ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបាននិយាយកាលពីថ្ងៃពុធម្សិលមិញថាប្រ ទេសរបស់លោកចាំបាច់ស្ថាបនាទំនុកចិត្តជាមួយសហរដ្ឋអាមេរិកមុនពេលសង្គ្រាម៣ឆ្នាំរបស់ប្រទេសលោកលើអ៊ុយក្រែនដែលជាប្រទេសជិតខាងអាចត្រូវបានដោះស្រាយ។
លោក Putin បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងទីក្រុង Saint Petersburg ថា លោកសប្បាយចិត្តអំពីលទ្ធផលនៃការចរចាកម្រិតខ្ពស់រវាងពួកមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេ រិកនិងរុស្ស៊ីនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃអង្គារដែលចាត់ទុកការចរចានោះថាជា«លទ្ធផលល្អប្រសើរ»ហើយប្រកាសថាការចរចាទាំងនេះជា«ជំហានដំបូង»នៅក្នុងការធ្វើឱ្យប្រសើឡើងនូវទំនាក់ទំនងដែលមានភាពតានតឹងរវាងរដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ក៏ប៉ុន្តែ លោក Putin បានបន្ថែមទៀតថា«វាមិនអាចទៅរួចទេដើម្បីដោះស្រាយបញ្ហាជាច្រើននោះ រួមទាំងវិបត្តិអ៊ុយក្រែន ដោយមិនមានការបង្កើនកម្រិតនៃការទុកចិត្តរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនោះ»។
លោក Putin បាននិយាយនៅក្នុងកំណត់សម្គាល់ផ្សាយតាមទូរទស្សន៍ថាលោកចង់រៀបចំជំនួបកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump «ក៏ប៉ុន្តែ រឿងនេះចាំបាច់ត្រូវធ្វើការប្រុងប្រៀបដែលធ្វើឱ្យទទួលបានលទ្ធផល»។
នៅក្នុងការចរចានៅរាជធានីរីយ៉ាតដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov គឺជាការពិភាក្សាដ៏សំខាន់លើកដំបូងរវាងមហាអំណាចផុតលេខទាំង២ក្នុងរយៈពេលជាង ៣ឆ្នាំនេះបន្ទាប់ពីការឈ្លានពាននៅឆ្នាំ២០២២របស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនហើយការខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបំពាក់អាវុធដល់កងទ័ពរបស់រដ្ឋាភិបាលក្រុងកៀវដើម្បីទប់ទល់ការវាយប្រហារនេះ។
គ្មានមន្ត្រីអ៊ុយក្រែនឬអឺរ៉ុប ស្ថិតនៅឯតុចរចាក្នុងព្រះបរមរាជវាំងអារ៉ាប់ប៊ីសាអូឌីតទេ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបាននិយាយថាពួកគេនឹងចូលរួមក្នុងការចរចានៅថ្ងៃអនាគតដើម្បីព្យាយាមដើម្បីបញ្ចប់ជម្លោះដ៏ប្រល័យបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ រដ្ឋាភិបាលក្រុងមូស្គូបានចាប់ផ្តើមឈ្លានពានអ៊ុយក្រែនរយៈពេល៣ឆ្នាំនៅសប្តាហ៍ក្រោយ៕