្រេងនិងឧស្ម័ននៅក្នុងតំបន់នេះនោះទេ។ ការអភិវឌ្ឍធនធានអ៊ីដ្រូកាបូននៅក្នុងសមុទ្រចិនខាងត្បូងនឹងក្លាយជាវិធីមួយដើម្បីកំណត់ដែនបូរណភាពទឹកដី»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសហ្វីលីពីនបានឲ្យដឹងថា ការរុករកប្រេងឥន្ធនៈផូស៊ីលធ្វើឡើងកាលពីខែតុលានៅពេលដែលរដ្ឋាភិបាលក្រុងម៉ានីលនិងរដ្ឋាភិបាលក្រុងប៉េកាំងចាប់ផ្តើមពិភាក្សាទៅលើការរុករកប្រេងរួមគ្នា។ កិច្ចពិភាក្សានេះគឺជាផ្នែកមួយនៃការកសាងឡើងវិញនូវទំនាក់ទំនងដែលត្រូវបានអាប់អួចាប់តាំងពីឆ្នាំ ២០១២ នៅពេលដែលនាវានៃភាគីទាំងពីរបានជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នានៅតំបន់ Scarborough Shoal នៅភាគខាងលិចនៃកោះLuzon។
សម្រាប់ភាគីតៃវ៉ាន់វិញដែលបានទាមទារផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូងថាជារបស់ខ្លួនដែរនោះ អតីតប្រធានាធិបតីបានស្នើការរុករកធនធានរួមគ្នាជាមួយនឹងគូប្រជែងទាមទារនានាផងដែរ។
ប៉ុន្តែសកម្មភាពនៃការរុករកប្រេងនិងឧស្ម័ននេះបានបង្ហាញសញ្ញានៃការត្រួតត្រាលើមួយផ្នែកនៃសមុទ្រមួយដែលត្រូវបានខួងរករ៉ែ នេះបើយោងតាមក្រុមអ្នកវិភាគដែលបានថ្លែងដោយផ្អែកលើជម្លោះជាបន្តបន្ទាប់។
នៅពេលដែលប្រទេសហ្វីលីពីនរកឃើញឧស្ម័ននៅកោះ Palawan កាលពីឆ្នាំ ១៩៧៦ ប្រទេសចិនបានប្តឹងនិងបានធ្វើឲ្យគម្រោងនេះជាប់គាំង។ ការដាក់ទីតាំងស្ថានីយ៍ខួងប្រេងនៅឈូងសមុទ្រមួយរបស់ចិននៅក្នុងឆ្នាំ២០១៤បាននាំឱ្យមានឧបទ្ទវហេតុទូកបុកជាមួយទូកមកពីប្រទេសវៀតណាម និងបានបណ្តាលឲ្យផ្ទុះឡើងនូវកុបកម្មប្រឆាំងនឹងចិនដែលបានបង្កឲ្យមានមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិត។ វៀតណាមបានតវ៉ាជាផ្លូវការទៅលើការដ្ឋានខួងឧស្ម័នរបស់ចិនមួយទៀតកាលពីខែមេសាឆ្នាំ២០១៦នេះ។
លោក Carl Baker នាយកកម្មវិធីវេទិកាប៉ាស៊ីហ្វិកនៃមជ្ឈមណ្ឌល CSIS នៅទីក្រុង Honoluluបានថ្លែងថា ការរុករករ៉ែរួមគ្នានឹងបញ្ជាក់អំពីសម្បទានអធិបតេយ្យភាពមួយ។
«ប្រហែលជាមានការលើកទឹកចិត្តតិចតួចប៉ុណ្ណោះសម្រាប់ប្រទេសទាំងនេះដើម្បីធ្វើឲ្យប្រាកដថាអាចធ្វើការរួមគ្នានិងព្យាយាមរុករករ៉ែ ពីព្រោះវាលំបាកខ្លាំងណាស់ដើម្បីឲ្យប្រទេសទាំងនោះព្រមព្រៀងគ្នាបាន ដោយសារតែវាតម្រូវឱ្យមានការទទួលស្គាល់សិទ្ធិក្នុងការទាញយកធនធានទាំងនោះ ដែលមានន័យថាពួកគេត្រូវបោះបង់ចោលអធិបតេយ្យភាពមួយចំនួន។ សម្រាប់ប្រទេសចិននេះ ការធ្វើបែបនេះគឺជាការលំបាកខ្លាំងណាស់ ហើយសម្រាប់ប្រទេសហ្វីលីពីន និងប្រទេសវៀតណាមវិញ ពួកគេបានមើលឃើញថា ការធ្វើបែបនេះនឹងបង្កើតឱ្យមានបញ្ហានៅក្នុងស្រុកផងដែរ»។
ប្រទេសហ្វីលីពីនបានចាប់ផ្តើមរុករកប្រេងនៅភាគខាងលិចនៃកោះ Palawan នៅតំបន់ Reed Bank កាលពីជាង ៤០ ឆ្នាំមុន។ នៅឆ្នាំ១៩៨៤ក្រុមហ៊ុនហ្វីលីពីន មួយបានរកឃើញកន្លែងដែលមានប្រេងនៅតំបន់ដូចគ្នាហើយវាផ្តល់ប្រេងចំនួន១៥% នៃការប្រើប្រាស់ប្រេងប្រចាំឆ្នាំនៅក្នុងប្រទេសហ្វីលីពីន។
ទីភ្នាក់ងារព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក ឬ US Energy Information Agency បានធ្វើការប៉ាន់ប្រមាណថា មានប្រេងប្រមាណ១១ពាន់លានបារ៉ែលនិងឧស្ម័នធម្មជាតិប្រមាណ៥.៣លានលានម៉ែត្រគូបនៅបាតសមុទ្រ។ ភាគច្រើននៃរ៉ែទាំងនោះស្ថិតនៅតំបន់ជាប់ឆ្នេរសមុទ្រនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទាមទារកម្មសិទ្ធិនៅក្នុងដែនសមុទ្រ ដែលមិនមានជម្លោះ។ លោក Baker បានឱ្យដឹងថាភាគច្រើននៃថាមពលដែលមានសក្តានុពលនោះមិនទាន់ត្រូវបានរកឃើញនៅឡើយនោះទេ។
ទីភ្នាក់ងារព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកU.S. Engergy Information បានប៉ាន់ស្មានថា ប្រទេសអារ៉ាប៊ីសាអូឌីត មានប្រេងប្រមាណ ២៦៨ពាន់លានបារ៉ែល ហើយប្រទេសអ៊ីរ៉ាក់ មានប្រមាណ១៤៤ ពាន់លានបារ៉ែល។ ប្រទេសរុស្ស៊ី នាំមុខគេនៅក្នុងពិភពលោកផ្នែកឧស្ម័នធម្មជាតិគឺមានប្រមាណជាង១៤០លានលានម៉ែត្រគូប។
ក្រុមអ្នកវិភាគបានបន្ថែមថា ការធ្លាក់ចុះនៃតម្លៃប្រេង និងការចំណាយក្នុងការទាញយករ៉ែប្រេងឥន្ធនៈពីក្រោមបាតសមុទ្រ គឺជាកត្តាដែលធ្វើឲ្យតម្លៃនៃការនាំចេញពីការរកឃើញនៅបាតសមុទ្រមានកំណត់។ លោក Oh Ei Sun គ្រូបង្រៀនជំនាញសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ Singapore Nanyang Universityបានថ្លែងថា ប្រទេសម៉ាឡេស៊ីដែលជាប្រទេសទាមទារភាពជាដែនសមុទ្រទាំងនោះ គឺជាប្រទេសដែលមានឥន្ធនៈផូស៊ីលច្រើនបំផុតរហូតមកទល់ពេលបច្ចុប្បន្ននេះ តំបន់មួយចំនួនក្នុងប្រទេសនេះកំពុងត្រូវបានគេរុករករ៉ែ។ ប្រទេសម៉ាឡេស៊ីមានប្រេងប្រមាណ ៥ពាន់លានបារ៉ែលនិង មានឧស្ម័នធម្មជាតិប្រមាណជាង២ពាន់លានលានម៉ែត្រគូប។
លោក Oh បានថ្លែងថា៖
«បើទោះបីជាអ្នករកឃើញប្រភពថ្មីនៃប្រេងនិងឧស្ម័ន អ្នកនឹងនៅតែត្រូវចំណាយប្រាក់យ៉ាងច្រើនទៅលើឧបករណ៍និងធនធានផ្សេងទៀតដើម្បីរុករករ៉ែទាំងនោះ ដូច្នេះបញ្ហាបន្ទាន់នាពេលនេះ គឺការទាមទារឲ្យរកប្រភពថ្មីនៃប្រេងនិងឧស្ម័នទៅវិញទេ ហើយខ្ញុំគិតថាប្រភពថ្មីនោះមានមិនច្រើននោះទេ»។
ប្រែសម្រួលដោយ ផន បុប្ផា